ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជន​ពិការ​ជាតិ​លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជន​ពិការ​ជាតិ​លើក​ទី​១ ដែល​រៀបចំ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​នេះ មាន​មហាជន​ចូលរួម​សរុប​ជាង ៤​ម៉ឺន​នាក់​។ ព្រឹត្តិការណ៍​នេះ​ក៏​មានការ​បង្ហាញ​ជូន​នូវ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ជា​ច្រើន​ទម្រង់ សម្តែង​ដោយ​កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ជាង​១​ពាន់​នាក់​, ការ​រាំ​ចង្វាក់រាំវង់ ឡាំ​លាវ ដែល​ជា​ការ​រាំ​ចង្វាក់​ប្រជាប្រិយខ្មែរ ដោយ​នារី​ខ្មែរ​ប្រមាណ ៥០០​នាក់​, សម្ដែង​ក្បាច់គុន​ល្បុ​ក្ត​តោ​, បាញ់​កាំជ្រួច​ទំនើប​ចម្រុះ​ពណ៌ រួម​ទាំង​ទស្សនីយភាព​ផ្សេង​ៗ​ទៀត ដែល​មាន​អ្នកចូលរួម​សម្ដែង​សរុប​ប្រមាណ ២.០០០​នាក់​។

ព្រឹត្តិការណ៍​កីឡា​ជាតិ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ធ្វើ​ឡើង​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី និង​អត្ត​ព​លិ​ក ឆ្ពោះទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ប្រមាណ ៦៤​ឆ្នាំ​មក​ហើយ ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មាន​លំនាំ​ដូចនឹង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​តែ​ម្តង ដើម្បី​ពង្រឹងសមត្ថភាព​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ ។ ព្រឹត្តិការណ៍​កីឡា​ជាតិ​ត្រូវ​បាន​រៀបចំ​ឡើងរៀង​រាល់​ពីរ​ឆ្នាំ​ម្តង ប៉ុន្តែ​ឆ្នាំ​២០២០ ព្រឹត្តិការណ៍​នេះ​បាន​ខកខាន​រៀបចំ​ដោយសារ​តែ​ការ​រាតត្បា​ត​ជំងឺ​កូ​វី​ដ​១៩​។

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជន​ពិការ​ជាតិ​លើក​ទី​១ ធ្វើ​ឡើង ក្រោម​ពាក្យស្លោក «​កីឡា​នាំ​មក​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍ​» មាន​រយៈពេល​ប្រមាណ ១២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​។

លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​, ខេត្តកំពត​, ព្រះ​សីហ​នុ​, កែប និង​ខេត្តសៀមរាប លើ ៣៨​ប្រភេទ​កីឡា​ស្មើនឹង​៣៥៦ វិញ្ញាសា និង​មាន​ប្រតិភូ​កីឡា​សរុប ៤.៣៣៦​នាក់ ។ ដោយឡែក ការ​ប្រកួត​កីឡា​ជន​ពិការ​ជាតិ​លើក​ទី​១ មាន​ប្រតិភូ​កីឡា​មក​ពី​រាជធានី​-​ខេត្ត​ចំនួន​១៥ សរុប ២២២​នាក់ និង​មាន​០៧​ប្រភេទ​កីឡា ស្មើនឹង​៤៩​វិញ្ញាសា រួម​មាន អត្តពលកម្ម ហែល​ទឹក បាល់បោះ​ជិះរទេះ បាល់ទះ​អង្គុយ វាយ​សី វាយ​កូន​ឃ្លី​លើ​តុ និងបូ​ស្យា​។

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាបាន​គូសបញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាជាតិ និង​កីឡា​ជន​ពិការ​ជាតិ​នេះ មាន​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត​កម្រិត​ជាតិ និង​ឈាន​ទៅ​រក​ស្តង់ដា​នៃ​ការ​ប្រកួត​កម្រិត​តំបន់ ព្រមទាំង​ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ និង​ដណ្តើម​មេដាយ​ឱ្យ​បាន​ច្រើន នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣​។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​គោលបំណង​ផ្តល់​ឱកាស​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​បច្ចេកទេស ដែល​បាន​បណ្តុះបណ្តាល​រួច​ហើយ ដោយ​ផ្តល់​ឱកាស​ដល់​មន្ត្រី​ទាំងនោះ​បាន​ចូលរួម​ក្នុង​ការ​រៀបចំ និង​ការ​កាត់សេចក្តី​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​ទីលាន​ប្រកួត​។

ព្រឹត្តិការណ៍​នេះ ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី បាន​ចូលរួម​ប្រកួត និង​វាស់​ស្ទង់​គុណ​ផល​កីឡា ព្រមទាំង​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ប្រកួត ផ្តល់​ឱកាស​ដល់​រាជធានី ខេត្ត​ទាំង​៥ ដើម្បី​សាកល្បង​រៀបចំ​ទីតាំង សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម តាមដាន និង​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា ។ ព្រឹត្តិការណ៍​នេះ ក៏​ជា​ការ​សាកល្បង​ការ​រៀបចំ​ពិធី​បើក និង​ពិធី​បិទ សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នៅ​ឆ្នាំ​២០២៣​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ