ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​វិធី​ផ្លាស់​ប្តូរ​ឧបសគ្គ​ឱ្យ​ក្លាយជា​ឱកាស

6 ឆ្នាំ មុន

Michael Jordan ជា​កីឡាករ​Basketball មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក ។ កេរ្តិ៍ឈ្មោះ មិនមែន​ជា​រឿង​ដែល​គាត់​មាន​តាំងពី​កំណើត​ទេ គឺ​ពេល​គាត់​ឈាន​មក​តស៊ូ​ក្នុង​អាជីព​ដែល​គ្រប់​គ្នា​តែង​សុបិន​ដល់​នោះ

Michael Jordan ជា​កីឡាករ​Basketball មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក ។ កេរ្តិ៍ឈ្មោះ មិនមែន​ជា​រឿង​ដែល​គាត់​មាន​តាំងពី​កំណើត​ទេ គឺ​ពេល​គាត់​ឈាន​មក​តស៊ូ​ក្នុង​អាជីព​ដែល​គ្រប់​គ្នា​តែង​សុបិន​ដល់​នោះ សុទ្ធតែ​ចេញ​មក​ពី​ឧបសគ្គ​មើលទៅ​នឹង​គ្មាន​ថ្ងៃ​បញ្ចប់ ។

ក្នុង​សម័យ​មធ្យមសិក្សា ក្រុម Basketball របស់​សាលារៀន បាន​បើក​ទទួល​អ្នកលេង ពេល​នោះ Jordan បាន​ទៅ​ស្ម័គ្រ ប៉ុន្តែ​គាត់​មិន​បាន​ជាប់​ទេ ។ គាត់​អស់សង្ឃឹម​យ៉ាង​ខ្លាំង និង​ស្បថ​ជាមួយ​ខ្លួនឯង​ថា នឹង​ក្លាយជា​អ្នកលេង Basketball ដែល​ពូកែ​បំផុត​ឲ្យ​បាន ។

ក្នុង​ការ​ជ្រើសរើស​កីឡាករ និង​ការ​ប្រកួត​ពេល​ក្រោយមក​ទៀត ជំនាញ​របស់​គាត់​បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង និង​ក្លាយជា​អ្នកលេង​ដែល​ពូកែ​បំផុត​ក្នុង​ក្រុម​បាន​សម្រេច ។ បើសិនជា​គាត់​ព្រម​ចុះចាញ់​តាំងពី​ថ្ងៃ​នោះ​មក យើង​ក៏​គង់​គ្មាន​អ្នកលេង Basketball ដែល​មានឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក​ក្នុងថ្ងៃនេះ​ទេ ។

យើង​គ្រប់​គ្នា​តែង​មាន​ឧបសគ្គ​ក្នុង​ជីវិត ការ​យល់ព្រម និង​ឆ្លងកាត់​ឧបសគ្គ គឺជា​ការ​កំណត់​ភាព​ជោគជ័យ ។

១-​មើល​ឧបសគ្គ​ជា​ផ្លូវ​ទៅ​រក​គោលដៅ ៖
ចូរ​គិត​ថា គោលដៅ​របស់​អ្នក​នោះ​អាច​ទៅ​បានជា​និច្ច ។ តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក Chris Burke ធ្លាប់​និយាយ​ថា ៖ «​ខ្ញុំ​ផ្តិត​ពាក្យ​ទុក​ក្នុង​ខួរក្បាល​ថា ឧបសគ្គ គឺ​អ្វី​ដែល​នឹង​ជួប​ប្រទះ​ពេល​អ្នក​លះបង់​គោលដៅ និង​ព្រម​ចុះចាញ់ តែ​វា​មិនមែន​ជា​ខ្លួន​ខ្ញុំ​ទេ » ។

នៅ​ពេល​ខ្សែ​ភ្នែក​របស់​អ្នក​សម្លឹង​ទៅ​គោលដៅ ក៏​កុំ​ឲ្យ​ឧបសគ្គ​ត្រឹម​តូច​ៗ មក​ធ្វើ​ឲ្យ​អ្នក​យល់​ខុស​ឲ្យ​សោះ ។

២-​ដាក់​ផែនការ មិនមែន​គ្រាន់តែ​សង្ឃឹម ៖
ឧបសគ្គ​កើតឡើង​បាន​គ្រប់ពេលវេលា ការ​សង្ឃឹមថា ឧបសគ្គ​នឹង​អស់​ទៅ ហើយ​គ្រប់យ៉ាង​នឹង​ដំណើរការ​ទៅ​ដោយ​រលូន​នោះ វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ។ អ្នក​ត្រូវ​បង្កើត​គោលដៅ​ដែល​អាច​ធ្វើ​តាម​បាន​ពិតប្រាកដ ដើម្បី​ពុះពារ​ឈាន​ទៅ​ជោគជ័យ​យ៉ាង​ច្បាស់លាស់ ។ ចូរ​ប្រាកដ​ចិត្ត​ថា គោលដៅ​របស់​អ្នក​មិន​ច្របូកច្របល់​ពេក ដែល​វា​ជា​តម្រូវការ​ពិតប្រាកដ ព្រមទាំង​អាច​វាស់​លទ្ធផល​បាន ហើយ​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​ពេល​ឈាន​មក​ដល់​ចំណុច​មួយ​។ រឿង​ទាំងនេះ​រមែង​ជួយ​ជំរុញ​អ្នក​ឲ្យ​ឈាន​ទៅ​រក​គោលដៅ​បាន​យ៉ាង​ឆាប់រហ័ស ។

មាន​សៀវភៅ​ជា​ច្រើន​ក្បាល​និយាយ​ពី​វិធី​ការ​កំណត់​គោលដៅ​យ៉ាង​ឈ្លាសវៃ ដែល​ការ​កំណត់​គោលដៅ​ខាងលើ​នេះ គឺ​អាច​វាស់វែង​លទ្ធផល​បាន ធ្វើ​ឲ្យ​ក្លាយជា​ការ​ពិត និង​មាន​ពេលវេលា​កំណត់​ជាក់លាក់ ។ បើសិនជា​គោលដៅ​របស់​អ្នក​ទៅ​តាម​មាត្រដ្ឋាន​នេះ ក៏​នឹង​ធ្វើ​វា​ងាយ​ឡើង មាន​ន័យ​ថា អ្នក​នឹង​សម្លឹង​ទៅ​រក​គោលដៅ ទោះជា​ជួបនឹង​ឧបសគ្គ​កណ្តាលផ្លូវ​ក្តី ។

៣-​ផ្តោត​លើ​អ្វី​ដែល​អាច​ធ្វើ​បាន ៖
នៅ​ពេល​ដែល Jordan ត្រូវ​បាន​គេ​កាត់​ចេញពី​ក្រុម​សាលារៀន ដោយសារ​គាត់​មាន​កម្ពស់​ត្រឹមតែ​១,៧៨​ម៉ែត្រ គាត់​ចង់​ខ្ពស់​ជាង​នេះ ប៉ុន្តែ​គាត់​ដឹង​ថា គាត់​មិន​អាច​គ្រប់គ្រង​វា​បាន ដូច្នេះ ជំនួស​អ្វី​ដែល​គាត់​ចំណាយ​កម្លាំង និង​ពេលវេលា​ជាមួយ​អ្វី​ដែល​គ្រប់គ្រង​មិន​បាន គាត់​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ដែល​អាច​ធ្វើ​បាន​ច្រើន​ជាង ។

ជំនួស​ការ​គិត​ពី​អ្វី​ដែល​ធ្វើ​មិន​បាន អ្នក​អាច​គិតដល់​អ្វី​ដែល​អាច​ធ្វើ​បាន​វិញ ។ ចូរ​ប្រើ​ឧបសគ្គ​សម្រាប់​ជា​ផ្លូវ​អភិវឌ្ឍន៍ និង​រក​វិធី​ទទួលយក​វា ។ នៅ​ពេល​យើង​ដើរមក​ដល់​កំផែង​រារាំង​ផ្លូវ យើង​អាច​រក​វិធី​តោង​ផ្លោះ​ឆ្លងកាត់​វា ឬ​ជីក​រន្ធ​ដើម្បី​ទៅ​ឲ្យ​បាន មិនមែន​រវល់​តែ​គិត​ថា ហេតុ​អ្វី​ត្រូវ​មក​ជួបនឹង​សភាព​បែប​នេះ ដែល​វា​គ្មាន​អ្វី​ល្អ​ប្រសើរ​ឡើង​ទេ ។

៤-​យើង​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍ តែ​អាច​គ្រប់គ្រង​ឥរិយាបថ​បាន ៖
អ្នក​ត្រូវ​មាន​ឥរិយាបថ​ល្អ និង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​សម្រេច​លទ្ធផល​ឲ្យ​បាន ។ ការ​បង្កើត​ភាព​ជឿជាក់​ដល់​ខ្លួនឯង និង​ភាព​ក្លាហាន​ហ៊ាន​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​ជំទាស់ វា​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ពុះពារ​គ្រប់​ឧបសគ្គ​ទៅ​បាន រួម​ទាំង​អាច​យកឈ្នះ​ចិត្ត​ខ្លួនឯង​ផង​ដែរ ។

ឧបសគ្គ​ជា​រឿង​ចៀសវាង​មិន​បាន អ្នក​ទទួល​បាន​ជោគជ័យ​គ្រប់​រូប​តែង​ធ្លាប់​ជួបនឹង​ឧបសគ្គ​ផ្សេង​ៗ ។ ភាព​ជឿជាក់​លើ​គោលដៅ​ដែល​កំណត់​យ៉ាង​ឈ្លាសវៃ គឺ​មាន​ផ្លូវ​សម្រាប់​ដោះស្រាយ​បញ្ហា​ច្បាស់លាស់ និង​មាន​ឥរិយាបថ​សម​ស្រប តែង​ជួយ​ឲ្យ​អ្នក​អាច​តាំងចិត្ត នឹង​សម្រេច​គោលដៅ ។

« ភាព​បរាជ័យ គឺជា​ឱកាស​ដើម្បី​ចាប់ផ្តើម​ជា​ថ្មី​ម្តងទៀត ដោយ​សតិបញ្ញា​ច្រើន​ឡើង » ។ នេះ​បើ​តាម​លោក Henry Ford ៕