ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហានក្ខត្តសម័យទាំង3របស់ព្រះបរមគ្រូកើតមាននៅថ្ងៃនេះ

6 ឆ្នាំ មុន

យោងតាមគម្ពីរព្រះពុទ្ធសាសនាបានលើក​សរ​សើរថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ​​ថា​ជា

យោងតាមគម្ពីរព្រះពុទ្ធសាសនាបានលើក​សរ​សើរថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ​​ថា​ជាថ្ងៃមហាមង្គល​​ដ៏អស្ចារ្យ និងជាថ្ងៃ​នាំ​មក​នូវមហាសិរីសួស្តី​​ដ៏ប្រសើរ​​ក្រៃលែង។ ក្នុង​ថ្ងៃដ៏វិសេស​​វិសាល​​នេះឃើញពុទ្ធបរិស័ទ​​​ចំណុះ​ជើងវត្តនីមួយៗ​​នាំគ្នាទៅកាន់ទីអារាម​​ក្នុង​​​ដៃ​មានកាន់ទៀន ធូប​ ផ្កាភ្ញី ប្រទីប​ជ្វាលា​​ យកទៅ​​បូជាព្រះពុទ្ធរូប​​ដើម្បីឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធ​​ដែល​បរិនិព្វានទៅអស់កាលជាយូរអង្វែង​​។ ពិធី​នេះ​​​រំលឹកដល់​កាល​​​ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់​ដឹង និងបរិនិព្វាន ដែលអ្នក​ប្រាជ្ញចាត់​​​​​ទុក​​កាលទាំង៣នេះ​​ថាជានក្ខត្ត​សម័យ​ដ៏​ពិសេសបំផុត​​​របស់ព្រះពុទ្ធសាសនា​​ ដោយសារ​​តែ​កាលទាំង៣នេះកើតឡើងក្នុងថ្ងៃពេញបូណ៌មី​​ ខែវិសាខ​​​ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ​​​។ ក្នុងថ្ងៃបុណ្យវិសាខបូជានេះ​​ដែរ​​​មន្ត្រីរាជ​ការទាំង​​​ស្ថាប័នរដ្ឋ​​ និងកម្មករនិយោជិតតាម​​ស្ថាប័ន​​ឯកជន​​នានាក៏ត្រូវបាន​​ឈប់​សម្រាក​​ពីការងារមួយថ្ងៃ​​ផងដែរ ។​​

​សូម​លើកយក​នក្ខត្ត​សម័យ​ទាំង​៣កាលដ៏​សង្ខេប​​មក​បង្ហាញដល់​សា​ធុជន​​ដូច​តទៅ ៖

១-ព្រះ​ពោធិសត្វ​ទ្រង់​​ប្រសូតៈ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ខែ​វិសាខ ឆ្នាំច ពេញបូណ៌មី វេលា​ជិត​ថ្ងៃត្រង់ ក្នុង​ព្រៃ​លុម្ពិនី ឬ​ហៅ​ព្រៃ​សាលព្រឹក្សជា​ចន្លោះ​​​​​​​​​​​​​​​​​​​​​​​​​នៃ​​នគរ​ទាំង​២គឺ​ នគរ​កបិល​ព​ស្តុ និង​នគរ​ទេវ​ទហៈ ហើយ​មាន​សេចក្តី​អស្ចារ្យ​កក្រើករំពើកញ័រ​ផែនដី​ ​មាន​រស្មី​ភ្លឺ​ចែងចាំង​ពេញ​លោកធាតុ​ទាំងមូល 

២-ព្រះ​អង្គ​ត្រាស់​ដឹង​លើ​រតន​បល្ល័ង្កៈ ព្រះ​ជន្ម​បាន​២៩​ឆ្នាំ ព្រះ​អង្គ​យាង​ចេញ​ចាក​ពី​នគរ​ទៅ​សាង​ផ្នួស ។ រយៈពេល​៦​ឆ្នាំ ទើបបាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណលើ​រតន​បល្ល័ង្ក​ក្រោម​ដើម​ពោធិព្រឹក្ស ដោយ​ទ្រង់​គង់​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិសបូព៌ ។ ពេលនោះ​​ពពួក​ទេវតា​ទាំង​១​ម៉ឺន​ចក្កវាឡ​បាន​នាំ​ទិព្វ​មាលា​មក​ធ្វើ​សក្ការបូជា​ថ្វាយ​សព្ទសាធុការពរ​ដល់​ព្រះ​បរម​គ្រូ​ ។ ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​ថ្ងៃ​ពុធ ខែវិសាខ ឆ្នាំរកា ពេញបូណ៌មី វេលា​​​​​ទៀប​ភ្លឺ ក្នុង​ព្រះ​ជន្ម​៣៥​ឆ្នាំ ។
​  

៣-ព្រះ​ពុទ្ធ​បរិនិព្វាន​ចន្លោះ​សាលព្រឹក្សៈ ក្នុង​រវាង​នៃ​ការ​ត្រាស់​ដឹងរយៈពេល​៤៥​វស្សា​នេះ​ព្រះ​អង្គ​ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង​៥​ប្រការ​ជា​និច្ច រហូតដល់​ចេញ​វស្សា​ទី​៤៥ ព្រះ​អង្គ​បាន​ត្រាច់​​ទៅ​កាន់​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រ និង​បានត្រាស់​ទៅ​កាន់​ព្រះ​អានន្ទ​ឱ្យ​រៀបចំ​អាសនៈ(​គ្រែ​)ដោយដាក់ក្បាល​ដំណេក​បែរ​ទៅ​ទិស​ខាងជើងត្រង់​​​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ឱ្យ​ឆាប់​ថ្វាយ​តថាគត​។  គ្រានោះព្រះ​អង្គ​ទ្រង់​ផ្ទុំ​ផ្អៀង​ទៅ​ខាងស្តាំ យក​ព្រះបាទ​ឆ្វេង​តម្រួត​លើ​ព្រះ​បាទ​ស្តាំស្រេចហើយ​​​​ពេល​ណា​ទ្រង់​ត្រាស់​នូវ​វត្តប្រតិបត្តិ​ផ្សេង​ៗដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ក្នុង​កាល​ជា​ខាងក្រោយ​ដល់​ភិក្ខុសង្ឃ​ទាំងឡាយរហូត​ដល់​ទ្រង់បរិនិព្វាន​ក្នុង​ចន្លោះ​សាលវ័ន​នោះ ។  ព្រះ​បរមគ្រូ​បរិនិព្វាន​ក្នុង​ថ្ងៃ​អង្គារ ខែវិសាខ ឆ្នាំម្សាញ់ ពេញបូណ៌មី វេលា​បែក​បច្ចូសសម័យ (​វេលា​ភ្លឺ​ព្រាង​ៗ) ក្នុង​ជន្មាយុ​៨០​ឆ្នាំ ៕  ដោយធម្មាចារ្យ សច្ចភាព​​