ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សីហា និង ថុ​ល មក​រា ណាត់ជួប​កីឡាករ​ថៃ​សាក​វិជ្ជា​គុន​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​ប្រដាល់​ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប

រាជធានី​ភ្នំពេញ ៖ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​ប្រដាល់​ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ភី​អិន​អិន ថ្ងៃអាទិត្យ​ទី​១៤ ឧសភា ។

គូ​អន្តរជាតិ​ទី​១ កីឡាករ​កម្ពុជា ពេជ្រ  សីហា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ខ្វាន់ អេក ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ កីឡាករ​ថៃ​រូប​នេះ​ទោះបី​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​ពី​មុន​មក​មែន ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​មួយនេះ​ហាក់ដូចជា​ដឹង​ច្បាស់​ពី​សមត្ថភាព​កីឡាករ​ថៃ​រហូត​ហ៊ាន​និយាយ​ថា បើសិនជា​គេ​មិន​ខ្លាំង​ក៏​មិន​ដាក់​ឱ្យ​ប្រកួត​ជាមួយ ពេជ្រ សីហា​ដែល​ជា​ជើង​ខ្លាំង​ល្បីឈ្មោះ​ពិបាក​រក​គូប្រកួត​នោះ​ដែរ ។ ទោះបី​យ៉ាងណា ពេជ្រ សីហា មួយ​រយៈ​មកនេះ​ហាក់​ធ្លាក់​កូដ​ជាង​មុន​បន្តិច​ដោយសារ​មិន​បាន​ឡើង​សង្វៀន​ញឹកញាប់​ដូច​មុន​ទើបការ​មក​ជួប​កីឡាករ​ថៃ​លើក​នេះ​គេ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ​កម្ពុជា ថុ​ល មក​រា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ផេ​ត ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ត្រូវ​អ្នក​រៀបចំ​កម្មវិធី​អះអាង​ថា ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ ។

រីឯ​ថុ​ល មក​រា គឺជា​អ្នក​ប្រដាល់​ដែល​មានចិត្ត​សឿង​បំផុត ។ កីឡាករ​រូប​នេះ​មិនសូវ​ពូកែ​ស្នៀត​កែង​និង​ជង្គង់​ទេ តែបើ​និយាយ​ពី​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​វិញ​គឺ​រស់​រវើក​តែ​ម្ដង ។ ចាំ​មើល​ការ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​២​លើក​នេះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មានកីឡាករ យ៉ង ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លិប​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ ចាន់ ស៊ី​ណាត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ និង​កីឡាករ ចូ​ច ង៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕