ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចំណាកស្រុក និង​ថ្លៃដើម​ខ្ពស់ ធ្វើ​ឱ្យ​វិស័យ​សូត្រ​កម្ពុជា​ធ្លាក់​ចុះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​សូត្រ​កម្ពុជា បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយសារ​កត្តា​ជា​ច្រើន រួម​ទាំង​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ និង​ថ្លៃដើម​ខ្ពស់​ក្នុង​ការ​ផលិត ។ ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ វិស័យ​សូត្រ​កម្ពុជា បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយសារ​កត្តា​ជា​ច្រើន រួម​ទាំង​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ និង​ថ្លៃដើម​ខ្ពស់​ក្នុង​ការ​ផលិត ។ ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ អ្នក ជំនាញ​យល់​ថា លុះត្រាតែ​មានការ​វិនិយោគ និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ។ នេះ​បើ​យោង​តាម​ខ្លឹមសារ​ក្នុង​ជំនួប​ពាណិជ្ជកម្ម វិស័យ​សូត្រ​កម្ពុជា និង​សហព័ន្ធ​សូត្រ​អន្តរជាតិ ដែល​បាន​ប្រារព្ធ​នៅ​ទីស្ដីការក្រសួង​ពាណិជ្ជកម្ម កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ។

ប្រធាន​គណៈកម្មាធិការ​សូត្រ​ជាតិ លោក ម៉ៅ ថូ​រ៉ា មាន​ប្រសាសន៍​ថា វិស័យ​សូត្រ​កម្ពុជា មានការ​ធ្លាក់​ចុះ​នៅ​សល់​ប្រហែល​៤០%​ប៉ុណ្ណោះ ដោយសារ​ពលករ​វ័យក្មេង​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ផ្នែក​នេះ​បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដែល​ទទួល​បាន​ចំណូល​ខ្ពស់​ជាង ការ​ផលិត​សូត្រ​លក់​នៅ​ទីផ្សារ ។

លោក ប៉ាវ អៀង​ឃ័ង នាយក​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ បានឱ្យ​ដឹង​ថា សូត្រ​ជា​មុខរបរ​មួយ​ដែល​អាច​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​និង​ប្រទេស​ជាតិ​មានការ​កើនឡើង តែ​វិស័យ​នេះ​ជួប​ផល​លំបាក គឺ​ការ​ផលិត​ស​សៃ​សូត្រ ។

លោក​បន្ត​ថា ៖ « តាម​ការ​ស្រាវជ្រាវ​របស់ខ្ញុំ​ឃើញ​ថា កម្ពុជា​អាច​ផលិត​សូត្រ​បាន​រហូត​១៥០​តោន ក្រោយ​សង្គ្រាមលោក​លើក​ទី​១ ប៉ុន្តែ​ដោយសារ​ការ​អភិវឌ្ឍ និង​សង្គ្រាម បាន​ធ្វើ​ឱ្យ​សូត្រ​ខ្មែរ​បាត់បង់​ទៅ​វិញ »​។

លោក​បន្ដ​ថា ៖ « កម្ពុជា​មាន​អ្នក​ផលិត​សូត្រ​ច្រើន តែ​បាន​បោះបង់​វិញ ដោយសារ​កត្តា​ឧស្សាហកម្ម និង​ការងារ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ។ អ្វី​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​សម្រាប់​គឺ​វត្ថុធាតុដើម​ផលិត ហើយ​ប្រ​សិន​វត្ថុធាតុដើម​ជាស​សៃ​សូត្រ​ថ្លៃ​ខ្ពស់​ពេក​នោះ មិន​អាច​ធ្វើ​ឱ្យ​អ្នក​ផលិត​រក​ចំណូល​បាន​ទេ » ។

អ្នក​អង្គ​ម្ចាស់ Pheanuroth Sisowath​សមាជិក​ក្រុមប្រឹក្សា​នៃ​SDC បាន​ឲ្យ​ដឹង​ថា ៖ « សព្វ​ថ្ងៃនេះ​វិស័យ​សូត្រ​ខ្មែរ ត្រូវការ​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ការ​ផលិត​សូត្រ​បាន​ត្រឹមត្រូវ និង​បន្ត​ពង្រឹង​លើ​ផ្នែក​បច្ចេកទេស​របស់​ពួក​គាត់ ប្រសិនបើ​យើង​ចង់​ឆ្ពោះទៅ​មុខ ហើយ​បើ​ចង់​ប្រកួតប្រជែង​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ លុះត្រាតែ​គ្រប់​ប្រតិបត្តិ​ករ ងាក​មក​ផលិត​សូត្រ​ដែល​មានគុណ​ភាព​ខ្ពស់ ជា​ជាង​យក​តែ​បរិមាណ ជា​ពិសេស​ត្រូវការ​ថវិកា និង​ការ​វិនិយោគ​ជា​ចាំបាច់ ប្រសើរ​ជាង​ការ​បណ្តុះបណ្តាល​តែ​លើ​ជំនាញ » ។

ក្នុង​ជំនួប​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្ដិ បាន​លើក​ឡើង​ថា វិស័យ​សូត្រ​បាន​ផ្តល់​ការងារ​ជូន​អ្នក​តម្បាញ​ជា​ស្ត្រី​នៅ​តាម​ជនបទ​ប្រមាណ​២​ម៉ឺន​នាក់ ។ នៅ​ក្នុង​ឆ្នាំ​២០១២ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សូត្រ មាន​ទំហំ​ទឹកប្រាក់​ជាង​៧​សែន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ពាណិជ្ជកម្ម​ឆ្លងកាត់​បន្ទាត់​ព្រំដែន និង​ការ​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។

លោក​បញ្ជាក់​ថា ៖ « ផលិតផល​សូត្រ​របស់​កម្ពុជា​ជាង​៩៥% ត្រូវ​បាន​ផលិត​ពី​សរសៃសូត្រ​ពណ៌​ស​ដែល​នាំ​ចូល​ពី​បរទេស ដោយសារ​តែ​បរិមាណ​ផលិតកម្ម​សរសៃសូត្រ​នៅ​កម្ពុជា​មាន​កម្រិត​តិចតួច​នៅឡើយ »​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​(ITC)​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​វត្ថុធាតុដើម​ពី​សូត្រ​ក្នុង​មួយ​ឆ្នាំ គិត​ជា​មធ្យម​មាន​ចំនួន​៨​ម៉ឺន​តោន ក្នុង​នោះ​សរសៃសូត្រ​ជាង​៧០%​មាន​ប្រភព​មក​ពី​ប្រ​ទស​ចិន ។ ពាណិជ្ជកម្ម​សូត្រ​សកល ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា មាន​តម្លៃ​ប្រមាណ​២៥​ពាន់លាន​ដុល្លារ ។ ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា សូត្រ​ត្រូវ​បាន​ចាត់ទុកជា​ផលិតផល​អាទិភាព​ដែល​មាន​សក្តានុពល​នាំ​ចេញ​ដូច​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា (CTIS)​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១៤ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​ធានា​និរន្តរភាព​ការ​អភិវឌ្ឍ​វិស័យ​សូត្រ​ក្នុង​រយៈពេល​វែង រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​សូត្រ​ជាតិ និង​ចងក្រង​នូវ​យុទ្ធសាស្ត្រ​សូត្រ​ជាតិ​កម្ពុជា ឆ្នាំ​២០១៦-២០២០​ផង​ដែរ ។

បច្ចុប្បន្ន គណៈកម្មាធិការ​សូត្រ​ជាតិ​កម្ពុជា កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ ធ្វើ​ជា​ផែនទី​សម្រាប់​បង្ហាញផ្លូវ ដើម្បី​កៀរគរ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​បន្ថែម​ពី​លេខាធិការដ្ឋាន​EIF និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ផ្សេង​ៗ សំដៅ​អភិវឌ្ឍន៍​សង្វា​ក់​តម្លៃ​សូត្រ​ប្រណីត​របស់​កម្ពុជា និង​គាំទ្រ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផលិត​សូត្រ​កម្ពុជា​ទាំង​១៤​ក្រុមហ៊ុន ៕