ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​កើត​មាន​ពេញបន្ទុក​នៅ​តាម​ផ្ទៃ​បឹង​និង​ដង​ទន្លេតូច

1 ឆ្នាំ មុន
  • កណ្តាល

បទល្មើស​នេសាទ​ដោយ​ប្រើឧបករណ៍​ទ​ឡុ​ក​ស្បៃ​មុង និង​ការ​ដាក់​ដាយ​បង្កង ដាយ​ត្រី​លិញ ដោយ​ឈ្មួញ​ជនជាតិ​វៀតណាម និង​ខ្មែរ ប​ច្ចុន្ន​នេះ​គេ​ឃើញ​កើត​មាន​ពេញបន្ទុក​នៅ​តាម​ផ្ទៃ​បឹង និង​ដង​ទន្លេតូច​ក្នុង​ខេត្ត

ខេត្តព្រៃវែង ៖ បទល្មើស​នេសាទ​ដោយ​ប្រើឧបករណ៍​ទ​ឡុ​ក​ស្បៃ​មុង និង​ការ​ដាក់​ដាយ​បង្កង ដាយ​ត្រី​លិញ ដោយ​ឈ្មួញ​ជនជាតិ​វៀតណាម និង​ខ្មែរ ប​ច្ចុន្ន​នេះ​គេ​ឃើញ​កើត​មាន​ពេញបន្ទុក​នៅ​តាម​ផ្ទៃ​បឹង និង​ដង​ទន្លេតូច​ក្នុង​ខេត្តព្រៃវែង ។

ជាក់ស្ដែង នៅ​តាម​ដង​ទន្លេតូច​ចាប់ពី​ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ក្រោយ​ផ្សារ​ដីក្រហម​រហូត​ដល់​ចំ​ណុ​ច​ដើម​រកា ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ មាន​ជន​ជាតិ​វៀតណាម​ដាក់​ដាយ​បង្កង និង​ដាយ​ត្រី​លិញ កាត់​​ទន្លេតូច​ចំនួន​៣​កន្លែង ។ ចំណែក​នៅ​ចំណុច​ស្ពាន​ព្រែក​ជា​ម៉ា និង​ព្រែក​អតីត​ឡូត៍​នេសាទ​លេខ​៥​​គោ​កំប៉ុង មាន​តែ​ជនជាតិ​វៀតណាម​ឈ្មោះ ធី ផ្ទះ​នៅ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ កំពុង​ដាក់​ដាយ​បង្កង និង​ដាយ​ត្រី​លិញ​កាត់​ព្រែក​ក្នុងភូមិអន្លង់​ទ្រា ឃុំ​អន្លង់​ជ្រៃ ស្រុក​ពោធិ៍​រៀង ប្រមូល​ផល​ត្រី​មួយ​ថ្ងៃ​ៗ​រាប់​តោន​ជ្រក​ក្រោម​ផ្លា​ក​សហ​គម​ន៍ ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន ។

ការ​កើត​មាន​សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា​មានការ​ឃុបឃិត​ប្រមូល​លុយ​ចែក​គ្នា​ដាក់​​ហោប៉ៅ​រៀង​ៗ​ខ្លួន ដោយ​មិន​យក​លុយ​ដែល​បាន​ពី​ប្រមូល​ផល​ត្រី​នេះ​មក​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន ។ ក្នុង​១​ឆ្នាំ​ៗ រាល់​ការ​ធ្វើ​ផ្លូវ​ឬ​ស្ដារ​ប្រឡាយ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេង​ៗ​គ្នា សុទ្ធតែ​ថវិកា​របស់​ថ្នាក់​ជាតិ និង​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន ឬ​ប្រាក់​បដិភាគ​របស់​ប្រជា​ពល​រដ្ឋ ។

ជា​ការ​ពិត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កាត់​រំសាយ​ឡូត៍​នេសាទ​ចោល​ដើម្បី​ទុក​ផ្ទៃ​បឹង​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត បែរជា​មន្ត្រី​គ្រាប់​ល្ពៅ​មួយ​ចំនួន អនុវត្ត​វិធីសាស្ត្រ កន្ទេល​ធំ​បន្លំ​ដេក ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណា​ម​ដាក់​ដាយ​ក្រឡា​ញឹក​កាត់​ព្រែក កាត់​ទន្លេ​តូច​ជ្រក​ក្រោម​ផ្លា​ក​សហគមន៍​ប្រមូល​ផល​ត្រី​មួយ​យប់​ៗ​រាប់​តោន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ខាងលើ​នេះ សង្ស័យ​មក​ពី​មន្ត្រី​ជលផល​ខេត្ត ក្រៅពី​ឃុប​ឃិត​​ជាមួយ​បទល្មើស​នេសាទ​ជ្រក​ក្រោម​ផ្លា​ក​សហគមន៍ ក៏​បង្កើត​ឲ្យ​មាន​បទ​ល្មើ​សឡុក​ស្បៃ​មុង​កើត​មាន​ព្រោងព្រាត​ពាសពេញ​ផ្ទៃ​បឹង ព្រោះ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ អាជ្ញាធរ​ឬ​សមត្ថកិច្ច​​ស្ថាប័ន​​ណា​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ ។ គេ​ឃើញ​តែ​ក្រុម​មន្ត្រី​ជលផល មកប្រមូល​លុយ​ពី​អ្នក​ដា​ក់ឡុក​ស្បៃ​មុង និង​ដាក់​សម្រាស់​តាម​ដង​ទន្លេតូច ក្នុង​ម្នាក់​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល​រហូត​ដល់​១០​ម៉ឺន​រៀល ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង បាន​ប្រាប់​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា បើ​ចង់​ដឹង​ច្បាស់​សូមអ្នក​សារព័ត៌មាន​ចុះ​ទៅ​ជួប​គណៈ​កម្មការ​សហគមន៍ គេ​នឹង​បង្ហាញ​ឯកសារ​ឱ្យ​មើល​ហើយ ។ រីឯ​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជល​ផល បើសិនជា​មាន​សាក្សី​ណា​គាត់​ច្បាស់​ជួយ​បង្ហាញ​មក លោក​នឹង​ចាត់​វិធានការ​ភ្លាម ហើយ​ក៏​លាក់​ប្រភព​អ្នករាយការណ៍​ផងដែរ​មិន​ចាំបាច់​ខ្លាច​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ