ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ដាក់​ចេញ​យន្តការ​3​ចំណុច​ឆ្លើយ​តប​នឹង​ការ​នាំ​ចូល​ជ្រូក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​នូវ​យន្តការ​ចំនួន​៣​ចំណុច​ដើម្បី​ពិនិត្យ​លើ​បញ្ហា​តម្លៃ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង និង​លើកកម្ពស់​តម្លៃ​ជ្រូក​ក្នុងស្រុក ។

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​នូវ​យន្តការ​ចំនួន​៣​ចំណុច​ដើម្បី​ពិនិត្យ​លើ​បញ្ហា​តម្លៃ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង និង​លើកកម្ពស់​តម្លៃ​ជ្រូក​ក្នុងស្រុក ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​តាម​ទូរស័ព្ទ​បន្ទាប់​ពី​បើក​កិច្ចប្រជុំ​សមាជិក​ជាមួយ​សភាពាណិជ្ជកម្ម និង​ក្រុមការងារ​វិស័យ​ឯកជន​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម នា​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា​ថា កន្លង​មក អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​តែងតែ​លើក​ឡើង​ពី​ការ​មិន​ចំណេញ​ប្រាក់ ដោយសារ​ប្រកួតប្រជែង​ជាមួយ​អ្នក​នាំ​ចូល​មិន​បាន ។ ហេតុនេះ ទើប​យើង​ពិភាក្សា​ធ្វើ​យ៉ាងណា ឲ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​អាចរ​ស់បាន ។

លោក​បន្ត​ថា តាម​រយៈ​កិច្ចប្រជុំ​នេះ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​ដាក់​ចេញ​នូវ​យន្តការ​ចំនួន​៣​ចំណុច​ដូច​ខាងក្រោម ៖

១-​ភាគី​ក្រសួង និង​វិស័យ​ឯកជន​បាន​ឯកភាព​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង លើ​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ។

២-​រៀបចំ​យន្តការ​គ្រប់គ្រង​តម្លៃ ដែល​តម្លៃ​សាច់​ជ្រូក​មាន​អតិផរណា​លើ​ទីផ្សារ ខណៈ​ការ​ទិញ​ជ្រូក​ពី​អ្នក​ចិញ្ចឹម​មាន​តម្លៃ​ទាប តែ​ការ​លក់​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់ ដែល​បញ្ហា​នេះ​ក្រសួង​សេដ្ឋកិច្ច​ត្រូវ​កោះ​ប្រជុំ​ទាក់ទង​នឹង​ការងារ​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ភាគី​ណាមួយ​ជា​អ្នក​កកូរកកាយ​តម្លៃ ។

៣-​វិស័យ​ឯកជន​ចង់​សហការ​ជាមួយ​ក្រសួង​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​លើ​ការ​នាំ​ចូល ការ​ចិញ្ចឹម​ជ្រូក​សិប្បនិម្មិត​ខុសច្បាប់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តម្លាភាព​លើ​ការ​នាំ​ចូល ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖ « វិស័យ​ឯកជន​ចង់​ឲ្យ​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​ជា​អតិបរិមា ប៉ុន្តែ​ខ្ញុំ​បាន​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើ​ការងារ​ជាមួយ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុសត្វ ដើម្បី​ឲ្យ​ប្រាកដ​ថា អ្នក​នៅ​ក្នុងស្រុក​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​លើ​ទីផ្សារ » ។

តាម​ការ​សិក្សា​របស់​ក្រសួងកសិកម្ម​រក​ឃើញ​ថា កម្ពុជា​ត្រូវការ​ជ្រូក​ចំនួន​១.២៥០​ក្បាល​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​៤០​ទៅ​៥០% ជា​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។

លោក វេ​ង សា​ខុន បន្ត​ថា ៖ « ការងារ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល ក្រសួង​មិន​អាច​ធ្វើ​តែ​ម្នាក់ឯង​ទេ ទាក់ទង​នឹង​យន្តការ​ត្រួតពិនិត្យ​បច្ចេកទេស និង​ភូតគាម​អនាម័យ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ ពិសេស​អភិបាលខេត្ត​នីមួយ​ៗ​ដែល​ជាប់​ព្រំដែន​ចូលរួម​សហការ » ។ លោក​បន្ត​ថា ៖ « អ្វី​សំខាន់​បន្ថែម​ទៀត គឺ​ខាង​គយ និង​រដ្ឋាករ​ត្រូវ​រឹត​បន្តឹង​ការ​នាំ​ចូល និង​ប្រមូល​ពន្ធ​ឲ្យ​អស់ » ។

ក្រសួងកសិកម្ម ក៏​គ្រោង​បង្កើត​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ​លើ​ការ​នាំ​ចូល​ជ្រូក​តាំងពី​ដើម​ទី ពាក់កណ្តាល​ទី និង​ចុង​ទី ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សាច់​ជ្រូក​នាំ​ចូល​គ្មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។

លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី សហ​ប្រធាន​ក្រុមការងារ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ផ្នែក​ឯកជន និង​ជា​អ្នកមាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំ​មួយ​នៅ​តំបន់​កែវ​ផុស លើក​ឡើង​ថា ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ សភាពការណ៍​បាន​ធូរស្រាល​៦០% ព្រោះ​ពី​មុន​មក​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក និង​អ្នក​នាំ​ចូល តែងតែ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​កិច្ចប្រជុំ​សុំ​ឲ្យ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​មាន​លើស​កូតា​ដែល​បាន​កំណត់ ហើយ​សូម​ខាង​គយ​យកពន្ធ​តាម​ការ​កំណត់​របស់​ច្បាប់ ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « យើង​ជិះទូក​ជាមួយ​គ្នា បើ​លិច​គឺ​លិច​ទាំងអស់​គ្នា បើ​អណ្តែត​គឺ​អណ្តែត​ទាំងអស់​គ្នា​ហើយ ។ ដូច្នេះ យើង​នឹង​ដោះស្រាយ​បញ្ហា​នៅ​សល់​៤០%​ទៀត » ។ លោក​បន្ត​ថា ៖ « បច្ចុប្បន្ន តម្លៃ​ជ្រូក​របស់​អ្នក​ចិញ្ចឹម​បាន​ចុះថ្លៃ ប៉ុន្តែ​សាច់​ជ្រូក​លក់​លើ​ទៅ​ផ្សារ​នៅ​តែ​ថ្លៃ ។ នេះ​ជា​បញ្ហា​នៅ​សល់​៤០% ដែល​វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត » ។

លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី បន្ថែម​ថា ផ្នែក​បច្ចេកទេស​ក្រសួងកសិកម្ម នឹង​កោះ​ប្រជុំ​រវាង​កុងស៊ី ឈ្មួញ​កាប់​ជ្រូក និង​អ្នក​ចែកចាយ​សាច់​ជ្រូក​លើ​ទីផ្សារ​ដើម្បី​រក​មូលហេតុ​ដែល​ជ្រូក​ចិញ្ចឹម​ចុះថ្លៃ ប៉ុន្តែ​សាច់​ជ្រូក​នៅ​តែ​ថ្លៃ ។ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ ហេតុនេះ ការ​ដោះស្រាយ​បញ្ហា​នឹង​ធ្វើ​ជា​បន្តបន្ទាប់ ៕