ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ និង​ការ​វេច​ខ្ចប់

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ ដែល​អាជីវក​រដាក់​តាំង​លក់​នៅ​តាម​ផ្ទះ​លក់​ចាប់ហួយ​នានា ស្ថិត​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៧​។ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំណីអាហារ​នៅ​តាម​ផ្ទះ​លក់​ចាបហួយ​នានា ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព ទំនិញ​គ្មាន​អនាម័យ និង​ទំនិញ​គ្មាន​សុវត្ថិភាព​ត្រឹមត្រូវ ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​។

លោក​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា តាម​ការ​ត្រួតពិនិត្យ​នោះ មន្ត្រី​កាំកុងត្រូល បាន​ធ្វើតេស្ត​រកសា​ធាតុគីមី​បូ​រ៉ា​ក់​ទៅ​លើ​ប្រហិត​សាច់​គោ ត្រីងៀត សរសៃ​មី សរសៃ​គុយទាវ មីសួ ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ ហើយ​ក៏​បាន​ធ្វើតេស្ត​ទៅ​លើ អំបិលអ៊ីយ៉ូត​ម៉ាក់ លី​លី​ដា ជា​លទ្ធផល គឺ​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​។ ជាមួយ​គ្នា​នេះ​ដែរ ក៏​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី សូ​ឌី​យ៉ូ​ម​ហ៊ី​ត្រា​សូ​ហ្វីល​នៅ​លើ​ស្ករត្នោត ជា​លទ្ធផល​ក៏​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅ​ក្នុង​ស្ករត្នោត​នោះ​ទេ​។ បន្ទាប់​មក​មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ និង​រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព ដូច​ជា កំប៉ុង​ក្រពឹត ដែល​អាជីវក​រដាក់​តាំង​លក់​នៅ​តាម​ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់​ប្រភេទ រួម​មាន​៖ ទឹកក្រូច​ម៉ាក​គូលែន​ចំនួន​១២​ដប ទឹកក្រូច​ម៉ាក​ហ្វា​ន់តា ចំនួន​១២​ដប និង​ម្សៅ​ស៊ុប​រ៉ូ​ឌី ចំនួន​៣​កញ្ចប់ ត្រូវ​បាន​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដកហូត​យក​ទៅ​រក្សា​ទុក​ដើម្បី​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​យល់​ដឹង និង​មាន​ប្រុង​ប្រយ័ត្ន ចៀសវាង​ការ​ដាក់​តាំង​លក់ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូច​ជា កំប៉ុង​ក្រពឹត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែល​សារធាតុ​គីមី​ហាមឃាត់ និង​ការ​រៀបចំ​ទំនិញ​លក់ដូរ​ទុក​ឲ្យ​មាន​សណ្តាប់ធ្នាប់​ទៅ​តាម​ប្រភេទ​ទំនិញ ទំនិញ​ហូប​ចុក ទំនិញប្រើប្រាស់​ផ្សេង​ៗ ដាច់​ដោយឡែក​ៗ​ពី​គ្នា និង​បាន​បិទ​រូបភាព​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ស្តី​ពី​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស ផលិតផល ម្ហូប​អារ​ហារ ណាមួយ​មក​បរិភោគ ជូន​ដល់​អ្នក​លក់ដូរ និង​អ្នក​ប្រើប្រាស់​ឲ្យ​បាន​យល់​ដឹង​ពី​រូបភាព​ជាបឋម នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​៕