ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ិ​ន សុ​ភិន ថា មិន​ទាន់​យល់ព្រម​តាម​ការ​ស្នើ​សុំ​លាលែង​តំណែង​របស់ ហង្ស សុរិយាន់ នៅ​ឡើយ​​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក អ៊ិ​ន សុ​ភិន អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស បាន​លើក​ឡើង​ថា រហូត​មក​ដល់​នា​ពេល​នេះ ក្រុមហ៊ុន​របស់​លោក​នៅ​មិន​ទាន់​ចេញ​លិខិត និង​ការ​យល់ព្រម​ណាមួយ​ចំពោះ​ការ​ស្នើ​សុំ​លាលែង​ពី​តំណែង​លំដាប់​រង​ទី​១ របស់​កញ្ញា

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ន សុ​ភិន អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស បាន​លើក​ឡើង​ថា រហូត​មក​ដល់​នា​ពេល​នេះ ក្រុមហ៊ុន​របស់​លោក​នៅ​មិន​ទាន់​ចេញ​លិខិត និង​ការ​យល់ព្រម​ណាមួយ​ចំពោះ​ការ​ស្នើ​សុំ​លាលែង​ពី​តំណែង​លំដាប់​រង​ទី​១ របស់​កញ្ញា ហង្ស សុរិយាន់ ក្នុង​កម្មវិធី Miss Grand Cambodia 2022 នៅឡើយ​ទេ​។

ការ​អះអាង​របស់​លោក អ៊ិ​ន សុ​ភិន នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​កញ្ញា ហង្ស សុរិយាន់ បាន​ចេញ​លិខិត​បើកចំហរ​មួយ ដោយ​បាន​ស្នើ​សុំ​លាលែង​ពី​តំណែង​លំដាប់​រង​ទី​១ កញ្ញាឯក​កម្ពុជា កាលពី​ពេល​ថ្មី​ៗ ក្នុង​ពេល​ដែល​តាម​រយៈ​លិខិត​នេះ នាង​មិន​បាន​បញ្ជាក់​ពី​ហេតុផល​នោះ​ឡើយ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក អ៊ិ​ន សុ​ភិន បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ការ​ស្នើ​សុំ​លាលែង​ពី​តំណែង​របស់​កញ្ញា ហង្ស សុរិយាន់ នា​ពេល​នេះ គឺជា​ការ​គិត​របស់​នាង​តែ​ម្ខាង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន គឺ​មិន​ទាន់​យល់ព្រម​នៅឡើយ​ទេ​។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ លោក​និង​ក្រុមហ៊ុន ជាមួយ​កញ្ញា ហង្ស សុរិយាន់ គឺ​មិន​ដែល​មាន​បញ្ហា​អ្វី​ឡើយ ហើយ​កន្លង​មក នាង​មិន​ចង់​ចេញ​ទៅ​ប្រកួត Miss Earth នៅ​ប្រទេស Philippine ក៏​យើង​ធ្វើ​តាម​ចិត្ត​គាត់​ដែរ​។ យ៉ាងណា បើ​តាម​លោក អ៊ិ​ន សុ​ភិន ថា បញ្ហា​នេះ លោក​មិន​ទាន់​អាច​និយាយ​អ្វី​បាន​ច្រើន​ឡើយ​នៅ​ពេល​នេះ ដោយសារ​លោក​កំពុង​ជាប់រវល់​ដឹកនាំ​បេក្ខភាព​មក​ប្រកួត​កម្មវិធី Miss Teen Universe 2022 នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​។

លោក​ថា ក្រុមហ៊ុន​អាច ឬ​មិន​អាច សម្រេច​តាម​ការ​ចង់បាន​ពី ហង្ស សុរិយាន់ នា​ពេល​នេះ គឺ​ត្រូវ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក​ជា​មុន​សិន ដើម្បី​បាន​ជួប​ពិភាក្សា​ការងារ​នេះ​ដោយ​ផ្ទាល់​ជាមួយ​នាង ខណៈ​ពេល​លទ្ធផល​យ៉ាងណា​លោក​ប្រាប់​បន្ត​នា​ពេល​ក្រោយ​។

យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​កញ្ញា ហង្ស សុរិយាន់ បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ក្នុង​ពេល​ដែល​ការ​សាកសួរ​មិន​ទាន់​មានការ​ឆ្លើយ​តប​។

ជា​ការ​កត់សម្គាល់ ក្រោយ​បញ្ចប់​បេសកកម្ម​នៃ​ការ​ប្រកួតប្រជែង​ដណ្តើម​មកុដ​កម្មវិធី Miss Universe Cambodia 2022 បាន​បញ្ចប់ ដោយ​មិន​បាន​ជាប់​អ្វី​នោះ​កញ្ញា ហង្ស សុរិយាន់ ក៏​បាន​បន្ត​មហិច្ឆតា​របស់​ខ្លួន ដោយ​បាន​ចូលរួម​ប្រកួត​កម្មវិធី Miss Grand Cambodia 2022 ដោយ​នាង​ទទួល​បាន​ចំណាត់ថ្នាក់​លំដាប់​រង​ទី​១​។

កញ្ញា ហង្ស សុរិយាន់ បាន​បោះ​ជំហាន​លើ​វិស័យ​បវរកញ្ញា​នេះ​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដោយនៅ​ក្នុង​ឆ្នាំ​២០១៧ កញ្ញា​ធ្លាប់​ចូលរួម​ប្រកួត Cambodia’s Next Top Model ជាប់​ចំណាត់ថ្នាក់​លេខ​៤ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨ នាង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss global international នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​១១ និង​នៅ​ក្នុង​ឆ្នាំ​២០២២ កញ្ញា ហង្ស សុរិយាន់ បាន​ចូលរួម​ប្រកួត Miss Universe Cambodia 2022 ជាប់​ចំណាត់ថ្នាក់​លេខ​៦​។

គួរ​រំលឹក​ថា ៖ តើ​មានរឿង​អ្វី? ធ្វើ​ស្រី​ស្អាត ហង្ស សុរិយាន់ បាន​ប្រកាស​លាលែង​តំណែង​បវរកញ្ញា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ