ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sky Sports ៖ អង់គ្លេស​ទំនង​ប្រើ​ឈុត​បំបាក់​អ៊ី​រ៉​ង់ ៦-២ ដើម្បី​តទល់​នឹង​អា​មេ​រិ​ក

1 ឆ្នាំ មុន

កា​តា ៖ លោក Gareth Southgate គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​

កា​តា ៖ លោក Gareth Southgate គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​របស់​គាត់ ដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​លទ្ធផល ៦-២ កាលពី​ការ​ប្រកួត​ជុំ​ទី​១ ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ World Cup 2022 ដដែល ដើម្បី​តទល់​នឹង​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ស្និត​បាន​ប្រាប់​សារព័ត៌មាន Sky Sports របស់​ចក្រភព​អង់គ្លេស​។

អង់គ្លេស​នឹង​ត្រូវ​ប៉ះ​សហរដ្ឋ​អាម​រិ​ក នៅ​វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ឯ​កីឡដ្ឋាន Al Bayt ដែល​ជា​ការ​ប្រកួត​ជុំ​ទី​២ ក្នុង​ពូ​ល B ។

ការ​ជា​សះស្បើយ​ពីរ​បួស​កជើង អំឡុង​ការ​ប្រកួត​ទល់​នឹង​អ៊ី​រ៉​ង់​របស់​ប្រធាន​ក្រុម Harry Kane មាន​ន័យ​ថា រូបគេ​នឹង​ដឹកនាំ​តំបន់​ប្រយុទ្ធ​ដដែល​។ លោក Southgate ក៏​គ្រោង​បន្ត​ដាក់ Kieran Trippier ជា​ខ្សែការពារ​ស្តាំ​ផង​ដែរ បើ​ទោះបីជា Kyle Walker ជា​សះស្បើយ​ពី​ការ​វះកាត់​ក្រលៀន​កាលពី​ខែ​មុន​យ៉ាងណា​ក្តី​។ ស្រប​ពេល​ខ្សែការពារ Harry Maguire ដែល​មាន​បញ្ហា​សុខភាព និង​ត្រូវ​ប្តូរ​ចេញ​អំឡុង​ការ​ប្រកួត​ទល់​នឹង​អ៊ី​រ៉​ង់ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ការ​ប្រកួត​ទល់​នឹង​អា​មេ​រិ​ក​ផង​ដែរ​។ ខណៈ​តោ​កំណាច​អង់គ្លេស កំពុង​កាន់កាប់​កំពូល​តារាង​ពូ​ល B តាម​ពីក្រោយ​ដោយ វែ​លស៍ សហរដ្ឋអាមេរិក និង អ៊ី​រ៉​ង់ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ជុំ​ទី​១​។

ដូច​ពាក្យ «​កុំ​ផ្លាស់​ប្តូរ​ក្រុម​ដែល​ឈ្នះ​» នឹង​បន្លឺ​ឡើង​ក្នុង​ចិត្ត​របស់​លោក Southgate ហើយ​ក៏​ជា​ចំណុច​វិជ្ជមាន ដែល​កើត​ចេញពី​ការ​ទទួល​ជ័យជម្នះ ៦-២ លើ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា កន្លង​ទៅ​។
ជម្រើស​១១​នាក់​ដំបូង​របស់​អង់គ្លេស ដែល​បាន​យកឈ្នះ​លើ​អ៊ី​រ៉​ង់ ជាមួយនឹង​ទម្រង់ ៤-២-៣-១ រួម​មាន​៖

អ្នកចាំទី ៖ Jordan Pickford
តំបន់​ការពារ ៖ Kieran Trippier, Harry Maguire, John Stones, Luke Shaw
តំបន់​បម្រើ ៖ Mason Mount, Declan Rice, Bukayo Saka, Jude Bellingham, Raheem Sterling
តំបន់​ប្រយុទ្ធ ៖ Harry Kane

ដោយឡែក ក្រ​ឡែក​ទៅ​មើល​សហរដ្ឋអាមេរិក​វិញ ក្រោម​ការ​ដឹកនាំ​របស់​លោក Gregg Berhalter កាលពី​ការ​ប្រកួត​ជុំ​ទី​១ ពួក​គេ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ ជាមួយ​ក្រុម​ជម្រើសជាតិ​វែ​លស៍ ដែល​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Ahmad bin Ali បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជាមួយ​លទ្ធផល ១-១​។

ការ​ប្រកួត​ទាំងអស់ ដែល​នឹង​កើតឡើង​នៅ​ក្នុងថ្ងៃនេះ ៖
-​ម៉ោង ០៥:០០​នាទី​ល្ងាច វែ​លស៍ ត្រូវ​ប៉ះ អ៊ី​រ៉​ង់ ជំនួប​ពូ​ល B
-​ម៉ោង ០៨:០០​នាទី​យប់ ម្ចាស់ផ្ទះ​កា​តា ត្រូវ​ប៉ះ សេ​ណេ​ហ្គា​ល់ ជំនួប​ពូ​ល A
-​ម៉ោង ១១:០០​នាទី​យប់ ហូ​ឡង់ ត្រូវ​ប៉ះ អេ​ក្វា​ឌ័​រ ជំនួប​ពូ​ល A៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ