ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​អ្វីខ្លះ​មិន​គួរ​ឱ្យ​សេពគប់ និង​រំខាន​ដល់​អ្នក​ដទៃ

6 ឆ្នាំ មុន

បុគ្គល​គ្រប់​រូប​តែង​ចង់ឱ្យ​គេ​ស្រឡាញ់​ចូល​ចិត្ត ជា​មនុស្ស​មានទឹក​ចិត្តល្អ និង​ទន់ភ្លន់​ជាមួយ​អ្នក​ដទៃ ។ ប៉ុន្តែ​ឥរិយាបថ​នេះ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​ទេ ព្រោះ​ពេល​ខ្លះ​យើង​បែរជា​មាន​ឥរិយាបថ​មិន​សមគួរ និង

បុគ្គល​គ្រប់​រូប​តែង​ចង់ឱ្យ​គេ​ស្រឡាញ់​ចូល​ចិត្ត ជា​មនុស្ស​មានទឹក​ចិត្តល្អ និង​ទន់ភ្លន់​ជាមួយ​អ្នក​ដទៃ ។ ប៉ុន្តែ​ឥរិយាបថ​នេះ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​ទេ ព្រោះ​ពេល​ខ្លះ​យើង​បែរជា​មាន​ឥរិយាបថ​មិន​សមគួរ និង​ក្លាយជា​បុគ្គល​មិន​គួរ​ឱ្យ​សេពគប់ គួរ​ឱ្យ​រំខាន និង​គ្មាន​អ្នក​ណា​ចូល​ចិត្ត ។ យើង​សាកល្បង​ពិនិត្យ​ខ្លួនឯង​មើល​ថា តើ​មាន​ឥរិយាបថ​ដូច​ខាងក្រោម​នេះ​ឬទេ ប្រសិនបើ​មាន ត្រូវ​ឈប់​ប្រព្រឹត្ត ហើយ​កែ​តម្រង់​ឡើង​វិញ ។

១-​និយាយ​តែ​រឿង​របស់​ខ្លួន ៖
មនុស្ស​ជា​ច្រើន​មាន​ឥរិយាបថ​បែប​នេះ​ដោយ​មិនដឹង​ខ្លួន ។ នៅ​ពេល​ដែល​អ្នក​ចាប់អារម្មណ៍​តែ​លើ​ខ្លួនឯង និយាយ​តែ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជា​ញឹកញាប់ គួរតែ​លះបង់​វា​ចេញ ។ បើ​អ្នកមាន​ឥរិយាបថ​បែប​នេះ គឺ​ដល់​ពេលវេលា​ត្រូវ​ផ្លាស់​ប្តូរ​វា​ហើយ ព្រោះ​គ្មាន​នរណា​ចង់​សេពគប់​ជាមួយ​បុគ្គល​ចាប់អារម្មណ៍​តែ​រឿង​ខ្លួនឯង​ទេ ។ អ្នក​អាច​បើកឱកាស​ឱ្យ​អ្នក​ដទៃ​បាន​និយាយ​រឿង​របស់​ពួក​គេ​ខ្លះ​ផង។

២-​ចាប់អារម្មណ៍​តែ​ផ្នែក​ខាងក្រៅ ហើយ​មើល​រំលង​ផ្នែក​ខាងក្នុង ៖
រូបរាង​ខាងក្រៅ​មិនមែន​ជា​ភាព​ដែល​ស្រស់​ស្អាត​ទាំងអស់​ទេ ព្រោះ​ភាព​ស្រស់​ស្អាត​ពិតប្រាកដ គឺ​ស្ថិត​នៅ​ចិត្តគំនិត ។ មនុស្ស​មាន​ឥរិយាបថ​មិន​គួរ​ឱ្យ​សេពគប់ តែង​ផ្តល់​ភាព​សំខាន់​លើ​រូបរាង​ខាងក្រៅ ។ បើ​អ្នកមាន​ចរិត​បែប​នេះ ហើយ​មិន​ព្រម​កែប្រែ​អាកប្បកិរិយា​នេះ​ចេញ​ទេ អាច​សាកល្បង​ឆ្លុះកញ្ចក់ ហើយ​មើល​ឱ្យ​ជ្រៅ​ដល់​ខាងក្នុង​សាកមើល អ្នក​នឹង​ឃើញ​ស្រមោល​ដែល​គួរ​ឱ្យ​ស្អប់​នៅ​ក្នុង​នោះ ។

៣-​ចូល​ចិត្ត​ប្រកួតប្រជែង​គ្រប់ពេល ៖
ការ​ដែល​អ្នក​ក្លាយជា​មនុស្ស​ចូល​ចិត្ត​ខ្វាយខ្វល់​ចង់​ប្រជែង​គ្រប់ពេល តើ​នឹង​អាច​យកឈ្នះ​លើ​អ្នក​ដទៃ​បាន​រហូត​មែន​ទេ ? បើ​មែន វា​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​មិន​គួរ​ចូល​ក្បែរ ។ អ្នក​គួរតែ​បារម្ភ​ពី​មិត្តភក្តិ​ឱ្យ​ច្រើន​ជាង​នេះ និង​បណ្តោយ​ឱ្យ​ពួក​គេ​រស់នៅ​តាម​បែប​របស់​គេ ដូច​ជា បើ​អ្នក​ឃើញ​មិត្តភក្តិ​កំពុង​តែ​ធ្វើ​អ្វីមួយ ហើយ​អ្នក​និយាយ​ថា ៖ « ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ឬ ខ្ញុំ​ធ្វើ​បាន​ច្រើន​ជាង​នេះ​ទៀត » ។ អ្នក​អាច​ប្តូរ​ការ​គិត​បែប​នេះ ហើយ​និយាយ​ដោយ​ផ្តល់​កម្លាំងចិត្ត​ដល់​ពួក​គេ​ជំនួស​វិញ​ថា ៖ « អូ​ហូ​! ឯង​ធ្វើ​បាន​ល្អ​ណាស់ ខ្ញុំ​មាន​មោទនភាព​ចំពោះ​រូប​ឯង ចូរ​ព្យាយាម​បន្ត​ទៀត​»… វា​នឹង​ប្រសើរ​ជាង ។

៤-​មើល​មិត្ត ជាស​ត្រូវ ៖
មនុស្ស​ប្រភេទ​នេះ ជា​ញឹកញាប់ តែង​មាន​អារម្មណ៍​ចង់​ប្រកួតប្រជែង​ជាមួយ​អ្នក​ដទៃ ជា​ជាង​សហការ​គ្នា​ជា​ក្រុម ។ ពួក​គេ​មិន​អើពើ​ជាមួយ​មិត្តភក្តិ ហើយ​បែរជា​ចាក់​ពីក្រោយ​ខ្នង​ទៅ​វិញ ។ មិត្តភក្តិ មិនមែន​ជាស​ត្រូវ​ទេ ព្រោះ​ពួក​គេ​នៅ​ក្នុង​ក្រុម​តែ​មួយ​ជាមួយ​អ្នក ។

៥-​ទាមទារ​តែ​លើ​ភាព​សំខាន់​របស់​ខ្លួន ៖
អ្នក​នឹង​កាន់តែ​ក្លាយជា​បុគ្គល​មិន​គួរ​ឱ្យ​ចូល​ចិត្ត​ថែម​ទៀត បើសិនជា​អ្នក​គិតតែ​សួរ​ថា ហេតុ​អ្វី​បានជា​អ្នក​ដទៃ​មើល​មិនឃើញ​ពី​តម្លៃ​របស់​អ្នក ដូច​ជា ពេល​មិត្ត​របស់​អ្នក​ទៅ​កម្សាន្ត​តែ​២​នាក់ ហើយ​ភ្លេច​បបួល​អ្នក ដែល​ពួក​គេ​គិត​ថា វា​ជា​រឿង​ធម្មតា តែ​អ្នក​បែរជា​មិន​ពេញចិត្ត ។ ជីវិត​ពួក​គេ​អាច​រស់នៅ​បាន ទោះបីជា​គ្មាន​រូប​អ្នក​នៅ​ជាមួយ​ក្តី ។

៦-​ចូល​ចិត្ត​បង្គាប់បញ្ជា ៖
នៅ​ក្នុង​ក្រុម​មិត្តភក្តិ​គួរតែ​ស្មើ​ៗ​គ្នា បើសិនជា​អ្នក​សម្រេចចិត្ត​អ្វីមួយ​ក្នុង​ក្រុម​តែ​ម្នាក់ឯង​រហូត នោះ ដោយ​បង្គាប់បញ្ជា ហើយ​ព្យាយាម​ត្រួតត្រា​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​គ្រប់ពេល​បង្ហាញ​ថា អ្នក​កំពុង​មាន​ឥរិយាបថ​មិន​គួរ​ឱ្យ​សេពគប់ ។

៧-​មិន​ស្មោះត្រង់ ៖
ភាព​ស្មោះត្រង់ គឺ​មិត្តភក្តិ​ល្អ​តែង​ប្រកាន់​យក ហើយ​មនុស្ស​គ្រប់​រូប​គួរតែ​មាន ។ បុគ្គល​មិន​គួរ​ឱ្យ​ចូល​ក្បែរ គឺ​គ្មាន​ភាព​មិន​ស្មោះត្រង់ និង​ចូល​ចិត្ត​កុហក​គ្រប់​រឿង ។ កុំ​ភ្លេច​ថា ភាព​ស្មោះត្រង់​ជា​រឿង​សំខាន់​បំផុត​ក្នុង​ចំណងមិត្តភាព និង​បង្កើត​ទំនុកចិត្ត​ផង​ដែរ ។

៨-​ទ្រគោះបោះបោក ៖
បើសិនជា​អ្នកមាន​អត្ត​ចរិត​មិន​សុភាព ឬ​ធ្វើ​ឱ្យ​អ្នក​ដទៃ​លក់​មុខ​ចំពោះ​សាធារណជន ដោយ​ភាព​ទ្រគោះបោះបោក​របស់​អ្នក ចូរ​បញ្ឈប់​វា មុន​នឹង​ត្រូវ​មិត្តភក្តិ​បោះបង់ ។ ពេល​ខ្លះ​ដោយសារ​តែ​អ្នក​មើល​មិនឃើញ​អ្វី​ដែល​អ្នក​ដទៃ​មើលឃើញ តែ​វា​មិន​ចាំបាច់​ឡើយ​ដែល​អ្នក​ត្រូវ​បង្ហាញ​អត្ត​ចរិត​មិន​សុភាព​ចំពោះ​ទស្សនៈ​ផ្សេង​គ្នា ព្រោះ​អ្នក​ដទៃ​មើលឃើញ​តែ​ឥរិយាបថ​អាក្រក់​ច្រើន​ជាង​គំនិត​របស់​អ្នក ។

៩-​ជា​បុគ្គល​ពឹងពាក់​មិន​បាន តែ​បែរជា​សុំ​ជំនួយ​ពី​អ្នក​ដទៃ ៖
នៅ​ពេល​មិត្តភក្តិ​មានទុក្ខ តើ​អ្នក​បាន​ជួយ​អ្វីខ្លះ​ដល់​ពួក​គេ ? ឬ​អ្នក​រវល់​ជាប់ រហូត​គ្មាន​អ្នក​ណា​ម្នាក់​អាច​ពឹងពាក់​អ្នក​បាន ។ បើសិនជា​ដូច្នោះ អ្នក​ក៏​កំពុង​ក្លាយជា​មនុស្ស​មិន​គួរ​ឱ្យ​សេពគប់ ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​គិតតែ​សុំ​ជំនួយ​ពី​អ្នក​ដទៃ តែ​មិន​ធ្លាប់​ជួយ​ពួក​គេ​វិញ នឹង​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ជា​មិត្ត​ជាមួយ​ទេ ។

១០-​តែង​មើល​ពិភព​ខាងក្រៅ​ក្នុង​ផ្លូវ​អាក្រក់​៖
ការ​មើល​ពិភព​ខាងក្រៅ​ក្នុង​ផ្លូវ​អាក្រក់ វា​មិនមែន​ជា​គុណសម្បត្តិ​ទេ ។ បើសិនជា​អ្នក​មើលទៅ​ពិភព​ខាងក្រៅ​ក្នុង​ផ្លូវ​អវិជ្ជមាន គិត និង​និយាយ​តែ​រឿង​អាក្រក់​ៗ អ្នក​អាច​ផ្លាស់​ប្តូរ​ឥរិយាបថ​ជា​ថ្មី ដោយ​មើល​ពិភព​ខាងក្រៅ​ក្នុង​ផ្លូវ​វិជ្ជមាន​ឱ្យ​ច្រើន ៕