ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ស៊ីវ​ឡា​ង ក្លាយជា​ម្ចាស់​ជើងឯក​ជិះ​កង់​ឡើង​ភ្នំ​

6 ឆ្នាំ មុន

ខេត្តកំពត ៖ ទីបំផុត​កីឡាការិនី ហេង ស៊ីវ​ឡា​ង ជា​ម្ចាស់​ជើងឯក​ជិះ​កង់​ឡើង​ភ្នំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៦ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ជិះ​កង់​ឡើង​ភ្នំ​អន្តរជាតិ​ដូច​ការ​រំពឹង​ទុក​នៅ​ក្នុង​ការ​ប្រកួត​ដែល​

ខេត្តកំពត ៖ ទីបំផុត​កីឡាការិនី ហេង ស៊ីវ​ឡា​ង ជា​ម្ចាស់​ជើងឯក​ជិះ​កង់​ឡើង​ភ្នំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីកាលពី​ឆ្នាំ​២០១៦ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ជិះ​កង់​ឡើង​ភ្នំ​អន្តរជាតិ​ដូច​ការ​រំពឹង​ទុក​នៅ​ក្នុង​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​រម​នី​យ​ដ្ឋា​ន​បូកគោ កាលពី​ថ្ងៃអាទិត្យ​ទី​៧ ឧសភា កន្លង​មកនេះ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​១ ឆ្នាំ​២០១៧ នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​លើក​នេះ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​បាន​ប្រជែង​យកឈ្នះ​គូប្រកួត​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ប្រើ​ថិរវេលា​ត្រឹមតែ​១​ម៉ោង​៣២​នាទី​និង​៤០​វិនាទី​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​៥១​គីឡូម៉ែត្រ ។

កីឡាការិនី ហេង ស៊ីវ​ឡា​ង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​មុន​ពេល​ប្រកួត​មួយ​ថ្ងៃ​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​នាង​ពិតជា​មាន​ជំនឿ​ចិត្ត​យ៉ាងច្រើន​ក្នុង​ការ​យកឈ្នះ​លើ​ការ​ប្រកួត​នេះ ។

បានជា​នាង​ហ៊ាន​និយាយ​ដូច្នេះ ដោយសារ​មុន​ពេល​ប្រកួត​ប៉ុន្មាន​ខែ​នាង​បាន​ព្យាយាម​មក​ហ្វឹកហាត់​នៅ​ទី​នេះ​ក្នុង​មួ​យស​ប្ដា​ហ៍​យ៉ាងតិច​ក៏​២​ឬ​៣​ដង​ដែរ ដើម្បី​ឱ្យ​ស៊ាំ​ទៅ​នឹង​អាកាសធាតុ​ក៏​ដូច​ជាទី​កន្លែង​នៅ​មុន​ពេល​ប្រកួត​ដែរ ។ នាង​បញ្ជាក់​ថា មុន​នឹង​ធ្វើ​អ្វីមួយ​ឱ្យ​ទទួល​ជោគជ័យ​ទៅ​បាន លុះត្រាតែ​មានការ​តាំងចិត្ត​ទុកជា​មុន ។

ជាក់ស្ដែង​ដូច​ជា​ការ​ប្រកួត​លើក​នេះ​តែ​ម្ដង នាង​បាន​ចំណាយពេល​មិន​តិច​ថ្ងៃ​ទេ​ក្នុង​ការ​ហ្វឹកហាត់​ដើម្បី​យកឈ្នះ ។ ហេង ស៊ីវ​ឡា​ង ជា​កីឡាការិនី​កម្ពុជា​តែ​ម្នាក់​គត់​ដែល​តែងតែ​ជួយ​លើក​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​ប្រកួត​កីឡា​ជិះ​កង់​នេះ ។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​ប្រកួត​ជិះ​កង់​ឡើង​ភ្នំ​ជា​លក្ខណៈ​អន្តរជាតិ​ផ្នែក​នារី​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នេះ​មាន​៣​ប្រទេស​ចូលរួម គឺ​កម្ពុជា ថៃ និង​ម៉ា​ឡេ​ស៊ី ។ ប៉ុន្តែ​ដល់​ថ្ងៃ​ប្រកួត​កីឡាការិនី​ថៃ​អវត្តមាន ដូច្នេះ​នៅ​សល់​តែ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ ។ នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាការិនី​កម្ពុជា​មាន​២​រូប និង​ម៉ា​ឡេ​ស៊ី​មាន​៣​រូប ។ ជា​លទ្ធផល កីឡាការិនី​កម្ពុជា​ទាំង​ពីរ​រូប​ដណ្ដើម​បាន​ជ័យជម្នះ​ទាំងអស់​គ្នា​ក្នុង​នោះ​កីឡាការិនី​ហេង ស៊ីវ​ឡា​ង ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​កីឡាការិនី​ហេង ស៊ីវ​ហ្គេ​ច ជាប់​ចំណាត់ថ្នាក់​លេខ​២ ៕