ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​អ្នក​សាងសង់​មាន​ជំនឿ​លើ​កំណើន​វិស័យ​សំណង់​ឆ្នាំ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​កំណើន​ជា​បន្តបន្ទាប់ ហើយ​បើ​តាម​ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ​សែ ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤ ទុន​ក្នុង​វិស័យ​សំណង់​កម្ពុជា មាន

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​កំណើន​ជា​បន្តបន្ទាប់ ហើយ​បើ​តាម​ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ​សែ ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤ ទុន​ក្នុង​វិស័យ​សំណង់​កម្ពុជា មាន​ប្រមាណ​២.៥០៧​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៥ មាន​ជាង​៣.៣៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៦ ជាង​៥.៥៧៩​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ អ្នកឧកញ៉ា​នៅ​តែ​មាន​ជំនឿ​ថា ទុន​ក្នុង​វិស័យ​នេះ​នឹង​មាន​កំណើន​បន្ត​ទៀត ។ អ្នកឧកញ៉ា​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​អ្នក​សាងសង់​កម្ពុជា រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី  ។

អ្នកឧកញ៉ា​មាន​ប្រសាសន៍​បន្ត​ថា ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បាន​កើនឡើង​ច្រើន ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែល​ញ៉ាំង​ឱ្យ​បរិយាកាស​វិនិយោគ កាន់តែ​មាន​ភាព​ទាក់ទាញ​ទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ក្នុង​នោះ​មាន​ពី​សិង្ហ​បុរី កូរ៉េ​ខាងត្បូង តៃវ៉ាន់ ហុងកុង ចិន និង​ប្រទេស​ជា​ច្រើន​ទៀត ។

អ្នកឧកញ៉ា​បន្ថែម​ថា ៖ « សព្វ​ថ្ងៃនេះ វិស័យ​សំណង់ គឺជា​សសរស្តម្ភ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្រៅពី​វិស័យ​កាត់ដេរ កសិកម្ម និង​ទេសចរណ៍ ហើយ​ខ្ញុំ​ជឿ​ថា នៅ​ឆ្នាំ​២០១៧​នេះ តួលេខ​កំណើន​នៃ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា នឹង​ល្អ​ប្រសើរ​ជាង​វិស័យ​ផ្សេង​ៗ​ទៀត ។ ជាក់ស្ដែង នា​ពេល​បច្ចុប្បន្ន អគារ​ខ្ពស់​ៗ ជា​ពិសេស រាជធានី​ភ្នំពេញ បាន​កើត​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​មតិ​មួយ​ចំនួន​បង្ហាញ​ពី​ក្តី​បារម្ភ​ទៅ​លើ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ប៉ុន្តែ​យើង​គ្មាន​ការ​ព្រួយបារម្ភ​ទេ ពីព្រោះ​តម្រូវការ​នៅ​តែ​មាន​ច្រើន​ដដែល​នៅ​ពេល​នេះ » ។

អ្នកឧកញ៉ា​បន្ត​ទៀត​ថា ចិន គឺជា​ប្រភព​ទុន​ដ៏​សំខាន់​នៃ​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ហើយ​ប្រទេស​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ ក៏​ព្រោះតែ​ទំនាក់ទំនង​របស់​កម្ពុជា និង​ប្រទេស​ទាំងនោះ​មាន​ភាព​ស្អិតរ​មួ​ត​កាន់តែ​រឹង​មាំ ទើប​ធ្វើ​ឱ្យ​វិនិយោគិន​ពី​បណ្ដា​ប្រទេស​ទាំងនោះ​មាន​ទំនុកចិត្ត​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ។ ទោះជា​យ៉ាងណា វិនិយោគិន​ខ្មែរ​ក៏​បាន​បណ្ដាក់ទុន​វិនិយោគ​ច្រើន​ដែរ​ក្នុង​វិស័យ​​សំណង់ ។ ជាក់ស្ដែង ក្រុមហ៊ុន OCIC ក្នុង​ឆ្នាំ​ថ្មី​នេះ គ្រោង​បន្ថែម​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ទៅ​លើ​គម្រោង​ទីក្រុង​រណប​ជ្រោយចង្វា ដោយ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្សារ​ទំនើប ដើម្បី​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ទំនើប​របស់​ជប៉ុន​នៅ​កម្ពុជា  ។

ដោយឡែក លោក​ឧកញ៉ា សៀ ឫ​ទ្ធី អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក៏​បាន​យល់​ឃើញ​ដែរ​ថា បើ​ទោះបីជា​មាន​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​បញ្ហា ប៉ុន្តែ​លោក​មើល​មិនឃើញ​ថា វា​មាន​បញ្ហា​ទេ ។ លោក​ឧកញ៉ា​មើលឃើញ​ថា វិស័យ​សំណង់​នៅ​កម្ពុ​ជានា​ពេល​នេះ វា​អាច​នឹង​ដល់​កំពូល ហើយ​បើសិនជា​កម្ពុជា​រក្សា​បាន​នូវ​កំណើនថេរ​បែប​នេះ មិនយូរ​ទេ កម្ពុជា​នឹង​អាច​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែរ ។

គួរ​បញ្ជាក់​ថា តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​ខាង​មុខ នឹង​ល្អ​ប្រសើរ ដែល​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​ខ្ពស់​ស្ថិត​នៅ​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ៕