ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្ដើម​សិក្សា​គម្រោង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជប៉ុន​យល់ព្រម​ផ្ដល់​កម្ចី​ដល់​កម្ពុជា​សម្រាប់​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ កម្ពុជា​បាន​ចាប់ផ្ដើម​សិក្សា​គម្រោង​កំពង់​ផែ​ថ្មី​នេះ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជប៉ុន​យល់ព្រម​ផ្ដល់​កម្ចី​ដល់​កម្ពុជា​សម្រាប់​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ កម្ពុជា​បាន​ចាប់ផ្ដើម​សិក្សា​គម្រោង​កំពង់​ផែ​ថ្មី​នេះ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២២ ហើយ​ក៏​ជា​ពេល​ដែល​កម្ពុជា​មាន​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត​សម្រាប់​ទទួល​នាវា និង​កុងតឺន័រ​បន្ថែម​ផង​ដែរ ។ នេះ​បើ​តាម​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា កំពង់​ផែ​ទឹក​ជ្រៅ​ថ្មី​មួយទៀត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នឹង​បញ្ចប់​ការ​សាងសង់ ហើយ​អាច​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២២ ។ នៅ​ពេល​នោះ កម្ពុជា​ក៏​អាច​ឱ្យ​នាវា​ធំ​ៗ​ចូល​ចត​បាន​ជាមួយ​កំណើន​កុងតឺន័រ​ផង​ដែរ ។

លោក​ថ្លែង​ថា ៖ « បន្ទាប់​ពី​មានការ​យល់ព្រម​ផ្ដល់​កម្ចី​ពី​ប្រទេស​ជប៉ុន ពេល​នេះ​យើង​កំពុង​សិក្សា​សាងសង់​កំពង់​ផែ​ថ្មី​ដែល​មាន​ជម្រៅ​ទឹក​១៤​ម៉ែត្រ​កន្លះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​នៅ​ពេល​សាងសង់​រួច កំពង់​ផែ​ថ្មី​របស់​យើង​នឹង​អាច​ទទួល​បាន​កុងតឺន័រ​ច្រើន ព្រមទាំង​អាច​ឱ្យ​នាវា​ធំ​ៗ​ចូល​ចត​ទៀត​ផង ។ បច្ចុប្បន្ន​នេះ កំពង់​ផែ​របស់​យើង​មិន​ទាន់​អាច​មាន​លទ្ធភាព​ឲ្យ​កប៉ាល់​ធំ​ៗ​ចូល​ចត​បាន​ច្រើន​នៅឡើយ​ទេ ដោយសារ​តែ​កំពង់​ផែ​ចាស់​មាន​ជម្រៅ​ទឹក​រាក់ ហើយ​នៅ​តូច តែ​សព្វ​ថ្ងៃនេះ​ក្នុង​មួ​យស​ប្ដា​ហ៍​ៗ ក៏​អាច​ឱ្យ​នានា​ដឹក​កុងតឺន័រ​ចូល​ចត​ប្រមាណ​ពី​១៤​ទៅ​១៥​គ្រឿង​ដែរ » ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​មធ្យម​ប្រមាណ​៤០០​ពាន់​កុងតឺន័រ​ក្នុង​រយៈពេល​៥២​ស​ប្ដា​ហ៍ ឬ​ប្រមាណ​៧.៦០០​កុងតឺន័រ​ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍ ។ លោក​ថា ៖ « បើ​និយាយ​ពី​សមត្ថភាព​អាច​ទទួល ឬ​ផ្ទុក​ចំនួន​កុងតឺន័រ​របស់​កំពង់​ផែ​ចាស់ ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​៧០០​ពាន់​ឯណោះ ខណៈ​ពេល​នេះ​ទើបតែ​មាន​កុងតឺន័រ​ចូល​បាន​ជាង​៤០០​ពាន់​ប៉ុណ្ណោះ » ។

គួរ​រំលឹក​ថា កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ក្រោយ​ជំនួប​ជាមួយ​ភាគី​ជប៉ុន​ថា ជប៉ុន​បាន​ឯកភាព​ផ្ដល់​កម្ចី​ចំនួន​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទទួល​នាវា និង​កុងតឺន័រ​បន្ថែម​ទៀត​ចេញចូល​តាម​ច្រក​កំពង់​ផែ​ស្វយ័ត​របស់​កម្ពុជា ។ លោក​បន្ថែម​ថា នៅ​ឆ្នាំ​ខាង​មុខ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អាច​នឹង​កកស្ទះ ដូចនេះ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ កម្ពុជា​ត្រូវការ​សាងសង់​កំពង់​ផែ​ថ្មី​មួយទៀត​ដែល​មាន​ជម្រៅ​ទឹក​ជ្រៅ​ជាង​កំពង់​ផែ​ចាស់  ។

លោក​បន្ត​ថា ក្រៅពី​ការ​ស្នើ​សុំ​ថវិកា​សាងសង់​កំពង់​ផែ​ថ្មី​មួយទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ កម្ពុជា​ក៏​បាន​ស្នើ​សុំ​ឱ្យ​ជប៉ុន​ជួយ​រៀបចំ​ប្លង់​មេ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឱ្យ​កាន់តែ​ទំនើប ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​បាន​លឿន​រហ័ស ។

ទាក់ទង​នឹង​សំណើ​នេះ​ដែរ ជប៉ុន​ក៏​បាន​យល់ព្រម ហើយនឹង​ជួយ​រៀបចំ​ឲ្យ​កម្ពុជា​ផង​ដែរ ។ ម្យ៉ាងទៀត កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​ជប៉ុន​ជួយ​រៀបចំ EDI ជា​រៀបចំ​ឯកសារ​អេ​ឡិច​ត្រូ​និក រាល់ពេល​កប៉ាល់​ចេញចូល​ឆ្លងកាត់​កំពង់​ផែ​កម្ពុជា ព្រោះ​សព្វ​ថ្ងៃនេះ រាល់​ឯកសារ​របស់​កប៉ាល់​ចេញចូល គឺ​ធ្វើ​ដោយ​ដៃ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ការងារ​យឺតយ៉ាវ និង​កកស្ទះ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ស៊ុន ចាន់​ថុ​ល ថា ជប៉ុន​បាន​យល់ព្រម​ឯកភាព​ជាមួយ​កម្ពុជា ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​នេះ​ហើយ​ដែរ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ឲ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា (JICA) បាន​ផ្តល់​កម្ចី​ប្រមាណ​១៧៨,៦​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​សម្រាប់​អភិវឌ្ឍន៍​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មិន​ទាន់​រាប់​បញ្ចូល​កម្ចី​ក្រោយ​នេះ​ទេ ៕