ខេត្តបាត់ដំបង ៖ អ្នកដឹកភ្ញៀវទេសចរកម្សាន្តលើផ្លូវដែកតាមឡរី នៅស្ថានីយរថភ្លើង«អូរដំបង» ស្រុកសង្កែ «ដាច់បាយ» ដោយសារគ្មានប្រាក់ចំណូលប្រចាំថ្ងៃ ព្រោះអ្នកទេសចរថយចុះជាង៧០% ក្នុងរយៈពេលប្រមាណជិតមួយខែចុងក្រោយនេះ ។ នេះបើតាមមន្ត្រីនគរបាលទេសចរណ៍ និងអ្នករត់ណូរី ដឹកភ្ញៀវទសចរលើផ្លូវដែកអះអាងកាលពីពេល ថ្មីៗកន្លងមក ។
អនុប្រធានការិយាល័យនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត លោកនូ សេង ឱ្យដឹងថា ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលនិយមជិះឡរីកម្សាន្តលើផ្លូវដែកនៅស្ថានីយរថភ្លើង បានថយចុះប្រហែល៧៥% ក្នុងរយៈពេលប្រមាណជិតមួយខែកន្លងទៅនេះ ។ មូលហេតុនៃការថយចុះនេះ ដោយសារតែដល់ពេលវេលាដែលភ្ញៀវទសចរត្រូវវិលត្រឡប់ទៅកាន់ប្រទេសពួកគេវិញ និងស្របពេលដែលពួកគេត្រូវចូលធ្វើការងារផង ។ ការធ្លាក់ចុះនៃភ្ញៀវទេសចរនេះធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់អ្នករត់ឡរី ដែលប្រកបមុខរបនេះជាអាជីព ។
លោកហម វិត អាយុ៥៨ឆ្នាំ ជាអ្នកដឹកភ្ញៀវទសចរតាមណូរី រៀបរាប់ថា គ្រប់ឡរីទាំងអស់ត្រូវឈរជើងគ្មានភ្ញៀវជិះ ។ «ម្ចាស់ឡរីទាំងអស់កំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារតែការថយចុះយ៉ាងគំហុកនៃភ្ញៀវទេសចរ ចាប់តាំងពីក្រោយថ្ងៃចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ ។
ជាទូទៅក្នុងរដូវកាលដែលសំបូរភ្ញៀវទេសចរពួកខ្ញុំអាចរកចំណូលបានយ៉ាងហោចណាស់៣ម៉ឺនរៀលក្នុង១ថ្ងៃ។ ប៉ុន្តែចាប់តាំងពីចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ អ្នកដឹកភ្ញៀវទាំងអស់ហាក់បាត់ចំណូលទាំងស្រុងតែម្ដង ។ សព្វថ្ងៃភ្ញៀវទេសចរមានតែពេលព្រឹកបន្តិចបន្តួចប៉ុណ្ណោះ លុះពេលរសៀលស្ងាត់ដូចចោរលួចសេះ ខុសពីមុនចូលឆ្នាំខ្មែរដែលសំបូរភ្ញៀវស្ទើរតែរកណូរីជិះមិនបាន»។
លោកនូ សេង អនុប្រធានការិយាល័យនគរបាលទេសចរណ៍ថ្លែងថា «សារសំខាន់នៃការជិះឡរីនេះសម្រាប់ភ្ញៀវទសចរបរទេស គឺពួកគេមានចំណាប់អារម្មណ៏បំផុតទៅលើការ«ជិះកម្សាន្តលើផ្លូវដែក ។ ភ្ញៀវទសចរទាំងនោះបានហៅឡរីថា រថភ្លើងឫស្សី» ។
បើតាមការអះអាងរបស់ជនបរទេសថា ពួកគេមិនធ្លាប់ឃើញ«រថភ្លើងឫស្សី»ទេ ហើយពួកគេនៅតែចង់ជិះកម្សាន្ត ។
ឡរីដែលដឹកភ្ញៀវកម្សាន្តលើផ្លូវដែក នៅស្ថានីយ«អូរដំបង»បច្ចុប្បន្នមានជាង៣០គ្រឿង ហើយភ្ញៀវបរទេសច្រើនជាងភ្ញៀវខ្មែរ ដែលនិយមជិះកម្សាន្ត ។ អំឡុងពេលនេះភ្ញៀវទេសចរថយចុះខ្លាំង ហើយអ្នកដឹកភ្ញៀវកំពុងប្រឈមនឹងការបាត់ប្រាក់ចំណូលប្រចាំថ្ងៃ ប៉ុន្តែភ្ញៀវអាចនឹងកើនឡើងវិញចាប់ពីចុងខែកក្កដាតទៅ ។
ផ្លូវដែកដែលភ្ញៀវទសចរនិយមជិះណូរីកម្សាន្តនេះមានចម្ងាយ៧គីឡូម៉ែត្រ ចេញពីស្ថានីយ«អូរដំបង»ដល់ស្ថានីយ«អូរស្រឡៅ» ក្នុងស្រុកសង្កែ ។
មន្ត្រីទេសចរ និងអ្នកដឹកភ្ញៀវកម្សាន្តបាននិយាយថា ភ្ញៀវទសចរភាគច្រើនបង្ហាញពីការពេញចិត្តក្នុងការធ្វើដំណើរកម្សាន្តតាមឡរី ព្រោះជាការកម្សាន្តដ៏ចម្លែកមួយដែលពួកគេមិនធ្លាប់ជិះ ។ នេះជាចំណុចពិសេសរបស់ «រថភ្លើងឫស្សី» ដែលភ្ញៀវបរទេសមិនធ្លាប់ឃើញមាននៅក្នុងប្រទេសដទៃលើពិភពលោក ៕
ចែករំលែកព័តមាននេះ