ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​កីឡា​ជាតិ និង​កីឡា​ជាតិ​ជន​ពិការ នឹង​មាន​ទស្សនីយភាព​ដ៏​អស្ចារ្យ មិន​ចាញ់​ពិធី​បើក​ឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ ឆ្នាំ​២០២២ បាន​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ ឆ្នាំ​២០២២ បាន​ដំណើរការ​ប្រកួត​រយៈពេល​១ស​ប្ដា​ហ៍​មក​ហើយ ដោយ​ប្រភេទ​កីឡា​មួយ​ចំនួនត្រូវ​បាន​បញ្ចប់​ការ​ប្រកួត​ជា​បន្ដបន្ទាប់ ខណៈ​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត នឹង​ត្រូវ​បន្ដ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ទើប​បញ្ចប់ រួម​ជាមួយ​ការ​រៀបចំ​ពិធី​បិទ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​តែ​ម្ដង ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្រាប់​ពិធី​បិទ​នេះ​ដែរ នឹង​មាន​ទស្សនី​យភាព​ដ៏​អស្ចារ្យ​ជា​ច្រើន មិន​ចាញ់​ពិធី​បើក កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា កន្លង​ទៅ​ឡើយ ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា (NOCC) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​ពិធី​កីឡា​ជាតិ និង​កីឡា​ជាតិ​ជន​ពិការ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC និង​ជា​ប្រធាន NOCC ។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ចម្រុះ​ថ្ងៃនេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ផ្នែក​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​គណៈកម្មការ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជួបជុំ​ពិភាក្សា និង​រក​ដំណោះស្រាយ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក្នុង​ពិធី​បើក ដើម្បី​ត្រៀម​រៀបចំ​ពិធី​បិទ​នា​ថ្ងៃ​ទី​៣០ខែវិច្ឆិកា ចុង​ស​ប្ដា​ហ៍​នេះ ឲ្យ​មាន​ភាព​អធិកអធម និង​អស្ចារ្យ​។

ឯកឧត្តម​បន្ដ​ថា ៖«​អ្វី​ដែល​សំខាន់ ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន ប្រធាន​អង្គប្រជុំ បាន​លើក​ឡើង​អំពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន ដែល​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក្នុង​ពិធី​បើក​របស់​យើង យើង​បាន​ជជែក​ផ្ទៃក្នុង​ជាមួយ​គ្នា​ដើម្បី​រក​ដំណោះស្រាយ​រួម ។ ធ្វើ​យ៉ាងណា​សម្រួល​ដល់​អ្នកចូលរួម​ទស្សនា​ជាង​៤​ម៉ឺន​នាក់រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​ភ្ញៀវ​កិត្តិយស VVIP និង VIP ឲ្យ​ទទួល​បាន​នូវ​សុវត្ថិភាព និង​ភាព​កក់ក្ដៅ​ទាំងអស់​គ្នា ចាប់ពី​ដំណើរ​មក​ចូលរួម រហូត​អញ្ជើញ​ត្រឡប់​ទៅ​វិញ រាប់​ទាំង​សេវា​សុខាភិ​បាល​ជាដើម​»​។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដ​ថា ៖«​យើង​សង្កេត​ឃើញ​នៅ​ពេល​ពិធី​បើក យើង​ជោគជ័យ​ក្នុង​ការ​សម្ដែង ជោគជ័យ​ក្នុង​ការ​រៀបចំ និង​ការងារ​មួយ​ចំនួន​ទៀត​ដែល​យើង
បានដឹង​ទាំងអស់​គ្នា ប៉ុន្ដែ​ចំណុច​ដែល​យើង​មានការ​ខ្វះខាត ក៏​យើង​ត្រូវ​តែ​ត្រៀមលក្ខណៈ​ដែរ​។ សំខាន់​ជាងគេ គឺ​សុវត្ថិភាព និង​សន្ដិសុខ​សណ្ដាប់ធ្នាប់​តែ​ម្ដង ដែល​ជា​គោលការណ៍​សំខាន់​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ដ្រី សូ​ម្បី​ការ​ឧបត្ថម្ភ​ទឹក​សុទ្ធ និង​អ្វី​ផ្សេង​ទៀត ក៏​ត្រូវ​គិតគូរ និង​យកចិត្តទុកដាក់​ផង​ដែរ​»​។

ជា​ចុង​ក្រោយ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍​ថា សម្រាប់​ពិធី​បិទ​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ នា​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​ក្រោយ​នេះ នឹង​មាន​រៀបចំ​នូវ​ទស្សនីយភាព​ជា​ច្រើន និង​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​សម្ដែង​មួយ​ចំនួន​ទៀត ដែល​ជា​ការ​សម្ដែង​ដើម្បី​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​សម្រាប់​យុវជន​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ពិសេស​ការ​ផ្ដល់​នូវ​ភាព​ត្រចះត្រចង់ នៃ​ការ​រក្សា​នូវ​សន្ដិភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា ឆ្ពោះទៅ​អនាគត​ដ៏​រុងរឿង​មួយ ស្រប​តាម​និយាម​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំ​ៗ ទាំង​កីឡា​អាស៊ី និង​កីឡា​អូ​ឡាំ​ពិ​ក គឺ​ត្រូវ​បញ្ចប់​ដោយ​ក្ដី​សង្ឃឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ