ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា និង​ឃឹម ឌី​ម៉ា សង្ឃឹម​រកបាន​3​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​លើក​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី ថ្ងៃ​ទី​៦ ឧសភា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៧​ហើយ ។ កីឡាករ​កម្ពុជា​២​រូបគឺ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍ស៊ី​អិន​ស៊ី ថ្ងៃ​ទី​៦ ឧសភា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៧​ហើយ ។ កីឡាករ​កម្ពុជា​២​រូបគឺ​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​ឃឹម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដែល​ជា​សមាសភាព​ត្រូវ​ប្រកួត​ជាមួយ​កីឡាករថៃ​លើក​នេះ​សង្ឃឹមថានឹង​រកបាន​៣​ពិន្ទុ​បន្ថែមទៀត​មិន​ខាន​។

ទោះបី​ឌុ​ម កែវ​ដា ២​ប្រកួត​កន្លង​មកឈ្នះ​ក៏​ដោយ​ក៏​អ្នកគាំទ្រ​មួយ​ចំនួន​ហាក់​អល់ឯកចំពោះ​ការ​លើក​ឡើង​ថា កីឡាករ​កម្ពុជា​រូប​នេះ​នឹងឈ្នះ​ទៀត​ដោយសារ​កីឡាករ​ថៃ​ឈ្មោះ​Damruot Lek ដែល​គេ​ត្រូវ​ជួប​គឺជា​ជើង​ខ្លាំង​មិនអាច​មើល​ស្រាល​បាន ។ Damruot Lek ជា​អ្នក​ប្រដាល់​មាន​ស្នៀត​ប្រយុទ្ធ​ល្អ វាយ​ចេញរហ័ស​ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​ទៀត​ផង​។

ចាំ​មើល​ឌុ​ម កែវ​ដា អាច​សម្រេច​គោលដៅ​របស់ខ្លួន​បាន​ឬ​អត់ ខណៈ​អ្នកគាំទ្រ​បង្ហាញ​មន្ទិល​បែបនេះនោះ ។

ចំណែក​ឃឹម ឌី​ម៉ា ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ Phikunngern Sor Phanisa លើក​នេះ​ក៏​ឆ្លងកាត់​២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​ដែរ និង​មាន​មហិច្ឆតា​ចង់បាន​៣​ពិន្ទុ​បន្ថែម​ទៀតដូច​គ្នា ។ សម្រាប់​អ្នក​តាមដាន​ការ​ប្រកួតភាគច្រើន​គេ​មាន​ទំនុកចិត្ត​លើ​កីឡាករ​រូប​នេះ ដោយសារ​មើលឃើញ​ភាព​ខ្លាំង​និង​បទ​ពិសោធន៍ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ ។ ដូច្នេះ​សម្រាប់​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​របស់ ឃឹម ឌី​ម៉ា លើក​នេះ ប្រហែល​មិន​ពិបាក​ឡើយ ។

គួរ​រំលឹក​ថា នៅ​ក្នុង​ពូ​ល​កម្ពុជា​មាន​កីឡាករ​៤​រូប​គឺ ឃឹម ឌី​ម៉ា​, ឌុ​ម កែវ​ដា​, សេក គឹ​មរួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ សុទ្ធតែ​មាន​៦​ពិន្ទុ​ម្នាក់​នៅ​ក្នុង​ដៃ ។ ដូច្នេះ​គេ​រង់ចាំ​មើល​តើ​អ្នក​ណា​មានសំណាង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ពេល​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​សន្សំ​ពិន្ទុ អត់​មាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញតម្រូវ​ទៅ​លើ​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕