ក្រុមប្រឆាំងអ៊ិស្លាម និងពួកឆ្វេងនិយមហ្ស៊កដានី កាលពីថ្ងៃទី២៦ មីនា បានទាមទារឱ្យដកតំណែងនាយករដ្ឋមន្ត្រីពីលោក Maaruf Bakhit ដែលពួកគេចោទប្រកាន់ពីបទញុះញុងឱ្យមានអំពើហិង្សាបណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង១៣០នាក់ទៀតរងរបួស ។
ប្រមុខរណសិរ្សសកម្មភាពអ៊ិស្លាមដ៏មានអំណាច លោក Hamzah Mansur និយាយថា ចលនាអ៊ិស្លាមបានទាមទារឱ្យលោក Maaruf Bakhit ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយឱ្យមានការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិថ្មីដែលមានគំនិតថ្មីធ្វើកំណែទម្រង់ ។ លោក Hamzah ថ្លែងដូច្នេះក្នុងឱកាសនៃសន្និសីទកាសែតមួយ។ លោកថ្លែងប្រាប់សន្និសីទកាសែតនោះថា រដ្ឋាភិបាលណាក៏ដោយ ដែលធ្វើឱ្យមនុស្សស្លាប់នឹងបាត់បង់ភាពស្របច្បាប់ ។
ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលហ្ស៊កដានីជាមួយនឹងពួកអ៊ិស្លាមបានពុះកញ្ជ្រោលកាន់តែខ្លាំង ក្រោយពីលោកនាយករដ្ឋមន្ត្រី Maaruf Bakfit ចោទប្រកាន់ក្រុមប្រឆាំងដ៏សំខាន់ថា ញុះញុងឱ្យមានការបះបោរកើតឡើងស្ទើរតែគ្រប់ទីកន្លែងក្រោយពីការស្លាប់បាតុករម្នាក់ដែលជាការស្លាប់មនុស្សលើកដំបូងក្នុងប្រទេសហ្ស៊កដានីចាប់តាំងពីមានការបះបោរមក ៕
ចែករំលែកព័តមាននេះ