ទីក្រុងប៉េកាំង ៖ រថភ្លើងដឹកជញ្ជូនទំនិញទីមួយដែលតភ្ជាប់ពីប្រទេសចិនទៅកាន់ចក្រភពអង់គ្លេស បានធ្វើដំណើរមកដល់ប៉ែកខាងកើតនៃទីក្រុងYiwu របស់ប្រទេសចិនហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីបានធ្វើដំណើរអស់រយៈចម្ងាយ១ម៉ឺន២ពាន់គីឡូម៉ែត្រ និងក្លាយជាផ្លូវរថភ្លើងដែលវែងជាងគេលំដាប់លេខ២របស់ពិភពលោក ។
វាជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសចិនក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអឺរ៉ុបខាងលិច តាមរយៈវិថីសូត្រសម័យថ្មីមួយ ។
ប្រទេសចិនបានចាប់ផ្តើមយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ វិថីមួយ » ឬ(One Belt, One Road) ក្នុងឆ្នាំ២០១៣ និងបានវិនិយោគប្រាក់ជាច្រើនលានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតភ្ជាប់ ។
រថភ្លើងដែលដឹកជញ្ជួន ស្រាវីស្គី ទឹកដោះគោទារក ឧសថ និងគ្រឿងម៉ាស៊ីន ខាងលើនេះ បានចាកចេញពីទីក្រុងឡុងដ៍នាថ្ងៃទី១០ មេសា និងបានឆ្លងកាត់ប្រទេសបារាំង បែលហ្សុិក អាល្លឺម៉ង់ ប៉ូឡូញ បេឡារុស រុស្ស៊ី និងកាស្សាក់ស្ថាន ក្នុងអំឡុងពេល២០ថ្ងៃ បន្ទាប់មក ក៏មកដល់ទីក្រុងYiwu ដែលស្ថិតនៅប៉ែកខាងកើតនៃខេត្ត Zhejiang ប្រទេសចិន ។
ផ្លូវរថភ្លើងថ្មីនេះមានចម្ងាយឆ្ងាយជាងផ្លូវរថភ្លើងTrans-Siberian របស់រុស្ស៊ី ប៉ុន្តែវាខ្លីជាងផ្លូវរថភ្លើង China-Madrid ចំនួន១ពាន់គីឡូម៉ែត្រ ដែលបានចាប់ដំណើរការក្នុងឆ្នាំ២០១៤នោះ ។
ទីក្រុងឡុងដ៍ គឺជាទីក្រុងទី១៥ដែលត្រូវបានតភ្ជាប់ទៅនឹងបណ្តាញដឹកជញ្ជូនដែលផ្តល់ដោយក្រុមហ៊ុន China Railway Corporation ដែលបានអះអាងថា សេវាកម្មរបស់ពួកគេមានតម្លៃទាបជាងការដឹកជញ្ជូនតាមយន្តហោះ និងលឿនជាងការដឹកជញ្ជូនតាមនាវា ។
រដ្ឋបាលខេត្តរបស់ចិនបាននិយាយថា ការដឹកជញ្ជូននេះលឿនជាងការដឹកជញ្ជូនតាមនាវាប្រមាណ៣០ថ្ងៃ ប៉ុន្តែការសាកល្បងខាងលើបានចំណាយពេលច្រើនជាងពេល១៨ថ្ងៃដែលបានគិតទុក ហើយរថភ្លើងមានឈ្មោះថា East Wind នេះ មានសតម្ថភាពក្នុងការដឹកជញ្ជូនតិចជាង គឺផ្ទុកបានតែ៨៨ទូរប៉ុណ្ណោះ ខណៈដែលនាវាអាចដឹកជញ្ជូនបានដល់ទៅ១ម៉ឺនទៅ២ម៉ឺនទូរ ។ នេះបើយោងតាមរដ្ឋបាលក្នុងទីក្រុងYiwu ៕
ចែករំលែកព័តមាននេះ