គ្រោះរាំងស្ងួតដែលរាតត្បាតនៅភាគនិរតីប្រទេសចិននៅបន្ដទៀត ហើយសភាពការណ៍ហាក់ដូចជាធ្ងន់ធ្ងរនាខែនេះ ពីព្រោះ មានភ្លៀងធ្លាក់តិចបំផុត ហើយសីតុណ្ហភាព មានខ្ពស់ ។ នេះជាការគូសបញ្ជាក់របស់លោកចេន ឡី នាយករងនៃការិយាល័យរដ្ឋទទួលបន្ទុកខាងត្រួតពិនិត្យទឹកជំនន់ និងតស៊ូប្រឆាំងគ្រោះរាំងស្ងួត ។
ការខ្វះខាតទឹកអាចធ្ងន់ធ្ងរក្នុងខែមេសា ហើយនឹងមានការលំបាកបំផុតក្នុងការធានាផ្ដល់ទឹកសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងបំរើផលិតកម្មកសិកម្ម ។ លោកចេន ឡី ដែលក៏ជារដ្ឋមន្ដ្រីក្រសួងធនធានទឹកផងដែរ បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងខ្លាំងនានា ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាត ។ លោកបន្ដថា ការធានាផ្គត់ផ្គង់ទឹកប្រចាំថ្ងៃដល់ប្រជាជន គឺជាអទិភាព ហើយចាំបាច់ក៏ត្រូវបង្កើនការផ្គត់ផ្គង់ទឹកសំរាប់ការដាំដុះនារដូវផ្ការីកផងដែរ ។
គិតមកដល់ថ្ងៃទី៣១ មីនា កន្លងមកនេះ គ្រោះរាំងស្ងួតដែលកើតមាននៅភាគនិរតីប្រទេសចិន ចាប់ពីឆ្នាំទៅមិញមកប៉ះពាល់ដល់មនុស្ស១៩,៤លាននាក់ និងដល់ផ្ទៃដីដាំដុះ៦,៤៨លានហិកតា ក្នុងខេត្ដយុនណាន់ ហ្គីហ្សូ និងស៊ីឈួន ព្រមទាំងតំបន់ស្វយ័តហ្សូអាង ខេត្ដហ្គាងស៊ី និងទីក្រុងចុងគិញ ៕
ចែករំលែកព័តមាននេះ