ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ ជ័យ ប៊ុ​ន​ឈឿ ទទួលមរណភាព​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដាច់​បាយ​ដាច់​ទឹក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ លោក​ជ័យ ប៊ុ​ន​ឈឿ ដែល​គេ​ស្គាល់​ថា ជា​អតីត​អាជ្ញាកណ្ដាល​ល្បីឈ្មោះ​បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដាច់​បាយ​ដាច់​ទឹក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ លោក​ជ័យ ប៊ុ​ន​ឈឿ ដែល​គេ​ស្គាល់​ថា ជា​អតីត​អាជ្ញាកណ្ដាល​ល្បីឈ្មោះ​បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែឧសភា ។ លោក​ទទួលមរណភាព​ក្នុង​វ័យ​៧៩​ឆ្នាំ ដោយ​សព​របស់​លោក​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដើម្បី​ឱ្យ​កូនចៅ និង​អតីត​សិស្ស​របស់​គាត់​បាន​ចូលរួម ។

លោក រ៉ូ​ន រិ​ទ្ធី បាន​អះអាង​ថា លោក​ជ័យ ប៊ុ​ន​ឈឿ បាន​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​ប្រមាណ​ជា​៥​ខែ​មក​ហើយ ប៉ុន្តែ​ដោយ​លោក និង​គ្រួសារ​មិន​ហ៊ាន​ធ្វើការ​អំពាវនាវ​ណាមួយ​ថ្មី​តែ ព្រោះ​ទើបតែ​អំពាវនាវ​ហើយ ក៏​សុខចិត្ត​ទ្រាំ​លំបាក និង​បណ្ដោយ​ឱ្យ​ដុំ​សាច់​ដុះ​ឡើងជា​ថ្មី​រីក​ធំ​ទៅ​ៗ ព្រោះតែ​គ្មាន​ប្រាក់​ព្យាបាល ទើប​លោក​បាត់បង់​កម្លាំង​ដែល​បង្ក​ពី​ដុំ​សាច់​នៅ​ត្រង់​ភ្លៅ​នេះ​។ លោក​បាន​ធ្លាក់​ក្នុង​សភាព​ស​ម្រា​ន​នៅ​កន្ទេល ដោយ​និយាយ​ឮ​តែ​ខ្យល់​តែ​ម្ដង សូ​ម្បី​តែ​បាយ​ទឹក គឺ​ឱ្យ​តែ​បញ្ចុក​ចូល​ពោះ​ក្អួត​ចេញ​គ្មាន​សល់​តែ​ម្ដង​។ ចំណែក​ជើង​ខាងស្ដាំ​របស់​លោក​ហើម​ឡើង​រលោង ហើយ​ដុំ​សាច់​ដែល​ដុះ​ម្ដងទៀត​នោះ​មាន​សភាព​រឹង​នឹង​ធ្វើ​ឱ្យ​លោក​តាក​ម្រាក​មិន​បាន ដើរ​ក៏​មិន​រួច​ដែរ ទើប​ការ​សង្គ្រោះ​មិន​អាច​ទៅ​រួច​។ ដុំ​សាច់​នោះ​ធ្លាប់​កើ​ម្ដង​ហើយ ប៉ុន្តែ​ក្រោម​ការ​មាន​ជំនួយ​វះកាត់​លោកតា​ក៏​ធូរស្រាល និង​ដើរ​បាន​ធម្មតា​។ ប៉ុន្តែ​ក្រោយមក​ដុំ​សាច់​នោះ​ដុះ​ថ្មី​ម្តងទៀត​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ  ដោយ​ការ​ដុះ​ឡើង​លើក​នេះ​គឺ​រីក​ធំ​លឿន ហើយ​រឹង​ដូច​ដុំ​ថ្ម​ធ្វើ​ឱ្យ​លោកតា​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ៗ រហូត​ទទួលមរណភាព​តែ​ម្តង​។ ហើយ​លោកតា​បន្តជីវិត​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ ដោយសារ​តែ​កូនចៅ​រ៉ៃ​លុយ​គ្នា​ដាក់​ស៊ី​រ៉ូ​ម​ឱ្យ​តែ​ប៉ុណ្ណោះ បើ​តាមតែ​សភាព​ធ្វើទុក្ខ គឺ​មិនដឹង​ជា​លោកតា​ត្រូវ​បាត់បង់​ជីវិត​តាំងពី​ពេល​ណា​នោះ​ទេ​។

សព​របស់​លោក​ត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​ខេត្តបាត់ដំបង ដោយ​គំរោង​នឹង​សម្រេច​បូជា​នៅ​ថ្ងៃ​ច័ន្ទ​អាស្រ័យ​តាម​ការ​គន់គូ​របស់​លោក​អាចារ្យ ឬ​អាច​បូជា​មុន ឬ​ក្រោយ​នេះ​អាស្រ័យ​ទៅ​លើ​ការ​ពិភាក្សា​របស់​កូនចៅ​បន្ថែម​ទៀត​។ យ៉ាងណាមិញ​គ្រួសារ​សព​មិន​មាន​លទ្ធភាព​តម្កល់សព​របស់​លោក​យូរថ្ងៃ​នោះ​ទេ គឺ​ឱ្យ​តែ​អា​ចា្យ​កំណត់​ថ្ងៃ​ណា​ល្អ​នោះ គឺ​ពិធី​នឹង​ត្រូវ​សម្រេច​ហើយ​។ ចំណែក​កូន​ទាំង​៦​របស់​លោក​ជ័យ ប៊ុ​ន​ឈឿ សុទ្ធតែ​បាន​ត្រឹម​មួយរ​ស់ទាំង​លំបាក ព្រោះ​កូនប្រុស​២​គឺ​កម្មករ​សំណង់​ក្នុង​ចំណោម​៣​នាក់ ហើយ​កូនស្រី​៣​នាក់ ខ្លះ​កូនខ្ចីរ​កអី​មិន​បាន និង​ខ្លះ​រស់នៅ​បាន​ព្រឹក​ខ្វះ​ល្ងាច​។ ក្រោយ​ការ​បាត់បង់​លោក​ជ័យ ប៊ុ​ន​ឈឿ លោក​មាន​បារម្ភ​ខ្លាច​ពិធី​បុណ្យសព​មិនសូវ​មាន​អ្នកចូលរួម​ធ្វើបុណ្យ​ច្រើន ព្រោះ​ផ្ទះ​បុណ្យ​លោកតា​នៅ​ខេត្តបាត់ដំបង​ឆ្ងាយ ហើយ​អ្វី​ដែល​សំខាន់​គឺ​លោក​ខ្លាច​អ្នក​ធ្លាប់​មាន​ប្រវត្តិ​រួម​អាជីព​ជាមួយ​លោកតា​បំភ្លេច​លោកតា​តែ​ម្ដង ដូច្នេះ​មាន​តែ​ការ​ជ្រោមជ្រែង​ពី​សប្បុរសជន​ប៉ុណ្ណោះ ទើប​ពិធី​បុណ្យសព​របស់​លោក​ជ័យ ប៊ុ​ន​ឈឿ នឹង​អាច​ធ្វើ​ទៅ​បាន​សមរម្យ​។

លោក​រ៉ូ​ន រិ​ទ្ធី បន្ត​ថា លោក​ជ័យ ប៊ុ​ន​ឈឿ មានផ្ទះ​ផ្ទាល់ខ្លួន តែ​មិនមែន​ជា​ផ្ទះ​ធំដុំ​នោះ​ទេ ដោយ​ផ្ទះ​មួយ​នោះ​ក៏​ទទួល​បាន​ពី​អំណោយ​សប្បុរសធម៌​ផង​ដែរ​។ លោក​ស្នើ​ឱ្យ​មានការ​ជួយ​ជ្រោមជ្រែង​ដល់​ពិធី​បុណ្យសព​ផង ដើម្បី​ដំណាក់​ចុងបញ្ចប់​របស់​លោកតា​មាន​ភាពសមរម្យ​ក្នុង​ការ​ធ្វើបុណ្យ​បូក​រួម​ទាំង​បុណ្យ​៧​ថ្ងៃ និង​១០០​ថ្ងៃ​ផង​៕