ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់​ដំណើរ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​​ដំណាក់​កាល​ទី១

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គិត​ថា​នឹង​អាច​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ដែល​ផលិត​នៅ​ក្នុងស្រុក​ដោយ​ខ្លួនឯង​នោះ ពេល​នេះ​បាន​លេច​ជា​រូបរាង​ហើយ ហើយ​នេះ​ក៏​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត

ខេត្ត​ព្រះ​សីហ​នុ ៖ ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គិត​ថា​នឹង​អាច​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ដែល​ផលិត​នៅ​ក្នុងស្រុក​ដោយ​ខ្លួនឯង​នោះ ពេល​នេះ​បាន​លេច​ជា​រូបរាង​ហើយ ហើយ​នេះ​ក៏​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត​របស់​កម្ពុជា​ផង​ដែរ ដោយ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​មួយ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១.៦២០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ម្សិលមិញ ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (Cambodian Petrochemical Co.,Ltd )​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​ដំណាក់កាល​ទី​១​ហើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​(​អេ​ច ខេ ធី​)​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ។

ការ​សាង​ស​ង្រ់​ដំណាក់កាល​ទី​១​នេះ នឹង​ចំណាយ​ប្រាក់​ចំនួន​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សមត្ថភាព​ផលិត​បាន​រហូត​ដល់​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។

លោក​ឧកញ៉ា ហាន់ ឃៀង អគ្គនាយក​ប្រ​តិ បិត្ត​ក្រុមហ៊ុន Cambodian Petrochemical Co.,Ltd បាន​ថ្លែង​ថា រោងចក្រ​នេះ​ស្ថិត​លើ​ផ្ទៃដី​ជា​កម្មសិទ្ធិ​ស្របច្បាប់​ទំហំ​សរុប​ប្រមាណ​៣៨៧​ហិ​កតា ត្រូវ​បាន​ទទួល​ការ​សាងសង់​និង​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន EPC. SINO Great Wall Internatinal Engineering Co.ltd. ក្នុង​នោះ​ក្រុមហ៊ុន CPECC Design ជា​អ្នក​ទទួល​បន្ទុក​រចនា​ប្លង់ ស្ថាបត្យ​កម្ម​, ក្រុមហ៊ុន​CNPC ជា​អ្នក​ដំឡើង​ភ្លើង និង​ក្រុមហ៊ុន Lanzhou ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​គ្រឿងចក្រ ។ ចំណែក​ដំណើរការ​សាងសង់​អាច​នឹង​ហើយ​រួចរាល់​នៅ​ឆ្នាំ​២០១៩ ។ វ​ត្តុ​ធាតុ​ដើម​ចម្រាញ់​ប្រេង​ជំហាន​ដំបូង និង​នាំ​ចូល​ពីរ​បរទេស និង​ជំហាន​បន្ទាប់ អាច​ប្រើប្រាស់​វ​ត្តុ​ធាតុ​ដើម​ក្នុងស្រុក នៅ​ពេល​ណា​អណ្តូងរ៉ែ​ប្រេង​ស្រុក​ខ្មែរ​ដំណើរការ​ទទួល​បាន​លទ្ធផល ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖ « សង្វា​ក់​ផលិតកម្ម​ដំណាក់កាល​ទី​មួយ រួម​មាន ប្រេងសាំង ប្រេងម៉ាស៊ូត និង​ហ្គា​ស ហើយ​កាក​សំណល់​ដែល​សល់​ពី​ផលិត​ប្រេង​ទាំងនោះ នឹង​អាច​យក​ទៅ​ផលិត​បន្ត​នូវ​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​មុខ​ទៀត ហើយ​កាក​សំណល់​ចុង​ក្រោយ ធ្វើ​ជា​ជ័រកៅស៊ូ​ក្រាល​ផ្លូវថ្នល់ ។ នៅ​ពេល​ណា​សាងសង់​រួចរាល់ រោងចក្រ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​ជា​ជំហាន​ដំបូង​ចំនួន​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវការ​បុគ្គលិក​និង​កម្មករ​បម្រើ​ការងារ​មិន​តិច​ជាង​១.០០០​នាក់​នោះ​ឡើយ ។ នៅ​ថ្ងៃ​អនាគត បុគ្គលិក​កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​នេះ អាច​នឹង​ឈាន​ដល់​១០​ម៉ឺន​នាក់ »​។

លោក​ឧកញ៉ា​បញ្ជាក់​ថា ៖ «​ក្រុមហ៊ុន នឹង​ធ្វើការ​ដំឡើង​ស្ថានីយ​ប្រេង​ចំនួន​៣០០​ទីតាំង នៅ​ទូ​ទាំង​ប្រទេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ ហើយ​តម្លៃ​ប្រេងសាំង ប្រេងម៉ាស៊ូត ក៏​ដូច​ជា​ហ្គា​ស​អាច​មាន​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​លក់​ប្រេង​នានា​ដែល​កំពង់​ធ្វើ​សកម្មភាព​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ » ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​អញ្ជើញ​ជា​អធិបតី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​នោះ បាន​មាន​ប្រសាសន៍​ថា នេះ​មោទនភាព​សម្រាប់​កម្ពុជា ក្រោយ​ក្រុមហ៊ុន​ផលិត​បាន​ថាមពល មិន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ ប៉ុន្តែ​នឹង​ត្រូវ​លក់​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អន្តរជាតិ​ទៀត​ផង ដែល​ផលិតផល​ចេញពី​រោងចក្រ​នេះ មាន​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ហ្គា​ស ហេ​ី​យ​ដំណើរការ​សាងសង់​រោងចក្រ​ក្នុង​ដំណាក់កាល​ទី​១ នឹង​បញ្ចប់​នា​ពាក់កណ្ដាល​ឆ្នាំ​២០១៩ និង​ដំណាក់កាល​ទី​២ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០២២ ជាមួយ​ទុន​វិនិយោគ​១​ពាន់​លាន​ដុល្លារ ដែល​មាន​សមត្ថភាព​ផលិត​បាន​៣​លាន​តោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​និង​កំពុង​នាំ​ចូល​ប្រេង​ឥន្ទ​នៈ និង​ឧស្ម័ន​ពី​ប្រទេស​ជិតខាង​ទាំងស្រុង តាម​រយៈ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​១៤ ដើម្បី​ធ្វើការ​លក់​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស​។ នៅ​ឆ្នាំ​២០១៥ ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​សរុប​មាន​ចំនួន​១,៨​លាន​តោន គឺ​កើនឡើង​៦,៧%​ធៀប​ឆ្នាំ​២០១៤ ក្នុង​នោះ​ប្រេងម៉ាស៊ូត​កើន​៩,៣% ប្រេងសាំង​កើន​៥,៦% និង​ឧស្ម័ន​ឥន្ធនៈ​កើន​(LPG)៦%​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​បន្ទាប់​ទៀត​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ៕