ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ជ័យ​លា​ភី​ប្រឡង​តែង​និពន្ធ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិធី​ប្រគល់​ពាន​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ​២០២២ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ទាំង​ផ្នែក​កំណាព្យ​រឿង និង​រឿង​ខ្លី មាន​ជ័យ​លា​ភី​ចំនួន​១០​នាក់ ខណៈ​ពិធី​នេះ ក្រោម​អធិបតីភាព​លោក​ជំទាវ នេត្រ ភូ​ម៉ា​រី

រាជធានី​ភ្នំពេញ ៖​ ពិធី​ប្រគល់​ពាន​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ​២០២២ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ទាំង​ផ្នែក​កំណាព្យ​រឿង និង​រឿង​ខ្លី មាន​ជ័យ​លា​ភី​ចំនួន​១០​នាក់ ខណៈ​ពិធី​នេះ ក្រោម​អធិបតីភាព​លោក​ជំទាវ នេត្រ ភូ​ម៉ា​រី រដ្ឋលេខាធិការ តំណាង​លោក​ជំទាវ​បណ្ឌិត សភាចា​រ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

តើ​អ្នកនិពន្ធ​ណាខ្លះ​បាន​ទទួល​ជ័យ​លា​ភី?
ផ្នែក​កំណាព្យ​រឿង​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​រឿង «​គុណ​ការងារ​» និពន្ធ​ដោយ​លោក ភិ​រម្យ ដា​រ៉ា (​ខេត្តស្ទឹងត្រែង​)​។ ជ័យ​លា​ភី​លេខ​២ រឿង «​អ្នកគ្រូ​ជាយ​ដែន​» និពន្ធ​ដោយ​លោក មឿ​ន សំណាង មក​ពី​ខេត្តឧត្តរមានជ័យ​។ ជ័យ​លា​ភី​លេខ​៣ រឿង «​មេស្រុក​» និពន្ធ​ដោយ​លោក​ជួន ខ្មៅ មក​ពី​ខេត្ត​ព្រះ​សីហ​នុ​។ ជ័យ​លា​ភី​លេខ​៤ រឿង «​ព្យុះ​ជីវិត​នាង​រស្មី​» និពន្ធ​ដោយ​លោក ចំរើន សុ​ភ័ក្ត្រ មក​ពី​ខេត្តកំពត​។ ជ័យ​លា​ភី​៥ រឿង «​សន្សើម​សន្តិភាព​» និពន្ធ​ដោយ​លោក សាម សុ​និ​ត មក​ពី​ខេត្តកំពង់ចាម​។

ផ្នែក​ប្រលោមលោក​ខ្នាត​ខ្លី ៖ ជ័យ​លា​ភី​លេខ​១ រឿង «​បណ្តឹង​សហគមន៍​» ដោយ​លោក ហ៊ុយ សា​រ៉ាត់ មក​ពី​ខេត្តពោធិ៍សាត់​។ ជ័យ​លា​ភី​លេខ​២ រឿង​«​សំនៀង​បិ​ឡា​នី​» ដោយ​លោក សុវណ្ណ សិរី​វុ​ឌ្ឍ រស់នៅ​រាជធានី​ភ្នំពេញ​។ ជ័យ​លា​ភី​លេខ​៣ រឿង «​ថ្ងៃ​រះ​ហើយ​ពុក​» ដោយ​លោក ពៅ មក​រា មក​ពី​រាជធានី​ភ្នំពេញ​។ ជ័យ​លា​ភី​លេខ​៤ រឿង «​បា​សាក់​» ដោយ​លោក តុ​ន ច័ន្ទ​រិ​ទ្ធិ មក​ពី​ខេត្តបាត់ដំបង​។ ជ័យ​លា​ភី​លេខ​៥ រឿង «​ក្រាំង​តាត្រៅ​» ដោយ​លោក សៀង ឈុ​ន​លី មក​ពី​ខេត្តកំពង់ស្ពឺ​។

លោក​ជំទាវ នេត្រ ភូ​ម៉ា​រី បាន​ថ្លែង​ថា «​តាម​រយៈ​របាយការណ៍​លោក​ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន យើង​សង្កេត​ឃើញ​ថា វិស័យ​តែង​និពន្ធ​នៅ​តែ​មាន​សន្ទុះ​ឈាន​ឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​។ បើ​តាម​តួលេខ​ឆ្នាំ​២០២២ មាន​បេក្ខជន​ដាក់​ស្នាដៃ​ប្រកួតប្រជែង​ចំនួន​១០៤​ស្នាដៃ ក្នុង​នោះ​ប្រលោម​លោក​ខ្នាត​ខ្លី​មាន​៧៦​ស្នាដៃ និង​កំណាព្យ​រឿង​២៨​ស្នាដៃ​។ ជា​លទ្ធផល​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បង្កើត​​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ដែល​ជា​វណ្ណ​កម្ម​មួយ​យ៉ាង​សំខាន់ នៃ​អក្សរសាស្ត្រ​ជាតិ ទទួល​បាន​នូវ​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​កវីនិពន្ធ​រៀមច្បង និង​អ្នកនិពន្ធ​ជា​យុវជន​ជំនាន់​ក្រោយ​។

លោក​ជំទាវ​បន្ត​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រសួង​ទទួល​បាន​នូវ​ធនធានមនុស្ស​ថ្មី​ក្នុង​វិស័យ​តែង​និពន្ធ​ជា​បន្តបន្ទាប់​។ ថ្វី​ដ្បិតអ្វី​ដែល​ជា​សមិទ្ធផល​ទាំងនេះ នៅ​ក្មេងខ្ចី​មិន​ទាន់​បាន​ដូច​សេចក្ដី​ប៉ងប្រាថ្នា​ក៏​ពិតមែន ប៉ុន្តែ​វា​ជា​សកម្មភាព​មួយ​ប្រកបដោយ​អត្ថប្រយោជន៍​ដ៏​ធំធេង និង​ជា​វិភាគទាន​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​បណ្ដុះបណ្ដាល លើកទឹកចិត្ត​ដល់​យុវជន​យើង​ឱ្យ​ស្រឡាញ់​ចូល​ចិត្តការ​អាន ការ​សរសេរ ការ​តាក់តែង​និពន្ធ និង​ការ​បោះពុម្ព​សៀវភៅ ដែល​នៅ​ក្នុង​នោះ​បង្កប់​ទៅ​ដោយ​ការ​អប់រំ​ពី តម្លៃ​សីលធម៌ អត្តសញ្ញាណ​ជាតិ និង​នវានុវត្តន៍​នៃ​សាកល​ភាវ​ប​នី​យ​កម្ម​ពិភពលោក​» ។

បើ​តាម​លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា លទ្ធផល​ជា​រួម​ដែល​គណៈកម្មការ​បាន​ដាក់​ពិន្ទុ និង​វាយតម្លៃ គឺ​សាច់​រឿង​មានការ​ដាក់​ជា​បញ្ហា​ចោទ ការ​ប្រើប្រាស់​ពាក្យពេចន៍ និង​ប្រយោគ​ប្រទាក់​គ្នា​បាន​ល្អ ព្រមទាំង​បាន​អប់រំ​មនុស្ស​ឱ្យ​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន ចេះ​ជួយ​គ្នា បំបាត់​ការ​រើសអើង​ក្នុង​សង្គម ដែល​ទាំងនេះ​បង្ហាញ​ពី​ការ​អប់រំ​ដល់​សង្គម​។

ទោះបីជា​បែប​ណា​ក្តី ក៏​មាន​អ្នកនិពន្ធ​មួយ​ចំនួន នៅ​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ អត្ថរស អត្ថរូប និង​ខ្លឹមសារ​នៃ​ការ​បង្កើត​ស្នាដៃ​របស់​ខ្លួន​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ