ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​អេកូ​ឃើញ​កូនភ្លោះ តែ​ពេល​កើត​បែប​ជា​ក្បាល​ពីរ​វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ឥណ្ឌា​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ទារិកា​ទើបនឹង​កើត ក្រោយ​ពេល​វះកាត់​ក្បាល​មួយទៀត​របស់​នាង​ចេញ បាន​សម្រេច​។

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ឥណ្ឌា​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ទារិកា​ទើបនឹង​កើត ក្រោយ​ពេល​វះកាត់​ក្បាល​មួយទៀត​របស់​នាង​ចេញ បាន​សម្រេច​។

ទារិកា​ម្នាក់​ដែល​មិន​ទាន់​មានឈ្មោះ​បាន​កើត​ចេញ​មក​តាម​រយៈ​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង Bhilwada រដ្ឋ Rajasthan ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៦​ខែមេសា​។ នាង​មាន​ទម្ងន់​ត្រឹមតែ​២​គីឡូក្រាម​២​ខាំ​ប៉ុណ្ណោះ​។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​នាង​មាន​ក្បាល​ដល់​ទៅ​ពីរ ដែល​ក្បាល​នោះ​មាន​ភ្នែក ត្រចៀក ច្រមុះ និង​បបូរមាត់ ដូច​ទៅ​នឹង​ក្បាល​ធម្មតា​ដែរ​។ ជាង​នេះ​ទៅ​ទៀត ទារិកា​ចម្លែក​នេះ​មាន​ដៃដល់​ទៅ​បី ដែល​ដៃ​មួយ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដុះ​ចេញពី​ទ្រូង​។

គ្រូពេទ្យ​បាន​បញ្ជូន​នាង​មក​ធ្វើការ​វះកាត់​កែសម្រួល​ឲ្យ​ដូច​មនុស្ស​ទូទៅ​នៅ​មន្ទីរពេទ្យ JK Lone ទីក្រុង Jaipur​។ នៅ​ទីនោះ​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ក្បាល​និង​ដៃ​លើស​របស់​នាង​ចេញ​អស់​រយៈពេល​៤​ម៉ោង​។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ខាង​វះកាត់​កុមារ Pravin Mathur បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​ករណី​កម្រ​បំផុត​សម្រាប់​ទារក​ផ្ញើខ្លួន (​កូនភ្លោះ​ប៉ារ៉ាស៊ីត​) បែប​នេះ​»​។
លោក​បាន​បន្ត​ទៀត​ថា ការ​វះកាត់​ពិតជា​មាន​ភាព​លំបាក និង​ស្មុគស្មាញ​យ៉ាង​ខ្លាំង ព្រោះ​ក្បាល​នោះ​ប្រើប្រាស់​ឈាម និង​សារធាតុចិញ្ចឹម​ចេញពី​បេះដូង និង​ថ្លើម​របស់​រាង​កាយ​ទារិកា​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ​ម្តាយ​ឪពុក​របស់​ទារិកា​នេះ (​មិន​បាន​បញ្ចេញ​ឈ្មោះ​) បាន​ទៅ​ឆ្លុះ​អេកូ តែ​លទ្ធផល​គឺ​ឃើញ​ថា មានកូន​ភ្លោះ​ធម្មតា​។ គេ​មិន​នឹក​ស្មានថា ជា​កូន​ខ្លួន​មួយ​ក្បាល​ពីរ​បែប​នេះ​សោះ​៕