ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​តែ​មួយ​! កំពូល​កីឡាករ​២​រូប​ស្រក់​ទឹកភ្នែក​នៅ World Cup 2022

1 ឆ្នាំ មុន

កា​តា ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​

កា​តា ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង​កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​ស្រក់​ទឹកភ្នែក​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​តែ​មួយ និង​លើក​ដំបូង​របស់​ខ្លួន​នៃ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កា​តា ពោល​គឺ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​។

ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ បាន​យកឈ្នះ​លើ​ក្រុម​ផ្កាយ​ខ្មៅ​ហ្គា​ណា ដោយ​លទ្ធផល ៣-២ ដែល​ជា​ការ​ប្រកួត​លើក​ឆាក​ពូ​ល H នៃ​ព្រឹត្តិការណ៍ World Cup 2022 នៅ​ឯ​កីឡដ្ឋាន Stadium 974 ។ ជ័យជម្នះ​របស់​ក្រុម​លោកគ្រូ​បង្វឹក Fernando Santos រកបាន​ដោយ​ប្រធាន​ក្រុម Cristiano Ronaldo នៅ​នាទី​៦៥ ដោយ​ការ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ ហើយ​២​គ្រាប់​ផ្សេង​ទៀត រកបាន​ដោយ​កីឡាករ João Félix និង Rafael Leão នៅ​នាទី​៧៨ និង​៨០​។ ខណៈ​២​គ្រាប់​ចុង​ម៉ោង​របស់​ហ្គា​ណា រកបាន​ដោយ​ខ្សែបម្រើ​ស្លាប André Ayew និង Osman Bukari នៅ​នាទី​៧៣ និង​៨៩​។

នៅ​មុន​ការ​ប្រកួត​នេះ​កើតឡើង គេ​កត់សម្គាល់​ឃើញ Ronaldo បាន​សម្រក់​ទឹកភ្នែក​ដោយ​ក្តី​រំភើប​ជាទី​បំផុត នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​កំពុង​ស្រែកច្រៀង អំឡុង​ការ​គោរព​ភ្លេងជាតិ​របស់​ព័រ​ទុ​យ​ហ្គា​ល់​។ ខ្សែប្រយុទ្ធ​ដែល​កំពុង​គ្មាន​ក្លិប​លេង ក្រោយ​ការ​ប្រកាស​ចែកផ្លូវ​ជាមួយ​ក្លិប Manchester United កាលពី​ថ្មី​ៗ​រូប​នេះ បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ ដោយ​ក្លាយជា​កីឡាករ​ដំបូង​គេ​បំផុត​រក​គ្រាប់​បាល់​បញ្ចូល​ទី នៅ​ក្នុង​ការ​បង្ហាញខ្លួន​៥​លើក នៅ​ព្រឹត្តិការណ៍ World Cup ជាប់​ៗ​គ្នា​(២០០៦,២០១០,២០១៤,២០១៨,២០២២)​។

នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ហ្គា​ណា ម្ចាស់​ពាន Ballon D’or ៥​សម័យកាល​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ពាន​កី​ឡ​ការ​ល្អ​ប្រចាំការ​ប្រកួត​ផង​ដែរ (MOTM) ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ដំបូង​គេ​ឈ្នះ​ពានរង្វាន់​នេះ ច្រើន​ជាងគេ​បំផុត​នៅ​ព្រឹត្តិការណ៍ World Cup ពោល​ចំនួន​៧​ដង​។

ដោយឡែក ក្រ​ឡែក​ទៅ​កាន់ការ​ប្រកួត​១​គូ​ទៀត ដែល​ជា​ជំនួប​បើក​ឆាក​ក្នុង​ពូ​ល G ដោយ​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល បាន​យកឈ្នះ​លើ​ក្រុម​ឥន្ទ្រី​ស៊ែ​ប នៅ​ក្នុង​លទ្ធផល ២-០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់​ជើងឯក World Cup ៥​សម័យកាល​មួយ​នេះ សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Richarlison តែ​ម្នាក់ឯង ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​ជាមួយ​ប្រេ​ស៊ី​ល​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup របស់​ខ្សែប្រយុទ្ធ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur វ័យ​២៥​ឆ្នាំ​រូប​នេះ​។

ទោះ​ទទួល​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ​ក៏​ពិតមែន ប៉ុន្តែ​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​កំពុង​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​របួស​កំពូល​ខ្សែប្រយុទ្ធ Neymar របស់​ពួក​គេ​។ Neymar បាន​សម្រក់​ទឹកភ្នែក​នៅ​កៅអី​បម្រុង ដោយ​ត្រូវ​ប្តូរ​ចេញ​នៅ​នាទី​៨០ ព្រោះ​បញ្ហា​របួស​កជើង​ជាមួយ​សភាព​ហើម​ធ្ងន់ធ្ងរ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ខ្សែការពារ Nikola Milenkovic របស់​ស៊ែ​ប​។

ជាមួយ​គ្នា​នោះ វេជ្ជបណ្ឌិត​ក្រុម​ប្រេ​ស៊ី​ល​បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បារាំង PSG វ័យ​៣០​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ​ឡើង​វិញ សារ​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ​។ ខណៈ​លោកគ្រូ​បង្វឹក Tite ទទូច​យ៉ាង​ដូច្នេះ​ថា «​យើង​មាន​ទំនុកចិត្ត​ថា Neymar នឹង​បន្ត​លេង​នៅ World Cup 2022​។ ឥឡូវនេះ យើង​ត្រូវ​រង់ចាំ យើង​មិន​អាច​ធ្វើការ​អត្ថាធិប្បាយ​មុន​ពេល​លទ្ធផល​វេជ្ជបណ្ឌិត​បាន​នោះ​ទេ​»​។

នេះ​គឺ​លើក​ទី​៣​ហើយ សម្រាប់ Neymar ក្នុង​ការ​បង្ហាញខ្លួន​នៅ World Cup ជាមួយ​ប្រេ​ស៊ី​ល (២០១៤, ២០១៨, ២០២២) ប៉ុន្តែ​នៅ​មិន​ទាន់​ឈ្នះ​ជើងឯក​ជាមួយ​ប្រទេស​កំណើត​ខ្លួន​នៅឡើយ​ទេ ដ្បិត​ប្រេ​ស៊ី​ល​គឺ​ក្រុម​ឈ្នះ​ជើងឯក World Cup ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោល​ចំនួន​៥​លើក (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, ២០០២)​។

ខាងក្រោម​នេះ គឺជា​លទ្ធផល​ទាំងអស់​នៃ​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ៖
-​ពូ​ល G ស្វី​ស ១-០ កា​មេ​រូ​ន
-​ពូ​ល G ប្រេ​ស៊ី​ល ២-០ ស៊ែ​ប
-​ពូ​ល H អ៊ុយ​រ៉ា​ហ្គា​យ ០-០ កូរ៉េ​ខាងត្បូង
-​ពូ​ល H ព័រ​ទុ​យ​ហ្គា​ល់ ៣-២ ហ្គា​ណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ