រាជធានីភ្នំពេញ ៖ នៅសាលប្រជុំមន្ទីរកាល់ម៉ែតបានរៀបចំបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៩របស់មន្ទីរពេទ្យកាល់ម៉ែតក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីលោក-លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឱសថបណ្ឌិត ជាច្រើនរូបទៀត ។ ក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៩របស់មន្ទីរពេទ្យកាល់ម៉ែតលោកសាស្ត្រាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែតមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលបានរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៩ប្រចាំឆ្នាំ២០១៧នេះ ហើយជាឱកាសពោរពេញដោយសេចក្តីសោមនស្សរីករាយ និងមោទភាពយ៉ាងក្រៃលែង និងមានការចូលរួមជាអធិបតីភាពពីលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ វត្តមានលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ពេលនេះនឹងជម្រុញឲ្យទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៩របស់មន្ទីរពេទ្យកាល់ម៉ែតកាន់តែមានអត្ថន័យ និងមានសារៈសំខាន់ពិសេសក្រុមគ្រូពេទ្យឯកទេសជំនាញដែលនឹងត្រូវធ្វើបទបង្ហាញ និងសហភាតរះដែលចូលរួមស្តាប់ទាំងអស់កាន់តែមានកម្លាំងចិត្តយកចិត្តទុកដាក់ក្រេបយកនូវគ្រប់បទបង្ហាញខាងលើទុកធ្វើជាមេរៀនដើម្បីបង្កើននូវចំណេះដឹងផ្នែកវេជ្ជសាស្ត្រជឿនលឿនជាគុណប្រយោជន៍សម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានមានមតិថា ក្នុងពិធីដ៏មហោឡារិកនេះលោកសូមសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះគណះកម្មាធិការទិវាវេជ្ជសាស្ត្រ និងសល្យសាស្ត្រដែលបានខិតខំរួបរួមគ្នាយ៉ាងជិតសិ្នទ្ធិឈានដល់ការសម្រេចបាននូវការប្រារព្ធបើកទិវានេះឡើង ។ ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៩របស់មន្ទីរពេទ្យកាល់ម៉ែតបើកនាថ្ងៃនេះពិតជាមានសារៈសំខាន់ដោយបានបញ្ជាក់នូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្តាលអ្នកឯកទេសតាមជំនាញដើម្បីបង្ហាញនូវប្រធានបទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ត្រក្នុងការពិនិត្យ និងព្យាបាលជម្ងឺទាន់បច្ចុប្បន្នភាព និងជម្រុញឲ្យឈានទៅរកការអភិវឌ្ឍន៍កាន់តែប្រសើរថែមទៀត ។
លើសពីនេះចំណេះដឹងថ្មីៗដែលបង្ហាញជូនក្នុងទិវានេះជាទុនដ៏ប្រសើរថែមទៀតសម្រាប់សហភាតរះរបស់យើងទាំងអស់ទទួលបាននូវបច្ចេកវិជ្ជាខ្ពស់ឆ្លើយតបទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ត្រ ។ ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្តល់អាទិភាពដល់វិស័យសុខាភិបាលផងដែរ ៕
ចែករំលែកព័តមាននេះ