ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​វ័យ​ចំណាស់​​អ្នកស្រី​ ឌី សា​វ៉េ​ត មានបំណង​ចង់​ធ្វើអ្វី?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ​ឌី សា​វ៉េ​ត បាន​ប្រកាស​បើក​បង្រៀន​សម្តែង​ដោយ​មិន​យក​ប្រាក់​សម្រាប់​យុ​វ័យ​ដែល​មាន​បំណង​ចង់​ក្លាយជា​តារា​សម្តែង​អាជីព​នា​ពេល​អនាគត ។
ការ​ប្រកាស

រាជធានី​ភ្នំពេញ ៖  តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ​ឌី សា​វ៉េ​ត បាន​ប្រកាស​បើក​បង្រៀន​សម្តែង​ដោយ​មិន​យក​ប្រាក់​សម្រាប់​យុ​វ័យ​ដែល​មាន​បំណង​ចង់​ក្លាយជា​តារា​សម្តែង​អាជីព​នា​ពេល​អនាគត ។
ការ​ប្រកាស​របស់​អ្នកស្រី​ ឌី សា​វ៉េ​ត នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ស្រប​ពេល​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ប​កំពុង​លូតលាស់​ទៅ​មុខជា​លំដាប់ តែ​តារា​មួយ​ចំនួន​ទេព​កោសល្យ​សម្តែង​នៅ​មាន​កម្រិត​នៅឡើយ​។

អ្នកស្រី​ឌី សា​វ៉េ​ត ថ្លែង ដោយសារ​តែ​អ្នកស្រី​ជា​មនុស្ស​មានសំណាង​មួយ​រូប​អាច​គេច​ផុត​ពី​សម័យ​ខ្មែរក្រហម និង​បន្ត​រស់រាន​មានជីវិត ដូចនេះ​អ្នកស្រី​តែងតែមាន​បំណង​ធ្វើ​អ្វីមួយ​ ដើម្បី​ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​នាម​អ្នកស្រី​ធ្លាប់​បម្រើ​វិស័យ​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ ។

ដោយ​ឈរ​លើ​កត្តា​នេះ​ហើយ ទើប​អ្នកស្រី​មាន​បំណង​បើក​បង្រៀន​ដល់​យុវវ័យ​ជំនាន់​ថ្មី​ពី​ការ​សម្តែង​ខ្សែភាពយន្ត ប្រសិនបើ​ពួក​គេ​ស្រឡាញ់​អាជីព​មួយ​នេះ និង​ចង់​ចេះ ចង់​យល់​ពី​ការ​សម្តែង ។
បច្ចុប្បន្ន​ជា​យុគសម័យ​ដ៏​ជឿនលឿន អ្នកស្រី​ឌី សា​វ៉េ​ត យល់​ថា ការ​ផលិត​កុន​ក៏​ជឿនលឿន​តាម​សម័យកាល​ដែរ ដែល​ការ​ផលិត​នេះ​មានការ​ខុស​គ្នា​ទាំងស្រុង​ក្នុង​សម័យ​កាលដែល​អ្នកស្រី​បាន​សម្តែង ។ អាស្រ័យ​លើ​កត្តា​នេះ ទាំង​បច្ចេកទេស និង​តួ​សម្តែង​ក៏​ត្រូវ​ទាមទារ​ឱ្យ​ដើរទៅ​តាម​សម័យកាល​ផង​ដែរ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត​តួ​សម្តែង​មួយ​ចំនួន​ហាក់​សម្តែង​នៅ​មាន​កម្រិត​នៅឡើយ ។

អ្នកស្រី​ឌី សា​វ៉េ​ត ថ្លែង​ថា «​តួ​សម្តែង​ក្នុង​សាច់​រឿង នីមួយ​ៗ​ត្រូវ​ទាមទារ​ធ្វើ​យ៉ាងណា​ទាក់ចិត្ត​ទស្សនិកជន​ដែល​ជា​អ្នក​ទស្សនា ប្រសិនបើ​តួ​កម្សត់ គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ក្តុកក្តួល ឬ​ក៏​យំ​តាម ហើយ​បើ​តួ​កាច គឺ​ធ្វើ​យ៉ាងណា​ឱ្យ​គេ​ស្អប់ និង​តួកំប្លែង​គឺ​ត្រូវ​ឱ្យ​អ្នក​ទស្សនា​សើច​។ ទាំង​អស់នេះ គឺ​ហៅ​ថា​ការ​សម្តែង​អស់ពី​សមត្ថភាព ។ ការ​សម្តែង គឺ​ត្រូវ​ទាមទារ​ការ​មានបទពិសោធន៍ ទើប​អាច​យល់​ពី​ការ​សម្តែង​បាន ក្នុង​នោះ​អ្នកខ្លះ​យល់​ថា​ស្រួល អ្នកខ្លះ​យល់​ថា​ពិបាក ប៉ុន្តែ​សំខាន់​យើង​ទាមទារ​ការ​ដាក់​អារម្មណ៍ យល់​ការ​សម្តែង និង​រៀនសូត្រ​ពី​តារា​ចាស់​ៗ ។ បើ​យើង​សម្តែង​គ្រាន់តែ​សម្តែង​នោះ​ការ​សម្តែង​របស់​យើង​មើលទៅ​មិន​អស់​ឡើយ ប៉ុន្តែ​ប្រសិនបើ​យើង​យក​សាច់​រឿង​ដែល​យើង​សម្តែង​ឱ្យទៅ​ជា​សាច់​រឿង​របស់​យើង​ពិតប្រាកដ​នោះ ការ​សម្តែង​របស់​យើង​នឹង​បាន​ល្អ ព្រមទាំង​អស់ពី​សមត្ថភាព​» ។

អ្នកស្រី​ឌី សា​វ៉េ​ត លើក​សរសើរ​តារា​សម្តែង​មួយ​ចំនួន​ដែល​សម្តែង​បាន​ល្អ ហើយ​ស៊ី​នឹង​តួអង្គ​ដែល​ខ្លួន​សម្តែង ។ ចំណែក​តារា​មួយ​ចំនួន​ទៀត​សម្តែង​មិន​ទាន់​បាន​ល្អ​បន្ថែម​ទៀត​ឡើយ ដូច្នេះ​ទាមទារ​ការ​ហាត់រៀន ។

អ្នកស្រី​ឌី សា​វ៉េ​ត បន្ត​អាជីព​សម្តែង​មក​ដល់​សម័យ​បច្ចុប្បន្ន ដោយ​ក្នុង​នោះ​អ្នកស្រី​បង្ហាញ​ស្នាដៃ ថ្មី​ៗ​ជា​បន្តបន្ទាប់​តាម​រយៈ​វី​ដេ​អូ​ភាគ និង​រឿង​ខ្នាត​ធំ​ក្នុង​នាម​ជា​តួអង្គ​ម្តាយ​។ ក្រៅពី​ស្នាដៃ​សម្តែង​ភាពយន្ត អ្នកស្រី​ឌី សា​វ៉េ​ត ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​សិល្បៈ ផ្សេង​ៗ​នៅ​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា ។

អ្នកស្រី​ឌី សា​វ៉េ​ត នៅ​តែ​មាន​មហិច្ឆតា​បន្ត​ការ​សម្តែង ទៀត ដើម្បី​ចូលរួម​ជ្រោមជ្រែង​វិស័យ​សិល្បៈ​ភាពយន្ត​ឱ្យ​រីក​ចម្រើន​ឡើង ៕