ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ដឹក​ថ្ម​ពាក់​ស្លាក​សញ្ញា​(​ង​៧០)​បែក​កង់​មុខ បុក​របាំង​ពុះ​ចែកផ្លូវ​ទៅ​មុខ​លែង​រួច

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ថ្ម​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ និង​មាន​បិទ​ស្លាក​សញ្ញា (​ង​៧០) ផង​នោះ បាន​រេ​ចង្កូត​បុក​របាំង​ពុះ​ផ្លូវ​បណ្តាល​ឲ្យ​ខូច​ទៅ​មុខ​លែង​រួច

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ថ្ម​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ និង​មាន​បិទ​ស្លាក​សញ្ញា (​ង​៧០) ផង​នោះ បាន​រេ​ចង្កូត​បុក​របាំង​ពុះ​ផ្លូវ​បណ្តាល​ឲ្យ​ខូច​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ គ្រាន់តែ​ខូច​រថយន្ត​ប៉ុណ្ណោះ​។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ២០១៧ នៅ​មុខ​ភូមិ​អង្គ​សេរី សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយឡែក​រថយន្ត​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ៣-២៩១៤​។ ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​រថយន្ត​ខាងលើ​បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​មាន​ដឹក​ថ្ម​ប្រភេទ​៤​គុណ​៦​ពេញ​ប្រៀប​ទ្រុង​ឡាន​(​ទ្រុង​ត​)​តែ​ម្តង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​គេ​បានឮ​សូរ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ​រេ​ចង្កូត​ទៅ​បុក​របាំង​ពុះ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​ប៉ុង​ទៅ​មុខ​លែង​រួច​តែ​ម្តង​។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​ពេល​សមត្ថកិច្ច​ទៅ​ដល់​អ្នកបើកបរ​មិន​បាន​សហការ​នោះ​ទេ ដោយ​និយាយ​ថា ចាំ​ដោះស្រាយ​ជាមួយ​មេ​របស់​គេ​ទៅ​។ ក្រុម​មហាជន​បាន​លើក​ឡើង​ថា ជា​រៀងរាល់ថ្ងៃ​រថយន្ត​ខាងលើ​នេះ​តាម​រយៈ​ការ​សង្កេត​គេ​ដឹក​ថ្ម​មិនសូវ​លស់​ពេល​នោះ​ទេ តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​នោះ​ទេ ថា​តើ​ថ្ម​ដែល​គេ​ដឹក​រាល់​ថ្ងៃនេះ​គេ​ដឹក​យក​ទៅ​ណា​ឲ្យ​ប្រាកដ និយាយ​រួម​គឺ​ដឹក​ជា​ប្រចាំ​ថ្ងៃ​តែ​ម្តង​។ អ្នកខ្លះ​បាន​នាំ​គ្នា​លើក​ឡើង​ថា ឡាន​មាន​បិទ​ស្លាក​សញ្ញា​ទាហាន​បែប​នេះ ប្រហែលជា​គេ​ដឹក​យក​ទៅ​កសាង​បន្ទាយ​ទេ​ដឹង? ដោយឡែក​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា បើ​ដឹក​ថ្ម​ទាំងនេះ​ទៅ​លក់​វា​ទំនង​ជាង ព្រោះ​ឡាន​នេះ​បាន​ដឹក​ថ្ម​រាប់​ឆ្មាំ​មក​ហើយ​មិន​ដែល​មាន​បន្ទាយ​ឯណា​កសាង​រាប់​ឆ្នាំ​បែប​នេះនោះ​ទេ​។ ដោយឡែក​អ្នកខ្លះ​ទៀត​ព្រលយ​ពាក្យ​ថា ឡាន​នេះ​មិនមែន​ជា​ឡាន​របស់​ខាង​ទាហាន​កងពលតូច​លេខ​៧០​នោះ​ទេ គឺ​ថៅកែ​ឡាន​បាន​បង់លុយ​ប្រចាំខែ​ក្នុង​០១​គ្រឿង​១០០​ដុល្លារ ដើម្បី​យក​ស្លាក​លេខ និង​ស្លាក​សញ្ញា​មក​បិទ​បន្លំ​ភ្នែក​សមត្ថកិច្ច​តាម​ដងផ្លូវ និង​មហាជន​ថា ជា​ឡាន​របស់​ខាង​ទាហាន​ដែល​ធាតុ​ពិត​ឡាន​ទាំងនោះ​ភាគច្រើន​ជា​ឡាន​អត់​ពន្ធ​ផង​ក៏​មិនដឹង? មិន​មាន​ប្រភព​ណាមួយ​ហ៊ាន​អះអាង​ថា ថៅកែ​ឡាន​នេះ​បង់លុយ​តាម​រយៈ​មន្ត្រី​ទាហាន​រូប​ណា​ឡើយ​។ បើ​តាម​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ថា តាម​ការ​ត្រួតពិនិត្យ​គឺ​ឧប្បត្តិ​ហេតុនេះ​បណ្តាល​មក​ពី​រថយន្ត​ដឹក​លើស​ចំណុះ ទើប​បែក​កង់​ខាង​មុខ​រេ​ចង្កូត​ទៅ​បុក​ទ្រូងផ្លូវ​បែប​នេះ​។

រឿង​ឡាន​ដឹក​ថ្ម​មាន​បិទ​ស្លាក​សញ្ញា​ទាហាន​របៀប​នេះ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មហាជន​រស់នៅ​ក្រុង​ច្បារមន​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ការ​រង់ចាំ​មើល​ខាង​សមត្ថកិច្ច​បង្ក្រាប​ឡាន​ដឹក​ថ្ម​ទាំងនេះ​។ ដោយសារ​តែ​គេ​សម្អាង​លើ​ស្លាក​លេខ​ទាំងនេះ​ហើយ​មើលទៅ ទើប​បានជា​ពេល​បង្ក​គ្រោះថ្នាក់​ម្តង​ៗ​មិន​ដែល​នៅ​កន្លែង​កើតហេតុ​ដោះស្រាយ​នោះ​ឡើយ គឺ​រត់​យក​តែ​រួចខ្លួន​រង់ចាំ​មេ​របស់​គេ​ចូលខ្លួន​មក​ដោះស្រាយ​ជា​ក្រោយ​។​ជាក់ស្តែង​ដូច​ជា​ករណី​នេះ​ជាដើម ចាត់​ទុក​ថា​សំណាង​ហើយ​ដែល​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ផង អ្នកបើកបរ​នៅ​មិន​ផ្តល់​ការ​សហ​ការណ៍​ចុះ​ទម្រាំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក​ដល់​ជីវិត​មនុស្ស​វិញ​រឿង​អី​គេ​នៅ​ឲ្យ​ចាប់ខ្លួន​។

ម្យ៉ាង​ឡាន​ទាំងនេះ​សុទ្ធសឹងតែ​ត​ទ្រុង​ដែល​អាច​ផ្ទុក​ថ្ម​បាន​ច្រើន​ចំណេញ​ក្នុង​ការ​រត់​យក​ថ្ម​ទៅ​លក់​នៅ​ភ្នំពេញ​។ លោក​វត​សេនីយ៍​ទោ អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​សមត្ថកិច្ច​របស់​លោក​បាន​ត្រឹម​ចុះ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ដោយឡែក​សំណង​ការ​ខូចខាត​សម្បត្តិ​សាធារណៈ​គឺ​ខាង​សាធារណការ​ជា​អ្នក​ចាត់ចែង រឿង​ឃាត់​មិន​ឃាត់​រថយន្ត​ទុក​ខាង​លោក​មិនដឹង​នោះ​ទេ​។ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ដោយ​ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សា​ធារ​ណា​ការ ជា​ច្រើន​ដង​តែ​ចូល​ហើយ​មិន​មាន​អ្នក​លើក​ទទួល​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​ថ្ម​ដែល​មាន​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ និង​មាន​បិទ​ស្លាក​សញ្ញា​របស់​កងពលតូច​លេខ​៧០​នេះ ដែល​មិន​មាន​សុំ​ការ​ពន្យល់​បាន​ទេពី​ថ្នាក់ដឹកនាំ​កងពល​មួយ​នេះ​ថា​ជា​របស់​អង្គភាព​មួយ​នេះ​ពិត ឬ​ក៏​ដូច​ការ​លើក​ឡើង​របស់​មហាជន​នោះ​ទេ​៕