ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឱ្យ​សរសើ​មែន ! បុរស​ម្នាក់​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ធ្វើ​ឱ្យ​កក្រើក​ខេត្ត​ប៉ៃលិន

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​បុរស​ម្នាក់​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ដោយ​បាន​រៀបចំ​បង្កើត​ជា​រហាត់ទឹក​ដ៏​ធំ​មួយ​ដើម្បី​ទាញ​យក​ថាមពល​វា​រី​អគ្គិសនី​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ អាច​បូមទឹក​ស្ទឹង​ផលិត​ជា​ទឹក​ស្អាត ដាក់​លក់​ចែកចាយ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​តាម​ភូមិ​នានា​មួយ​ចំនួន​នៅ​ក្នុង​ក្រុងប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​បុរស​ម្នាក់​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ដោយ​បាន​រៀបចំ​បង្កើត​ជា​រហាត់ទឹក​ដ៏​ធំ​មួយ​ដើម្បី​ទាញ​យក​ថាមពល​វា​រី​អគ្គិសនី​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ អាច​បូមទឹក​ស្ទឹង​ផលិត​ជា​ទឹក​ស្អាត ដាក់​លក់​ចែកចាយ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​តាម​ភូមិ​នានា​មួយ​ចំនួន​នៅ​ក្នុង​ក្រុងប៉ៃលិន ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ខណៈ​ដែល​រហាត់ទឹក​កំពុង​តែ​វិល​ចុះ​វិល​ឡើង​គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​នាំ​គ្នា​ទៅ​លេង​កំសាន្ត​យ៉ាង​សប្បាយ​ជា​ច្រើន​កុះករ ។ 

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ចាន់ ថា​នី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ដោយសារ​តែ​លោក​សង្កេត​ឃើញ​ទឹកស្ទឹង​ប​យ៉ា​ខា​ហូរ​ធ្លាក់​រហូត​លោក​ក៏​មានគំនិត​ច្នៃប្រឌិត​រហាត់ទឹក​នេះ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ គឺ​ក្នុង​គោលបំណង​ទាញ​យក​ថាមពល​វា​រី​អគ្គិសនី​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ក្នុង​ក្រុម​គ្រួសារ​ប្រចាំ​ថ្ងៃ ហើយ​ក៏​អាច​បូម​យក​ទឹកស្ទឹង​ដាក់​ក្នុង​អាង​ស្តុក​ទឹក​ដើម្បី​ផលិត​ជា​ទឹក​ស្អាត​លក់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិប​ហ៊ុយ​ជើង ប​ហ៊ុយ​ត្បូង ប​តាំង​ស៊ូ ភូមិប​យ៉ា​ខា និង​អូរ​ច្រា​លិច សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន រហូត​ដល់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ផង​ដែរ ។ លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដំណើរការ​រហាត់ទឹក​នេះ រួច​មក​ស្រាប់តែ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ក្នុង​ក្រុងប៉ៃលិន និង​ខេត្ត​នានា​មួយ​ចំនួន​ទៅ​លេង​កំសាន្ត និង​ថត​យក​រូបភាព​យ៉ាងច្រើន​កុះករ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ​រហាត់ទឹក​របស់​លោក​បាន​បែក​ប៉ា​ដាង មិន​អាច​បូមទឹក​បន្ត​ទៀត​នោះ​ឡើយ ហើយ​លោក​នឹង​រៀបចំ​ធ្វើការ​ជួសជុល​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​បន្ត​អាជីវកម្ម​របស់​ខ្លួន​ឱ្យទៅ​មុខ​ទៀត ។

ចំណែក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មិន​ធ្លាប់​ឃើញ​មាន​រហាត់ទឹក​បែប​នេះ​តាំងពី​មុន​មក​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​មាន​គេ​បង្កើត​វា ដើម្បី​ទាញ​យក​ភ្លើង​វា​រី​អគ្គិសនី​សម្រាប់​ប្រើប្រាស់​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ ម្យ៉ាងវិញទៀត​ខណៈ​រហាត់​កំពុង​តែ​វិល​ចុះ​វិល​ឡើង​ពួក​គាត់​ចូល​ទៅ​ទស្សនា​ធ្វើ​ឱ្យ​មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ថែម​ទៀត​ផង ៕