ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន សា​រ័​ត្ន និង​បឺត សង្ឃឹម ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ថ្ងៃអាទិត្យ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក និង​បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ

រាជធានី​ភ្នំពេញ ៖ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក និង​បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​៧ ឧសភា ខានស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​ទៅ​រួច​ជាមួយ​កីឡាករ​បរទេស​ដែរ​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​អះអាង​ថា​មាន​សមត្ថភាព​មិន​អាច​មើល​ស្រាល​បែប​ហ្នឹង​នោះ ។

រិ​ន សា​រ័​ត្ន ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ សក្តិ​សិទ្ធ សរ​.​អ៊ូ​ឌី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ រិ​ន សា​រ័​ត្ន ធ្លាប់​ប្រកួត​២៨​ដង ឈ្នះ​១៦​ដង ចាញ់​៨​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦២​ដង ឈ្នះ​៤៥​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ កីឡាករ​ទាំង​ពីរ​រូប​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ​ទើប​គេ​ពិបាក​ប៉ាន់​ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ បើ​ទោះជា​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​បន្តិច​ក្ដី​ក៏​មិន​ប្រាកដ​ថា​អាច​យកឈ្នះ​កីឡាករ​កម្ពុជា​បាន​នោះ​ដែរ ។

បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភី​ត​ណា​ម​អេក ស​.​ប៉ាក​ន ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ បឺត សង្ឃឹម ធ្លាប់​ប្រកួត​៥២​ដង ឈ្នះ​៣៩​ដង ចាញ់​១១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៧​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង​។ តាម​ការ​វាយតម្លៃ​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​គូ​នេះ​គឺ​អាច​ស៊ីសង​គ្នា​បាន គ្រាន់តែ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន​នៅ​នាទី​ចុង​ក្រោយ​ប៉ុណ្ណោះ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ ឡុ​ង ស្រស់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ប្រកួត​ជាមួយ​កីឡាករ អ៊ុយ សុច​គង់ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុធា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ។ កីឡាករ ចាន់ ហេង មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ភិន សុទី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក និង​គូ​ចុង​ក្រោយ​កីឡាករ នួន ចាន់​រាជ មក​ពី​ក្លិប​តាព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សិទ្ធ វណ្ណៈ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ៕