ហូឡង់៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា អ្នកជំនាញខាងព្យាបាលរាងកាយជនជាតិហូឡង់បានចំណាយពេល១៥ឆ្នាំ ក្នុងការបង្កើតនូវខ្នើយកើយមួយ ដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាគេងមិនលក់។ តម្លៃគឺពិតជាមិនធម្មតា។ ពោលគឺ ៥៧.០០០ដុល្លារសហរដ្ឋអាមេរិក!
ក្រោមការបង្កើតរបស់ លោក Thijs van der Hilst ដែលគេដឹងថា ជាអ្នកជំនាញខាងកញ្ចឹង.ក ខ្នើយថ្លៃជាងគេលើពិភពលោកនេះ ផលិតចេញពីសរសៃសូត្រ Mulberry សាច់កូតុងរបស់ប្រទេសអេហ្ស៊ីប ហ្វូមអាចចងចាំដែលគ្មានសារធាតុពុលរបស់ហូឡង់ និងសរសៃមាស 24k។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺខ្សែរូតរបស់វាមានដាំទៅដោយពេជ្រ៤គ្រាប់ និងត្បូងកណ្តៀងទំហំ២២,៥ការ៉ាត់មួយគ្រាប់។ គ្រាន់តែលឺ គឺដឹងស្រាប់ហើយថា វាពិតជាថ្លៃ។
តាមការពិតទៅ លោក Thijs មិនមែនធ្វើវាឡើង តែសម្រាប់ការអួតពីអភិជនភាពរបស់នរណាម្នាក់ឡើយ។ លោកផលិតវាឡើង ដើម្បីឲ្យសមស្របទៅនឹងរាងកាយ និងទម្លាប់នៃការគេងរបស់អតិថិជនម្នាក់ៗ។ ការធ្វើបែបនេះ គឺអាចដោះស្រាយបញ្ហាគេងមិនលក់បាន។
រួមជាមួយនឹងខ្នើយមហាសែនថ្លៃ គេក៏មានបន្ថែមនូវប្រអប់វេចខ្នើយដាក់តាមខ្លួន ដែលជាម៉ាកល្បីលំដាប់ពិភពលោក Louis Vuitton។ ពិតជាពិសេសមែន !
ចែករំលែកព័តមាននេះ