ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង ដោយសារតែ​ការ​បន្ត​កាត់​បន្ថយ​ផលិតកម្ម

6 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​រដ្ឋមន្ត្រី​ថាមពល ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយ​ថា ការ​កាត់​បន្ថយ​ផលិតកម្ម​ដែល​ដឹកនាំ​ដោយ​អង្គការ OPEC នឹង​បញ្ចប់​ក្នុង​ខែមិថុនា

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​រដ្ឋមន្ត្រី​ថាមពល ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​និយាយ​ថា ការ​កាត់​បន្ថយ​ផលិតកម្ម​ដែល​ដឹកនាំ​ដោយ​អង្គការ OPEC នឹង​បញ្ចប់​ក្នុង​ខែមិថុនា ហើយនឹង​បន្ត​រហូត​ដល់​ចុងឆ្នាំ​នេះ បើ​ទោះជា​មានការ​បន្ត​បូម​ប្រេង​ក្នុង​សហរដ្ឋអាមេរិក​ក្តី ។

រដ្ឋមន្ត្រី​ថាមពល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត លោក Khalid Al-Falih បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីផ្សារ​ប្រេង​មាន​ស្ថិរភាព​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​មានការ​ផ្គត់ផ្គង់​លើសលប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ប៉ុន្តែ​លោក​នៅ​តែ​សង្ឃឹមថា កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​របស់ OPEC នឹង​ត្រូវ​បន្ត ។ លោក​ថា ៖ « យោង​តាម​ការ​ប្រឹក្សា​ដែល​ខ្ញុំ​ចូលរួម​ជាមួយ​សមាជិក​ដទៃ ខ្ញុំ​ជឿជាក់​ថា កិច្ចព្រមព្រៀង​នឹង​បន្ត​រហូត​ដល់​ឆមាស​ទី​២​ឆ្នាំ​នេះ » ។

អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ផលិត​ប្រេង​មិនមែន​ជា​សមាជិក​ដូច​ជា​រុ​ស្ស៊ី សន្យា​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​ជិត​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ​នៅ​អំឡុង​ឆមាស​ទី​១​នា​ឆ្នាំ​នេះ ដើម្បី​ជួយ​ដល់ទី​ផ្សារ ។ ការ​សម្រេចចិត្ត​ថា គួរ​បន្ត​កាត់​បន្ថយ​ផលិតកម្ម​ឬ​អត់​នេះ​ត្រូវ​គេ​គិត​ថា នឹង​កើត​មាន​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្លូវការ​បន្ទាប់​របស​OPEC នា​ថ្ងៃ​ទី​២៥ ឧសភា ខាង​មុខ ។

លោក Jeffrey Halley ឧត្តម​អ្នកវិភាគ​ទីផ្សារ​ក្នុង​OANDA នៅ​សិង្ហ​បុរី និយាយ​ថា ៖ « តម្លៃ​ប្រេង​អាច​នឹង​មិន​ធ្លាក់​ចុះ​ទៀត​ទេ​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះ​ទីផ្សារ​បង្វែរ​ការ​ចាប់អារម្មណ៍​លើ​កិច្ចប្រជុំ​បន្ទាប់​របស់​OPEC​នៅ​ចុងខែ​នេះ » ។

ពាណិជ្ជករ​ក៏​បាន​និយាយ​ថា ជ័យជម្នះ​របស់​លោក Emmanuel Macron ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង ក៏​បាន​ជំរុញ​ដល់​តម្លៃ​ប្រេង​ផង​ដែរ ដោយ​វា​បង្កើន​ក្តី​សង្ឃឹមថា សេដ្ឋកិច្ច​អឺរ៉ុប​អាច​នឹង​មាន​ស្ថិរភាព​ជាង​មុន ។

យ៉ាងណា​ក្តី តម្លៃ​ប្រេង​របស់ Brent និង WTI គឺ​នៅ​ក្រោម​៥០​ដុល្លារ​ក្នុង​១​ធុង ព្រោះតែ​ចំនួន​ប្រេង​ស្តុក​ទុក អត្រា​បូម​ខ្ពស់ និង​ផលិតកម្ម​ច្រើន ។ ការ​បូម​ប្រេង​ថ្មី​ដោយ​សហរដ្ឋអាមេរិក​បាន​បន្ត​កើនឡើង​ក្នុង​ស​ប្តា​ហ៍​មុន ។

Goldman Sachs និយាយ​ថា តាំងពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ ក្រុមហ៊ុន​ផលិត​ប្រេង​របស់​អា​មេ​រិ​កបាន​បន្ថែម​ឧបករណ៍​ជីក​ប្រេង​ចំនួន​៣៨៧ ឬ​ប្រមាណ​១២៣% ៕