ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុយ​ស្រឡះ​! គ្រូ​អា​រ៉ា​ប៊ី​សា​អូឌីត​ច្រានចោល​ព័ត៌​មាន​ថា កូនក្រុម​បាន​កាដូ​ឡាន Rolls-Royce

1 ឆ្នាំ មុន

កា​តា ៖ លោក Herve Renard គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចេញ​មក​ធ្វើ

កា​តា ៖ លោក Herve Renard គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចេញ​មក​ធ្វើការ​បដិសេធ​ព័ត៌មាន​ដែល​អះអាង​ថា ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman នៃ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សន្យា​ជាមួយ​កីឡាករ​ទាំងអស់​ក្នុង​ការ​ផ្តល់​ជូន​កាដូ​ឡាន Rolls-Royce Phantom ស៊េរី​ឆ្នាំ​២០២២ ម្នាក់​១​គ្រឿង បន្ទាប់​ពី​ការ​យកឈ្នះ​លើ​អា​ហ្ស​ង់​ទី​ន នៅ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កា​តា​។ គួររំលឹកថា ញ៉ាក់​សាច់​! កីឡាករ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កាដូ​ឡាន Rolls Royce ម្នាក់​១​គ្រឿង ក្រោយ​ឈ្នះ​អា​ហ្ស​ង់​ទី​ន

ជាមួយ​ជ័យជម្នះ​លើ​ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន ដោយ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​ជុំ​ទី​១ ក្នុង​ពូ​ល C បាន​ជំរុញ​ឱ្យ​មាន​មោទនភាព​សម្រាប់​ប្រជាជាតិ​អា​រ៉ាប់​ទាំងមូល រហូត​ព្រះមហាក្សត្រ Salman នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រាស​បង្គាប់​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​ចំនួន​១​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លង​ទៅ​ផង​ដែរ​។

អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥១ ពិភពលោក បាន​បិទ​បញ្ចប់​កំណត់​ត្រា​មិន​ស្គាល់​ចាញ់ ៣៦​ប្រកួត​របស់​អា​ហ្ស​ង់​ទី​ន ដែល​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ពិភពលោក​។ បន្ថែម​ពីលើ​ការ​ឈប់​សម្រាក​ថ្នាក់​ចំនួន​១​ថ្ងៃ ប្រភព​ជា​ច្រើន​បាន​រាយការណ៍​ថា ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman Al Saud (MBS) នៃ​អា​រ៉ា​ប៊ី​សា​អូឌីត សព្វព្រះរាជហឫទ័យ​ផ្តល់​កាដូ​រថយន្ត​អភិជន Rolls Royce Phantom ស៊េរី​ឆ្នាំ ២០២២ ដែល​មាន​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដល់​កីឡាករ​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​១​គ្រឿង ចំពោះ​ការ​ខំប្រឹង​ប្រែង​រហូត​យកឈ្នះ​អា​ហ្ស​ង់​ទី​ន​។

ដំណឹង​នេះ ផ្ទុះ​ឡើង​ដំបូង​តាម​រយៈ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់​លោក Suhel Seth ដែល​ជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ដ៏​ល្បី​ម្នាក់ ព្រមទាំង​លោក Awb Alvi ដែល​ជា​សកម្មជន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ល្បីឈ្មោះ​ផង​ដែរ ហើយ​ក្រោយមក​ដំណឹង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាសារ​ព័ត៌មាន​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក​តែ​ម្តង​។

ទោះជា​យ៉ាងណា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទទូច​ថា ការ​អះអាង​នេះ​គឺជា​រឿង​មិន​ពិត​។ លោក Renard បាន​និយាយ​នៅ​មុន​ការ​ប្រកួត ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចាញ់​ក្រុម​ប៉ូ​ឡូញ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​ជុំ​ទី​២ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា កន្លង​ទៅ យ៉ាង​ដូច្នេះ​ថា «​មិន​មាន​អ្វី​ពិត​អំពី​រឿង​នេះ​ទេ​។ យើង​មាន​សហព័ន្ធ និង​ក្រសួង​កីឡា​យ៉ាង​ច្បាស់លាស់​មួយ​។ វា​មិនមែន​ជា​ពេលវេលា ដើម្បី​ទទួល​បាន​អ្វីមួយ​នៅ​ពេល​នេះ​ទេ​»​។

គ្រូបង្វឹក​ជនជាតិ​បារាំង​វ័យ​៥៤​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា «​យើង​ទើប​លេង​បាន​១​ប្រកួត​ប៉ុណ្ណោះ ហើយ​នៅ​សល់​២​ប្រកួត​ដែល​សំខាន់​ខ្លាំង​ណាស់​។ ខ្ញុំ​មិនដឹង​ថា តើ​អ្នក​ចាំ​សន្និសីទកាសែត​មុន​ការ​ប្រកួត​ទល់​នឹង​អា​ហ្ស​ង់​ទី​ន​ឬ​អត់​នោះ​ទេ? នោះ​គឺជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន​៣ ដែល​យើង​ត្រូវ​លេង​។ រឿង​ល្អ​តែ​មួយ​គត់​នៅ​ចុងបញ្ចប់​នៃ​វគ្គ​ចែក​ពូ​ល​នេះ គឺ​ការ​បញ្ចប់​នៅ​លេខ​១ ឬ​លេខ​២ ហើយ​យើង​នៅ​តែ​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់ទាប​បំផុត​នៅ​ក្នុង​ពូ​ល​នេះ ដែល​ទាក់ទង​នឹង​បទ​ពិសោធន៍​»​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ពូ​ល C មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ដោយ​ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​ការ​ប្រកួត​នៅ​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​។ បន្ទាប់​ពី​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា កន្លង​ទៅ បាន​រក​ឃើញ​ថា ប៉ូ​ឡូញ​បាន​យកឈ្នះ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​លទ្ធផល ២-០ រីឯ​អា​ហ្ស​ង់​ទី​ន បាន​យកឈ្នះ​លើ​ម៉ិ​ក​ស៊ិ​ក ដោយ​លទ្ធផល ២-០​។ ប៉ូ​ឡូញ​កាន់កាប់​កំពូល​តារាង​មាន​៤​ពិន្ទុ អា​ហ្ស​ង់​ទី​ន និង​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​៣​ពិន្ទុ​ដូច​គ្នា រីឯ​ម៉ិ​ក​ស៊ិ​ក​មាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី talkSPORT, SPORTbible និង Yahoo News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ