ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ

6 ឆ្នាំ មុន

ខេត្តកំពត + កែប ៖ រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នេះ មន្ត្រី​សាខា​កាំកុងត្រូល សាខា​កំពត​កែប​ដឹកនាំ​ដោយ​លោក ទា សារី អនុប្រធាន​សាខា​នៅ​ព្រឹក​ថ្ងៃ​ទី​១៧-១៨ ខែឧសភា ឆ្នាំ​២០១៧ នេះ បាន​សហការ​ជា​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំង​ពីរ​បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​គ្រឿង​កំប៉ុង និង​ទឹក​ភេសជ្ជៈ​ជា​ដប​ជ័រ និង​កំប៉ុង​គ្រប់មុខ​ដែល​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ដូច​ជា​កំ​ពឹត​ជាដើម​ដែល​ដាក់​តាំង​លក់​នៅ​តាម​ដេប៉ូ​ធំ​ៗ និង​នៅ​តាម​តូប​ក្នុង​ផ្សារ​ទាំង​ពីរ​គឺ​ផ្សារ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ផ្សារ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពត + កែប ៖ រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នេះ មន្ត្រី​សាខា​កាំកុងត្រូល សាខា​កំពត​កែប​ដឹកនាំ​ដោយ​លោក ទា សារី អនុប្រធាន​សាខា​នៅ​ព្រឹក​ថ្ងៃ​ទី​១៧-១៨ ខែឧសភា ឆ្នាំ​២០១៧ នេះ បាន​សហការ​ជា​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំង​ពីរ​បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​គ្រឿង​កំប៉ុង និង​ទឹក​ភេសជ្ជៈ​ជា​ដប​ជ័រ និង​កំប៉ុង​គ្រប់មុខ​ដែល​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ដូច​ជា​កំ​ពឹត​ជាដើម​ដែល​ដាក់​តាំង​លក់​នៅ​តាម​ដេប៉ូ​ធំ​ៗ និង​នៅ​តាម​តូប​ក្នុង​ផ្សារ​ទាំង​ពីរ​គឺ​ផ្សារ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ផ្សារ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក ទា សារី អនុប្រធាន​សាខា​កាំកុងត្រូល​កំពត កែប បាន​ឲ្យ​អ្នក​ព័ត៌មាន​យើង​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជា​ចំណីអាហារ និង​ជា​គ្រឿង​ភេសជ្ជៈ​គ្រប់មុខ និង​សម្ភារៈ​ប្រើប្រាស់​មាន​ថ្នាំដុសធ្មេញ​ជាដើម ដែល​ជា​ដប​ជ័រ និង​ជា​កំប៉ុង​ដែល​ដាក់​តាំង​លក់​នៅ​តាម​ដេប៉ូ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ពងទឹក ស្ថិត​ក្នុងភូមិ​ពងទឹក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​តូប​តាម​ផ្ទះ​មួយ​ចំនួន​ស្ថិត​ក្នុង​ផ្សារ​ទីរួមស្រុក​កំពង់ត្រាច ខេត្តកំពត ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​ចុះ​អនុវត្តន៍​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ខាងលើ មន្ត្រី​ជំនាញ​យើង​បាន​ចុះ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ជំ​ហ៊ាន​ទី​១ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ មន្ត្រី​យើង​ចុះ​ពិនិត្យ​នៅ​ផ្សារ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ លោក​បន្ត​ទៀត​ថា ការ​ចុះ​ពិនិត្យ​ជំហាន​ទី​១ នៅ​ខេត្ត​កែប​នេះ យើង​រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ថ្នាំដុសធ្មេញ​Closeup ទម្ងន់ ១៦០​ក្រាម ចំនួន​១១​ប្រអប់​(​ហួស​កាលបរិច្ឆេទ​)   ថ្នាំដុសធ្មេញ​ម៉ាក Cogete ៤០​ក្រាម ចំនួន​២៤ ប្រអប់​តូច​(​ហួស​កាលបរិច្ឆេទ​) តែ Icetea មួយ​ប្រអប់​(​ហួស​កាលបរិច្ឆេទ​) ទឹកដោះគោ​ខាប់​១​កំប៉ុង (​កំ​ពឹត​) កាហ្វេ​៣​កញ្ចប់​(​ហួស​កាលបរិច្ឆេទ​) ភេសជ្ជៈ​ចំរុះ​ទម្ងន់ ៣៩០​ក្រាម ចំនួន​២៧​ដប​(​ហួស​កាលបរិច្ឆេទ​) ស្រា​បៀរ​ក្រោ​ន និង​កម្ពុជា​១០​កំប៉ុង​ខូចគុណភាព​(​កំ​ពឹត​) ។ លោក ទា សារី អនុប្រធាន​សាខា​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​យើង​ចុះ​ពិនិត្យ​ផ្សារ​កំពង់ត្រាច ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ។ ជា​លទ្ធផល​យើង​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ហើយ​បាន​ដកហូត​ដូច​ខាងក្រោម ៖ កាហ្វេ​ចំនួន​២​កំប៉ុង ចំណុះ​១៨០ml(​កំ​ពិត​) ទឹក​ផ្លែ​សាវម៉ាវ ចំនួន​១​កំប៉ុង ទម្ងន់​៥៦៥​ក្រាម​( កំ​ពិត​) ទឹកក្រូច Fanta ចំនួន​១​កំប៉ុង ចំណុះ​៣៣០ml(​កំ​ពិត​)  Sprit ចំនួន​៩​កំប៉ុង ចំណុះ​៣៩០ml(​ហួស​កាលបរិច្ឆេទ​) ទឹកក្រូច Fanta ចំនួន​១៨​ដប ចំណុះ​១២៥២ml(​ហួស​កាលបរិច្ឆេទ​) និង​ទឹកដោះគោ​ស្រស់​ចំនួន​៥​កំប៉ុង​ក្រដាស ចំណុះ​២០០ml(​ហួស​កាលបរិច្ឆេទ​) ។ លោក​បាន​បន្ត​ទៀត​ថា រាល់​មុខទំនិញ​ទាំងអស់​ខាងលើ​ជា​ភេសជ្ជៈ​ចំណីអាហារ ជា​សម្ភារៈ​ប្រើប្រាស់ ដែល​មន្ត្រី​កាំកុងត្រូល​យើង​ពិនិត្យ​ឃើញ​ថា​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ខាងលើ មន្ត្រី​យើង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​យក​កាន់​សាខា ដើម្បី​ធ្វើ​ពិធី​ដុត​កំទេច​ចោល​នា​ពេល​ខាង​មុខ ។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ក៏​បាន​ធ្វើការ​ណែនាំ និង​ក្រើនរំលឹក​ដល់​បងប្អូន​អាជីវករ​ដែល​ទទួល​រាល់​មុខទំនិញ​ទាំងអស់​ដែល​មក​ដាក់​តាំង​លក់​ជូន​ប្រជាពលរដ្ឋ​យើង សូម​ធ្វើ​យ៉ាងណា​បងប្អូន​ត្រូវ​ពិនិត្យ​នូវ​ខែ​ឆ្នាំ​ផលិត និង​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់ ដើម្បី​ជៀសវាង​ការ​ដាក់​តាំង​លក់ទំនិញ​ខុសច្បាប់​(​ខូច​គុណ និង​ហួស​កាលបរិច្ឆេទ​) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ឬ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ក៏​មាន ដូច្នេះ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​តែ​បង្កើន ការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​នេះ​ទាំងអស់​គ្នា ។ លោក​បាន​បញ្ជាក់​ថា បើ​ទំនិញ​ណា​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ ត្រូវ​ប្រមូល​ចេញពី​កន្លែង​ធ្លាប់​ដាក់​តាំង​លក់​ជា​បន្ទាន់​ដើម្បី​ការពារ​ការ​បន្លំ​លក់ទំនិញ​ដែល​ហួស ឬ​ខូចគុណភាព​ខាងលើ ៕