ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2018 នឹង​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​លេច​រូបរាង​នៅ​ភ្នំពេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​នានា​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ក្រោយ​ឆ្នាំ​២០១៨​ខាង​មុខ នឹង​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​លេច​រូបរាង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​ការ​សាងសង់​សំណង់​ទាំងនោះ​

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​នានា​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ក្រោយ​ឆ្នាំ​២០១៨​ខាង​មុខ នឹង​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​លេច​រូបរាង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​ការ​សាងសង់​សំណង់​ទាំងនោះ​កំពុង​តែ​មាន​ភាព​សកម្ម ។

លោក ថម អូ​ស៊ី​លី​វ៉ា​ន់ អ្នកគ្រប់គ្រង​រៀបចំ​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ realestate.com.kh បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥​ដល់ទី​៦ ឧសភា នេះ​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​សក្តានុពល​ខ្លាំង​ផ្នែក​ខាង​សំណង់​អគារ​ខ្ពស់ ហើយ​យ៉ាង​យូរ​ចាប់ពី​ក្រោយ​ឆ្នាំ​២០១៨​តទៅ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​លេច​រូបរាង​ឡើង ។ ជាមួយ​គ្នា​នោះ សំណង់​អគារ​ផ្ទះល្វែង ក៏​កំពុង​កើត​មាន​យ៉ាងច្រើន​ផង​ដែរ ។

លោក​ថ្លែង​ថា ៖ « ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នេះ ខ្ញុំ​បាន​អញ្ជើញ​ភ្ញៀវ​ក្នុងស្រុក និង​ក្រៅ​ស្រុក​មក​ចូលរួម​ដើម្បី​មើល​ពី​គម្រោង​ថ្មី​ៗ​នៅ​កម្ពុជា និង​ឈាន​ទៅ​រក​ការ​ទិញ​កាន់តែ​ច្រើន​ថែម​ទៀត » ។
យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រក​ឃើញ​ថា នៅ​ទីក្រុង​ភ្នំពេញ​មាន​អគារ​ចាប់ពី​កម្ពស់​៥​ជាន់ ដល់​ជាង​៤០​ជាន់ មាន​ចំនួន​ជាង​៦០០​អគារ ។
នៅ​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​រយៈពេល​២​ថ្ងៃ​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​នេះ​ដែរ មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​អគារ​ចំនួន​២០​គម្រោង ត្រូវ​បាន​យក​មក​តាំង​បង្ហាញ ក្នុង​នោះ មាន​១០​គម្រោង​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។

លោក ថម អូ​ស៊ី​លី​វ៉ា​ន បាន​បន្ត​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ភាព​លូតលាស់​យ៉ាង​លឿន ហើយ​វិស័យ​នេះ​នឹង​បន្ត​រីក​ចម្រើន​បន្ថែម​ទៀត ទោះបីជា​ការ​លក់​ខុន​ដូ​បច្ចុប្បន្ន​មាន​ភាព​យឺតយ៉ាវ​ជាង​មុន​ក្តី ប៉ុន្តែ​ទីផ្សារ​នេះ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​សម្រាប់​បុរី និង​សំណង់ លំនៅ​ឋាន​ផ្សេង​ៗ​ទៀត ។

realestate.com.kh បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៥​ពាន់​នាក់ និង​បាន​រក​ឃើញ​ថា អ្នកឆ្លើយ​ជាង​៥០​ភាគរយ​ជឿជាក់​ថា​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ នឹង​កើនឡើង​បន្ថែម​ទៀត ។
លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន និង​វត្តមាន​អគារ​ខ្ពស់​ៗ​នៅ​ទីក្រុង​ភ្នំពេញ ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​នេះ ។

លោក​ថ្លែង​ថា ៖ « យើង​មិន​នឹក​ស្មានថា​ទីក្រុង​ភ្នំពេញ​លេចឡើង​នូវ​វត្តមាន​អគារ​ខ្ពស់​ៗ​ដ៏​ឆាប់រហ័ស​បែប​នេះ​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​វត្តមាន​អគារ​ខ្ពស់​ៗ​កើតឡើង​ស្ទើរ​គ្រប់កន្លែង​នៃ​ទីក្រុង​ភ្នំពេញ ដែល​នេះ​ជា​មោទនភាព​មួយ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ » ។

លោក​បន្ត​ថា ៖ « វត្តមាន​អគារ​ខ្ពស់​ៗ​នៅ​ទីក្រុង​ភ្នំពេញ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ទំនុកចិត​របស់​អ្នក​វិនិយោគ និង​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត​មក​កាន់​កម្ពុជា​ផង​ដែរ » ៕