ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែចង់បានលុយ ធ្វើឱ្យក្មេងស្រីម្នាក់ ធ្លាក់ពីលើម៉ូតូ ហើយត្រូវឡានកិនស្លា.ប់

1 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនយុវជនម្នាក់ ជាចោរឆក់កាបូប…

កណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនយុវជនម្នាក់ ជាចោរឆក់កាបូប នៅពន្ធនាគារ​ខេត្តកណ្តាល។ សកម្មភាពរបស់ចោរឆក់នោះ បានធ្វើអោយក្មេងស្រីធ្លាក់ពី​លើម៉ូតូ ហើយ​ត្រូវរថយន្តកិនស្លា.ប់ រីឯម្តាយរងរបួសធ្ងន់។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូង​ខេត្តកណ្តាល បានប្រាប់​ថា ចោរឆក់កាបូបម្នាក់ និងបក្ខពួក ដែលកំពុងរត់គេចខ្លួន បណ្តាលអោយ​ក្មេងស្រី​ធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់ អាចប្រឈមជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ​។ សំណុំរឿងនេះ ​លោក ដែល​ជាតំណាងអយ្យការ បាន​ចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ” តាមមាត្រា៣៥៣ ​និងមាត្រា ៣៦០ នៃក្រមព្រហ្មទណ្ឌ​។ បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥(ដប់ប្រាំ)​ឆ្នាំ​ ទៅ ៣០(សាបសិប) ឆ្នាំ ប្រសិនអំពើរនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលធ្វើអំពើ​ហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លា.ប់ ដោយគ្មានចេតនាសម្លា.ប់​។

ជនត្រូវចោទ មានចំនួន ០២នាក់។ ទី១ ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) និងទី២ ឈ្មោះ ផា សុភណ្ឌ័ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុង​ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល កំពុងរត់គេចខ្លួន។

គួររំលឹកថា ក្នុងប្រតិបត្តិការ​បង្ក្រាបចោរឆក់នោះ បានធ្វើឡើង កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ លន ចន្ថា អធិការរងស្រុកស្អាង ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះ ចំនួន ០២នាក់ ទី១ ឈ្មោះ រឿន អារីកា ភេទស្រី អាយុ ៤ឆ្នាំ ជនជាតិ​ខ្មែរ បានស្លា.ប់នៅកន្លែងកើតហេតុ និង​ទី២ ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល)។ ទាំងពីរនាក់ ត្រូវជាម្ដាយ និងកូន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

លោកអធិការរង បានបន្ថែមទៀតថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូង ទៅជើង ឌុបជនរងគ្រោះ ឈ្មោះ អារីកា ត្រូវជាកូន​។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណៈពេលដែលជនរងគ្រោះ កំពុងបើកបរម៉ូតូស្របទិសដៅគ្នា មកដល់ទន្ទឹមនឹងរថយន្ដ ប្រភេទ​ដឹកទំនិញ ៥តោន ក៏ត្រូវ​ជនសង្ស័យ ឈ្មោះ ផា សុភ័ណ្ឌ ជាអ្នកបើកម៉ូតូ និង​ឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នកធ្វើសកម្មភាព បាន​ឆក់កាបូបជនរងគ្រោះ ឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះ ខ្ទាតជនរងគ្រោះ ឈ្មោះ អារីកា ចូលទៅក្រោមរថយន្ត កិន​ស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្ដង៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ