ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ផ្លែ​ឈើ​ម្ដុំ​ណា​ហ្គា​វើ​ល​ទទួល​បាន​ចំណូល​គួរសម​ក្នុង​រដូវ​គុយ​ទុំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​អំឡុង​ខែមីនា ដល់​ខែឧសភា រៀង​រាល់​ឆ្នាំ អ្នក​ធ្វើ​ដំណើរ​តែង​ឃើញ​អ្នកលក់​ផ្លែ​គុយ​តាម​រទេះ​ជា​ហូរហែ​នៅ​សងខាង​ផ្លូវ​ម្ដុំ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ឬ​ក្បែរ​រង្វង់​មូល​សម្ដេច​សង្ឃរាជ ជួន ណាត ។ ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ចាប់ពី​អំឡុង​ខែមីនា ដល់​ខែឧសភា រៀង​រាល់​ឆ្នាំ  អ្នក​ធ្វើ​ដំណើរ​តែង​ឃើញ​អ្នកលក់​ផ្លែ​គុយ​តាម​រទេះ​ជា​ហូរហែ​នៅ​សងខាង​ផ្លូវ​ម្ដុំ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ឬ​ក្បែរ​រង្វង់​មូល​សម្ដេច​សង្ឃរាជ ជួន ណាត ។ ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា ផ្លែ​គុយ​ហាក់ដូចជា​សម្បូរ​ជាង​ឆ្នាំ​មុន​ៗ ដែល​ភាគច្រើន​អ្នកលក់​បាន​ទិញ​ពី​តំបន់​វាល​រិញ​តាម​រយៈ​ឈ្មួញកណ្ដាល ។

នៅ​ពេល​ដល់​រដូវ​គុយ​ទុំ ក៏​ជា​ពេលវេលា​ដែល​គេ​ចូល​ចិត្ត​ទិញ​ញ៉ាំ ព្រោះ​ផ្លែ​គុយ​ល្អ​ៗ​មាន​រសជាតិ​ជូរអែម​គួរ​ឲ្យ​ចង់​ទទួលទាន ហើយ​តម្លៃ​របស់​វា​ក៏​ថ្លៃ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ដែរ ប៉ុន្ដែ​នៅ​ពេល​ឈាន​ដល់​ចុងរដូវ បើ​ទោះបីជា​ផ្លែ​គុយ​មិនសូវ​សម្បូរ ក៏​អ្នកទិញ​ហាក់ដូចជា​ជិនណាយ​លែង​ចាប់អារម្មណ៍​ដែរ ។

អ្នកស្រី គង់ ស្រី មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល បាន​មក​លក់​ផ្លែ​ឈើ​នៅ​ម្ដុំ​សណ្ឋាគារ​ណា​ហ្គា​វើ​ល រៀបរាប់​ថា ផ្លែ​គុយ​នេះ​លក់ដាច់​តែ​នៅ​តំបន់​ណា​ហ្គា​វើ​ល​ប៉ុណ្ណោះ ក្រៅពី​នេះ​លក់​មិន​ដាច់​ទេ ដោយសារ​តែ​នៅ​ទី​នេះ​មាន​អ្នក​ដើរ​កម្សាន្ដ​ច្រើន ។ អ្នកស្រី​បន្ត​ថា ៖ « ខ្ញុំ​ទិញ​ផ្លែ​គុយ​ទាំងនេះ​មក​ពី​តំបន់​វាល​រិញ​ពី​៤០​ទៅ​៥០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​កាលពី​អំឡុង​ដើមរដូវ ប៉ុន្ដែ​ឈាន​ដល់​ចុងរដូវ​នេះ ខ្ញុំ​ទិញ​តែ​ប្រមាណ​២០​គីឡូក្រាម​ប៉ុណ្ណោះ ដោយ​លក់​១​ថ្ងៃ ខ្ញុំ​អាច​រក​ចំណូល​បាន​ពី​៤​ឬ​៥​ម៉ឺន​រៀល » ។

ចំណែក​អ្នកស្រី ងួ​ន ពិសី លក់​ផ្លែ​ឈើ​តាម​រទេះរុញ​នៅ​ម្ដុំ​នោះ​ដែរ​និយាយ​ថា ក្នុង​១​ថ្ងៃ អ្នកស្រី​ទិញ​ផ្លែ​គុយ​ពី​ឈ្មួញ​មក​ពី​តំបន់​វាល​រិញ ប្រមាណ​២០​គីឡូក្រាម ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​ជាង​១​ម៉ឺន​រៀល ។ នៅ​ចុងរដូវ​នេះ ការ​លក់​មិនសូវ​ដាច់​ដូច​អំឡុង​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ទេ ។ ទោះបី​យ៉ាងណា ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​ចំណេញ​បាន​ចន្លោះ​ពី​៥​ទៅ​៧​ម៉ឺន​រៀល​ផង​ដែរ ។

ដោយឡែក លោក ជា វាសនា រស់នៅ​ខេត្តកណ្តាល ដែល​បាន​រកស៊ី​លក់​ផ្លែ​ឈើ​នៅ​តំបន់​ណា​ហ្គា​វើ​ល​នោះ​ដែរ​ឱ្យ​ដឹង​ថា កាលពី​នៅ​ដើមរដូវ​ក្នុង​អំឡុង​ខែមីនា ក្នុង​មួយ​ថ្ងៃ​លោក​អាច​លក់​បាន​ពី​១៨​ទៅ​២០​គីឡូក្រាម ដោយ​កាលនោះ លោក​ទិញ​ចូល​តម្លៃ​១​ម៉ឺន​២​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ឬ​អាច​លើស​បន្ដិចបន្ដួច​។ ចំណែក​សព្វ​ថ្ងៃនេះ តម្លៃ​ផ្លែ​គុយ​ទិញ​ចូល​ក្នុង​១​គីឡូក្រាម​ថ្លៃ​ជាង​១​ម៉ឺន​រៀល និង​លក់​ចេញ​វិញ មួយ​គីឡូក្រាម​ថ្លៃ​១​ម៉ឺន​៥​ពាន់​រៀល ហើយ​លក់ដាច់​តែ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​ដើរ​កម្សាន្ត​ច្រើន ។

លោក​បន្ដ​ថា បើ​ទោះបីជា​លោក​លក់​មិនសូវ​បាន ប៉ុន្តែ​ក្រោយ​ពី​ការ​កាត់កង​ចំណាយ​រួចរាល់ ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​៧​ទៅ​ដល់​១០​ម៉ឺន​រៀល ហើយ​បើ​គិត​ក្នុង​១​រដូវ​លក់​ផ្លែ​គុយ​នេះ លោក​អាច​សន្សំ​ប្រាក់​បាន​ប្រហែល​៧០០​ដុល្លារ​ផ្ញើ​ទៅ​ស្រុក​ផង​ដែរ ។

ដោយសារ​តែ​ដើម​គុយ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ភ្នំ កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦ កន្លង​ទៅ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​រៀបចំ​ផែនការ​ដាំ​ដើម​គុយ​នេះ​ក្នុង​ព្រៃ​ស្ថិត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ ដើម្បី​រក្សា​ការពារ​ព្រៃឈើ និង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​រស់នៅ​តំបន់​នោះ​អាច​អាស្រ័យ​ផល​បាន និង​រក​ចំណូល​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ៕