ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិកម្ម​ទំនើប​ចំណាយ​ទុន​ច្រើន​ដាំ​បាន​ផល​ល្អ​តែ​​ តំលៃ​ទីផ្សារ​រេ​ដូច​ចុង​ស្រល់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ការ​ធ្វើ​កសិកម្ម​បែប​ទំនើបត្រូវ​ចំណាយ​ទុន​ច្រើនដាំ​ក៏​ទ​ទូល​បាន​ផល​ល្អ​ប្រសើរ តែ​កសិករ​អាច​ប្រឈម​នឹង​តំលៃ​ទីផ្សារ​មិន​ច្បាស់លាស់ ឡើង​ចុះ​ស្រេច​តែ​ឈ្មួញ​ផ្ដល់​តំលៃ ដែល​នាំ​ឲ្យ​កសិករ​ប្រឈម​នឹង​ការ​ខាតបង់​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កសិករ ដែល​ប្រើ​បច្ចេក ទេស​ខ្ពស់​ដាំ​បន្លែ​លើ​ទុយោ​ទឹក​។ …

ខេត្តបាត់ដំបង ​៖ ការ​ធ្វើ​កសិកម្ម​បែប​ទំនើបត្រូវ​ចំណាយ​ទុន​ច្រើនដាំ​ក៏​ទ​ទូល​បាន​ផល​ល្អ​ប្រសើរ តែ​កសិករ​អាច​ប្រឈម​នឹង​តំលៃ​ទីផ្សារ​មិន​ច្បាស់លាស់ ឡើង​ចុះ​ស្រេច​តែ​ឈ្មួញ​ផ្ដល់​តំលៃ ដែល​នាំ​ឲ្យ​កសិករ​ប្រឈម​នឹង​ការ​ខាតបង់​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កសិករ ដែល​ប្រើ​បច្ចេក ទេស​ខ្ពស់​ដាំ​បន្លែ​លើ​ទុយោ​ទឹក​។ 

        

ជា​គ្រូពេទ្យ​ផង និងជា​អ្នកជំនាញ​កសិកម្ម​ទំនើប​ម្នាក់​ផង លោក មន ភា​ជ បាន​ផ្ដល់​បទ​សម្ភាស​ន៍ បែប​នេះ​ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី១៤ វិច្ឆិកា នៅ​ក្នុង​កសិដ្ឋាន​ដំណាំ​របស់​លោក ដែល​ស្ថិត​នៅ​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់ មុន​ពេល​លោក​ចេញ​ទៅ​មណ្ឌល​សុខភាព ដើម្បី​ចាក់​វ៉ាក់សាំង​ឲ្យ​កុមារ ដែល​កំពុង​អង្គុយ​រង់ចាំ ​។ លោក មន ភា​ជ បា​និយាយ​ថា  លោក​ទើប​ចាប់ផ្ដើម​រៀបចំ​ឧ​បរក​ណ៏ និងទីតាំង​ដាំ​ដំណាំ ដែល​មាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​នេះ បាន​រយៈពេល​ប្រហែល​ជិត​ពីរ​ខែ​ប៉ុណ្ណោះ​ទេ  តែ​នៅ​ពេល​ចាប់ផ្ដើម​ដំណើរ​ដាំ​ដុះ​ក៏​ទ​ទូល​បាន​ជោគជ័យ និងបាន​ផល​ល្អ​ប្រសើរ​ ។

ប៉ុន្តែ​លោក​ថា នៅ​ពេល​ដំណាំ​បន្លែ​ទ​ទូល​បាន​ផល​ល្អ ស្រាប់តែ​ទីផ្សារ​ធ្លាក់​ចុះ​ទៅ​វិញ ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខាតបង់ ​។ កសិករ​រូប​នេះ បាន​បញ្ជាក់​ថា ការ​ដាំ​បន្លែរ​នេះ គឺធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ​។  លោក​ថា ដំណាំ​របស់​លោក​ដាំ​លើ​បំពង់​ទុយោ​ទឹក ដែល​លោក​បាន​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ពី​ប្រទេស​​អូ​ស្ត្រ​លី​ ។ 

លោក​មន ភា​ជ ក៏​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ យ៉ាង​ដូច្នេះ​ថា «​តាម​ពិត​ខ្ញុំ​មាន​ជំនាញ​ខាង​ពេទ្យ  រីឯ​ផ្នែក​កសិកម្ម​នេះ​ជា​ជំនាញ​របស់​បងប្អូន​ខ្ញុំ​នៅ​អូស្ត្រាលី​ ។  គាត់​បាន​មក​រៀបចំ​ឧ​បករ​ណ៏ និង​ទីតាំង​ដាំ​ដំណាំ​នេះ​នៅ​ស្រុក​កំណើត ហើយ​ឲ្យ​ខ្ញុំ​ដែល​មាន​ជំនាញ​បន្ទាប់បន្សំ​ផ្នែក​កសិកម្ម ជា​អ្នក​មើល​ការ​ខុស​ត្រូវ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ ។  ដូច្នេះ​ខ្ញុំ ត្រូវ​មើល​ដំណាំ​ផង និង​ត្រូវ​ទៅ​ធ្វើការ​នៅ​មណ្ឌល​សុខភាព​ផង​»​។​

ការ​ធ្វើ​កសិកម្ម​បែប​ទំនើប កសិករ​ត្រូវ​ចំណាយ​ទុន​ច្រើន​ទៅ​លើ​ការ​រៀបចំ​ប្រព័ន្ធ​ទឹក ប្រ​ព័​ន្ធដាំ​ដុះ​ឲ្យ​ផុត​ពី​ដី រៀបចំ​ប្រព័ន្ធ​អគ្គិស​នី និង​ធ្វើ​ទីតាំង​សម្រាប់​ដាំ​ដំណាំ​ទាំងមូល​តែ​ម្ដង​(​ធ្វើ​ដំបូល​រោង​លើ​ទីតាំង​) ដែល​ខុស​ទាំងស្រុង​ពី​ការ​ដាំ​ដំណាំ​ផ្ទាល់​ដី​ ។

លោក មន ភា​ជ បាន​និយាយ​ថា  ការ​ដាំ​ដំណាំ​លើ​ទុយោ​ទឹក​ងាយ​ស្រូល​ជាង​ដាំ​លើ​ដី តែ​ធ្វើ​កសិ​កម្ម​ទំនើប​បែប​នេះ ត្រូវ​ចំណាយ​ទុន​ច្រើន​ណាស់​ ។   ប៉ុន្តែ​លោក​ថា បើ​រៀបចំ​រួច​ហើយ ដាំ​បាន​ល្អ​ជាង​ដំណាំ​ផ្ទាល់​ដី ​។  ដំណាំ​ដាំ​លើ​ទុយោគេ​ប្រើ​ជីលាយ​ទឹក​បញ្ចេញ​តាម​ប្រព័ន្ធ​ទុយោ​ធ្វើ​ចលនា​ទៅ​ចិញ្ចឹម​គល់​ដំណាំ មិន​ប្រើ​ជី​ស្រោច​ស្រប​លើ​ដើម​ដូច​ដំណាំ​ដាំ​ផ្ទាល់​ដី​ទេ​ ។​ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា បន្លែ​ដែល​ដាំ​លើ​បំពង់​ទុយោ មានគុណ​ភាពល្អ​ជាង​បន្លែ​ដែល​ដាំ​ផ្ទាល់​ដី ​។

ល្អ​ទាំង​ព​ណ៌សម្បុរ ល្អ​ទាំង​សុខភាព​ដើម ហើយ​ថែម​ទាំង​មិន​ប៉ះពាល់​ជាតិ​គីមី​ទៀត​ផង​ ។ ព្រោះ​ប្រើ​​ជីលាយ​ទឹក​ចិញ្ចឹម​ត្រឹម​គល់​មិន​ស្រោច​លើ​ដើម​ដូច​ដាំ​ផ្ទាល់​ដី​ទេ​ ។​ ដោយឡែក​ ពាក់ព័ន្ធ​នឹង​ទីផ្សារ​វិញ បើ​តាម​កសិករ​ដែល​មាន​ជំនាញគ្រូពេទ្យ​ផង និងជំនាញ​កសិកម្ម​ផង​រូប​នេះ​បាន​និយាយ​ថា  ទីផ្សារ​បន្លែ​ហាក់​មិន​ទៀត​ទាត់​ទេ ឡើង​ចុះ​ស្រេច​​តែ​លើ​មាត់​ឈ្មួញកណ្ដាល​ដើរ​ទិញ ​។ សព្វថ្ងៃ​គាត់​ដាំ​តែ​ដំណាំ​ស្ពៃ​គ្រប់មុខ ហើយ​ប្រមូល​ផល​ស្ទើរ​រៀងរាល់ថ្ងៃ​។ 

កាលពី​រដូវ​ទឹកជំនន់​ស្ពៃ​ស្ទើរ​គ្រប់​ប្រភេទ​អាច​លក់​បាន​ថ្លៃ​ខ្ពស់​គ្រាន់បើ​ក្នុង​ពេល​នោះ​។  ស្ពៃ​ខាត់​ណា​០១​គ​ឡូ​ក្រាម​ថ្លៃ​ចន្លោះ​ពី​៣​ទៅ​៤​ពាន់​រៀល  ស្ពៃ​តឿ​អាច​លក់​តំលៃ​០១​គីឡូក្រាម​ចន្លោះ​ពី​២,០០០​រៀល​ទៅ​២,៥០០​រៀល  រីឯ​ស្ពៃ​ដទៃ​ទៀត​ក៏​តំលៃ​ប្រហាក់ប្រហែល​គ្នា​ដែរ តែ​បច្ចុប្បន្ន​នេះ ​ស្ពៃ​តឿ​លក់​បាន​តំលៃ​ត្រឹម​១,៣០០​រៀល ក្នុង​០១​គីឡូ  ស្ពៃ​ខាត់ណា​ថ្លៃ​២,០០០​រៀល​ប៉ុណ្ណោះ ក្នុង​០១​គីឡូ​ ។ ​

ប៉ុន្តែ​លោក​បាន​ប្រាប់​ថា  ពិតមែនតែ​ពេល​នេះ​ ទីផ្សារ​ធ្លាក់​ចុះ​ជាង​ប៉ុន្មាន​ខែ​មុន តែ​បន្លែ​របស់​លោក​អត់​សល់​លើ​រង​ទេ ឲ្យ​តែ​កាត់​លក់​មាន​ឈ្មួញ​មក​ចាំ​ទ​ទូល​យក​ភ្លាម​តែ​ម្ដង​ ។  បើ​ទោះជា​ទីផ្សារ​បន្លែ​មិន​ទៀងទាត់ រេ​ដូច​ចុងស្រល់​ក្ដី  កសិករ​វ័យ​៥៨​ឆ្នាំ រូប​នេះ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ម​ហិ​ច្ឆិ​តា​ធំ​របស់​លោក​ទៅ​ថ្ងៃ​មុខ និងបង្ហើប​ពី​ខ្ទង់ចំណាយ​ខ្លះ​ៗ ទៅ​លើ​ការ​រៀបចំ​ឧ​បករ​ណ៏​ដាំ​ដុះ ឧ​បករ​ណ៍​ស្រោច​ស្រប និងការ​រៀបចំ​ទីតាំង​ដំណាំ​ផង​ដែរ​ ។  

លោក​បាន​ប្រាប់​ថា   ពេល​នេះ ​លោក​រៀបចំ​ទីតាំង​លើ​ទំ​ហ៊ុមដី​ប្រហែល​មួយ​រ៉ៃ​ប៉ុណ្ណោះ​នៅ​ក្បែរ​ផ្ទះ ។  ការ​រៀបចំ​ដំបូង​នេះ គ្រាន់តែ​ធ្វើ​រង​សម្រាប់​ដាំ​បន្លែ​មួយ​មានទទឹង​១.៥​ម៉ និងបណ្ដោង​១៨​ម៉ ត្រូវ​ចំណាយ​ទុន​អស់​ជាង​៦០០​ដុល្លារ ហើយ​ពេល​នេះ​ លោក​ធ្វើ​រង​ដាំ​បន្លែ​ចំនួន​៣០អស់​ទុន​ជិត​ពីរ​ម៉ឺន​ដុល្លា​របាត់​ទៅ​ហើយ​។  នេះ​មិន​ទាន់​គិត​ចូល​ពី​ខ្ទង់ចំណាយ​លើ​របស់រប​កំប៉ិកកំប៉ុក​ផ្សេង​ៗ​ទៀត​ទេ ​។​

បើ​ទោះជា​ត្រូវ​ចំណាយ​ទុន​ច្រើន​យ៉ាងណា​ក្ដី  សម្រាប់​លោក មន ភា​ជ ហាក់​នៅ​តែ​មាន​ជំនឿ​ដ៏​មុត​ម៉ាំ​ទៅ​លើ​មុខរបរ​កសិកម្ម​នេះ​ទៅ​ថ្ងៃ​អនាគត់​ ។  លោកគ្រូ​ទេ​ព្យ មន ភា​ជ បាន​បង្ហាញ​នូវ​ម​ហិ​ច្ឆិ​តា​របស់​លោក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ទ​ទូល​ស្គាល់​ថា ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​នេះ  ពិតជា​ត្រូវ​ចំណាយ​ទុន​ច្រើន​មែន តែ​វា​ងាយ​ស្រូល​ក្នុង​ការ​ដាំ​ដុះ  ងាយ​ស្រួល​ប្រមូល​ផល គុណភាព​បន្លែ​ល្អ បើ​ទោះជា​ទីផ្សារ​មិន​ទៀត​ទាត់​ក្ដី តែ​អ្នកទិញ​នៅ​តែ​មាន​តម្រូវការ​។  

ដូច្នេះ​ហើយ ខ្ញុំ​នៅ​តែ​មាន​គម្រោង​ពង្រីក​ទីតាំង​បន្ថែម​ទៀត  ព្រោះ​ថ្ងៃក្រោយ​ពេល​ពេល​ខ្ញុំ​ចូល​និវត្ត​ន៏​ពី​គ្រូពេទ្យ ខ្ញុំ​នឹង​ត្រូវ​ប្រកប​មុខរបរ​ដាំ​បន្លែ​នេះ​ហើយ​» ​។  បាន​ន័យ​ថា  ក្រោយ​ពេល​ចូល​និវត្ត​ន៏ លោក​មន ភា​ជ នឹង​ឈប់​ថែទាំ​អ្នកជំងឺ ហើយ​លោក​នឹង​ងាក​ទៅ​ថែទាំ​ដំណាំ​វិញ​ម្ដង​៕  ​

អត្ថបទសរសេរ ដោយ