ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចំណុច​ពិសេសអ្វី​ខ្លះ​ធ្វើឱ្យ​កញ្ញា​ស្រី​អូន ក្លាយជា​ដៃគូ​លោក ព្រហ្ម ម៉ា​ញ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ឱកាស​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​លូតលាស់​ឡើង​ថែម​ទៀត ដោយ​តារា​កំប្លែង​រលក​ក្រោយ​កញ្ញា​សោម ស្រី​អូន​ត្រូវ​លោក​ព្រហ្ម ម៉ា​ញយ​ក​ជា​ដៃគូ​ចម្រៀង​អា​យ៉ៃ ។

តារា​កំប្លែង​ទើប​រះ និង​នៅ​ក្មេងខ្ចី​កញ្ញា​សោម ស្រី​អូន កំពុង

រាជធានី​ភ្នំពេញ ៖ ជា​ឱកាស​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​លូតលាស់​ឡើង​ថែម​ទៀត ដោយ​តារា​កំប្លែង​រលក​ក្រោយ​កញ្ញា​សោម ស្រី​អូន​ត្រូវ​លោក​ព្រហ្ម ម៉ា​ញយ​ក​ជា​ដៃគូ​ចម្រៀង​អា​យ៉ៃ ។

តារា​កំប្លែង​ទើប​រះ និង​នៅ​ក្មេងខ្ចី​កញ្ញា​សោម ស្រី​អូន កំពុង​ប្រឹងប្រែង​ដើម្បី​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ ។ ដោយ​ឃើញ​ទេព​កោសល្យ​ច្រៀង​អា​យ៉ៃ​របស់​ស្រី​អូន​នា​ពេល​កន្លង​មក លោក​ព្រហ្ម ម៉ា​ញ ក៏​ជ្រើសរើស​យក​នាង​ជា​ដៃគូ​ឡើង​ឆាក​សម្តែង​ម្នាក់​ទៀត​ក្រៅពី​អ្នកស្រី​នួន សារី ហៅ​យាយ​យ៉​យ​ដែល​ជា​គូ​សម្តែង​ចាស់​។ មួយ​រយៈ​ចុង​ក្រោយ​នេះ​កញ្ញា​ស្រី​អូន​មានឱកាស​ចាប់​ដៃគូ​ច្រៀង​អា​យ៉ៃ​ជាមួយ​លោក​ព្រហ្ម ម៉ា​ញ ជា​បន្តបន្ទាប់ ។ ការ​សម្តែង​អា​យ៉ៃ​ផ្តោះផ្តង​គ្នា​ជាមួយ​សិល្បករ​ជើង​ចាស់​របស់​នាង​ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ចំពោះ​ទេព​កោសល្យ​របស់​ស្រី​អូន​។ ជាមួយ​ពាក្យពេចន៍​ឌឺដង​ដាក់​គ្នា​«​ម៉ាំង​ទៅ​ម៉ាំង​មក​» ជាមួយ​ដៃគូ​លោក​ព្រហ្ម ម៉ា​ញ ធ្វើ​ឱ្យ​ទស្សនិកជន​បាន​សើច​សប្បាយ ។

កញ្ញា​សោម ស្រី​អូន រៀបរាប់​ឱ្យ​ដឹង​ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​ប្រឡូក​អាជីព​សិល្បៈ​ទើបតែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់ផ្តើម​លេង​កំប្លែង​តែ​ម្តង ។ អាជីព​កំប្លែង​នេះ​បាន​មក​ដោយ​ចៃដន្យ​ប៉ុណ្ណោះ គឺ​នាយ​ហុងដា ជា​អ្នក​បើកផ្លូវ​បញ្ចូល​នាង​ឱ្យ​សម្តែង​គ្រា​ដែល​នាង​ច្រៀង​ក្នុង​កម្មវិធី​មង្គលការ ។ ចៃដន្យ​ខ្វះ​ដៃគូ​កំប្លែង​នាយ​ហុងដា​យក​នាង​ជំនួស​ភ្លាម​តែ​ម្តង ។ ដោយ​ឃើញ​នាង​មាន​និស្ស័យ និង​ទេព​កោសល្យ​ក៏​ឱ្យ​បន្តការងារ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

សោម ស្រី​អូន អតីត​ជា​សិស្ស​នៅ​សាលា​វិចិត្រសិល្បៈ​ផ្នែក​ចម្រៀង​បុរាណ ហើយ​ឆ្លៀតពេល​ពី​ការ​សិក្សា​ចូលរួម​ច្រៀង​ភ្លេង​ការ ជា​ឱកាស​ដែល​នាំ​ឱ្យ​បាន​ជួប​តារា​កំប្លែង​ល្បី ។

តារា​កំប្លែង​ថ្មី​មាន​ប្រភព​ចេញពី​ខេត្តកោះកុង​កញ្ញា​សោម ស្រី​អូន​ចាប់​ដៃគូ​ច្រៀង​អា​យ៉ៃ​ជាមួយ​លោក​ព្រហ្ម ម៉ា​ញ ជិត​១​ឆ្នាំ​មក​ហើយ  ពិសេស​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ដែល​មាន​អ្នក​នាង​យុគ ចិន្តា និង​នាយ​ទុ​យ​ជា​ពិធីករ ។

សោម ស្រី​អូន​និយាយ​ថា «​នាង​ខ្ញុំ​មិន​ដែល​នឹក​ដល់​ថា ខ្លួន​អាច​ទៅ​រួច​នោះ​ទេ និង​កាន់តែ​ព្រួយបារម្ភ​ពេល​ដឹង​ថា​មក​ឈរជើង​លើ​វេទិកា​ល្បី ហើយ​តំណែង​នេះ​គឺ​យាយ​យ៉​យ និង​តារាចម្រៀង​ផ្សេង​ទៀត គាត់​ជា​អ្នកកាន់កាប់ ហើយ​មហាជន​សុទ្ធតែ​ទទួលស្គាល់​ថា​ល្អ ។ អីុ​ចឹ​ង​ហើយ​យើង​ជា​ក្មេង​បើ​គិត​ពី​អាយុ​វិញ​ដូច​ចៅ​របស់​លោក​ព្រហ្ម ម៉ា​ញ ។ យ៉ាងណាមិញ ក្រោយ​ពេល​សម្រេច​គោលការណ៍​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ នាង​ខ្ញុំ​ត្រូវ​បាន​លោកពូ​ព្រហ្ម ម៉ា​ញ​ឱ្យ​ខំរៀន​វិជ្ជា​អា​យ៉ៃ​នេះ​ជា​បន្ត​ទៀត ព្រោះថា​នាង​ខ្ញុំ​អាច​ទៅ​បាន​លោក​នឹង​បណ្តុះបណ្តាល​ឱ្យ​ល្អ ជា​ធនធាន​ថ្មី ។ គាត់​ឱ្យ​នាង​ខ្ញុំ​ខំ​មើល​រៀមច្បង និង​អាន​សៀវភៅ​កំណាព្យ ផ្សេង​ៗ​ឱ្យ​ច្រើន​ដើម្បី​មានចំណេះ​ដឹង​ទូលាយ ហើយ​អាច​ចាប់​ចុងចួន​បាន ភ្លាម​ៗ​ឆ្លង​ឆ្លើយ​គ្នា​តទៅ​តម​ក ។

លើស​ពី​នេះ​អ្នក​មីង​យ៉​យ​ក៏​បាន​ផ្តល់​ជា​យោបល់​ផង​ដែរ​ថា នាង​ខ្ញុំ​អាច​ជា​រលក​ថ្មី​ក្នុង​អាជីព​អា​យ៉ៃ ត្រូវ​តែ​ខិតខំ​ធ្វើ​ឱ្យ​បាន​កម្រ​មាន​អ្នកចេះ​ណាស់ ខ្វះខាត​អ្វី​មីង​យ៉​យ​គាត់​នឹង​ប្រាប់​វិធី​ច្រៀង ថ្មី​ៗ​ទៀត ។ មូលហេតុ​បែប​នេះ​ហើយ​នាង​ខ្ញុំ​បាន​ខិតខំ​ព្យាយាម​ឱ្យ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​បាន​គ្រង​ការងារ​ជា​អ្នកចម្រៀង​អា​យ៉ៃ​នេះ​ឱ្យ​បាន​ល្អ ទោះជា​លំបាក​បែប​ណា​ក្តី ព្រោះ​នាង​ខ្ញុំ​ស្រឡាញ់​និង​ចង់​ថែរក្សា​ស្នាដៃ​មួយ​នេះ​ឱ្យ​ល្អ​បន្ត​ទៀត » ។

កញ្ញា​សោម ស្រី​អូន ក្រៅពី​សម្តែង​ជាមួយ​លោក​ព្រហ្ម ម៉ា​ញ តែងតែ​មានឱកាស​សម្តែង​កំប្លែង​ជាមួយ​ក្រុម​កំប្លែង​នាយ​កុយ នាយ​ចាប​ចៀន នាយ​ខ្ជឹប​ជាដើម ។ ក្រៅពី​កំប្លែង​នាង​សម្តែង​ភាពយន្ត​បាន​ចំនួន​ពីរ​រឿង ៕