ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ស៊ី​ហ្គេ​ម​២០២៣ កា​ពី​ទែន​ក្រុមបាល់ទាត់​នារី​កម្ពុជា​នឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បុរស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែធ្នូ ចុងឆ្នាំ​២០២២​តទៅ កា​ពី​ទែន​ក្រុមបាល់ទាត់​នារី​កម្ពុជា បាន ជា​វៃ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែធ្នូ ចុងឆ្នាំ​២០២២​តទៅ កា​ពី​ទែន​ក្រុមបាល់ទាត់​នារី​កម្ពុជា បាន ជា​វៃ នឹង​ចូល​ហាត់​ជាមួយ​ក្រុមបាល់ទាត់​បុរស ក្រោម​អាយុ​១៨​ឆ្នាំ ភ្នំពេញ​ក្រោ​ន ដើម្បីពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​គោលបំណង​បំពេញ​ចន្លោះ​ខ្វះខាត​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ បើ​ទោះបី​រូបគេ​មិន​អាច​ទៅ​ហ្វឹកហាត់​នៅ​ចិន បាន​ក៏​ដោយ​។

កីឡាការិនី​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​នារី​ខាងលើ​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​នាំ​ឲ្យ​ខ្លួន​ចូល​ហាត់​ជា
មួយ​បុរស​ព្រោះតែ​ខ្លួន​យល់​ថា ការ​ចូល​ហាត់​ជាមួយ​កីឡាករ​ប្រុស​ៗ​អាច​ពង្រឹង​បន្ថែម​ផ្នែក​កម្លាំង
កាយ ។ សម្រាប់​សមត្ថភាព​នា​ពេល​បច្ចុប្បន្ន ជា​វៃ យល់​ថា នៅ​មាន​កម្រិត​ធម្មតា​ៗ មិន​ទាន់​ល្អ​ដល់​កម្រិត​ដែល​ខ្លួន​ចង់បាន​ឡើយ ។ ប៉ុន្តែ​គេ​មាន​សង្ឃឹមថា ក្រោយ​ពេល​បាន​ចូល​ហាត់​ជាមួយ​ក្រុម​កីឡាករ​បុរស នឹង​ធ្វើ​ឲ្យ​ខ្លួន​មានការ​រីក​ចម្រើន​បាន​មួយ​ផ្នែក​បន្ថែម​ទៀត​។

បាន ជា​វៃ គឺជា​កីឡាការិនី​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ដែល​ត្រូវ​មានឈ្មោះ​ទៅ​ធ្វើការ​ហាត់​នៅ​ប្រទេស​ចិន​ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​រវល់​ការងារ​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន ទើប​​សម្រេច​ជ្រើសរើស​យក​ការ​ហ្វឹកហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ធ្វើការ​ផង ។ ជាមួយ​គ្នា​នោះ​កីឡា​ការិ​នី​ឆ្នើម​បាន​ដាក់ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ពេល​ខ្លះ​ហាត់​លើស​ម៉ោង​នៃ​កម្មវិធី​ហ្វឹកហាត់​ផង​ក៏​មាន​ដែរ​។

ការ​ហ្វឹកហាត់​ជាមួយ​U18​អាច​មានការ​ហត់នឿយ​ខ្លាំង​បើ​ធៀប​ជាមួយ​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​នារី​ដូច​គ្នា ។ ទោះជា​យ៉ាងណា កីឡាការិនី​ដដែលជឿ​ថា ក្រោយ​ពេល​ក្រុមកីឡា​ការិនី​ត្រឡប់​ពី​ហ្វឹកហាត់​នៅ​ចិន​វិញ​នា​ខែមេសា ខ្លួន​នឹង​ទទួល​បានការ​កោះហៅ​ឲ្យ​ចូល​ក្រុម​វិញទៀត​ផង​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​លី​គ​បាល់ទាត់​នារី​ឆ្នាំ​២០២១ កីឡាការិនី​រូប​នេះ​បាន​ក្លាយជា​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​គឺ​រហូត​ដល់​ទៅ​៣៥​គ្រាប់ ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ក្លាយជា​ក្រុម​ជើងឯក ។ បាន ជា​វៃ ចាប់ផ្ដើម​លេង​បាល់ទាត់​ដំបូង​នៅ​ក្នុង​ក្រុម​Might Girl នា​ខេត្តបាត់ដំបង​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​២០១៥ ដែល​កាលនោះ​គេ​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តបាត់ដំបង​។​បន្ទាប់​ពី​សិក្សា​ចប់​ថ្នាក់​ទី​១២ នាង​បាន​បន្ត​ការ​សិក្សា​នា​រាជធានី​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​២០១៥​ទើប​នាង​មានឱកាស​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែល​ទីនោះ​ហើយ​ក្លិប​បាន​ជួយ​នាង​ឲ្យ​បាន​រៀនសូត្រ​ចប់​ចុង​ចប់​ដើម ។

បាន ជា​វៃ កើត​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​១៩៩៦ ក្នុង​ខេត្តបាត់ដំបង មាន​កម្ពស់​១.៥៦​ម៉ែត្រ​ជា​សមាជិក​ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន និង​ជម្រើសជាតិ​កម្ពុជា ។ កីឡាការិនី​រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ទទួលស្គាល់​ពី​ទេព​កោសល្យ និង​ជំនាញ​បាល់ទាត់​ដ៏​ល្អ​របស់​នាង​ដែល​បាន​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ ។ នាង​រៀបរាប់​ថា នាង​បាន​បាត់បង់​ឪពុក​ម្តាយបង្កើត​តាំងពី​អាយុ​ប្រហែល​២​ឆ្នាំ​។ ពេល​នោះ​នាង​ត្រូវ​បាន​គេ​យក​ទៅ​ចិញ្ចឹម​នៅ​មណ្ឌលកុមារ​មួយ​ឈ្មោះ​«​មាតុភូមិ​កុមារ​»​នៅ​ខេត្តបាត់ដំបង ។

នៅ​មណ្ឌលកុមារ​កំព្រា​នោះ​នាង​ទទួល​បានការ​ទំនុកបម្រុង និង​ឧបត្ថម្ភ​គាំទ្រ​ផ្សេង​ៗ ។ នាង​ត្រូវ​មណ្ឌល​បញ្ជូន​ទៅ​រៀន​សាលា​បឋម​សិក្សា ២​ធ្នូ ឆ្នាំ​២០០២-២០០៩ និង​បន្ត​ចូល​រៀន​អនុ​វិទ្យាល័យ នេ​ត​យ៉ង់ ឆ្នាំ​២០០៩-២០១០ និង​វិទ្យាល័យ​អន្តរជាតិ​ឌូ​វី​ឆ្នាំ​២០១០-២០១៥​។ បន្ទាប់​ពី​ចប់​វិទ្យាល័យ កញ្ញា​បាន​ចូល​រៀន​សាកលវិទ្យាល័យ​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​ផ្នែក​ព្យាបាល​ដោយ​ចលនា​ឆ្នាំ​២០១៦-២០១៩​។

ជា​វៃ បាន​និយាយ​ថា បាល់ទាត់​ជួយ​ជីវិត​នាង​ច្រើន​ណាស់ ។ នាង​ស្ទើរតែ​និយាយ​ថា ជីវិត​នាង​គឺជា​បាល់ទាត់​។ ដោយសារ​បាល់ទាត់​បាន​ធ្វើ​ឲ្យ​នាង​បាន​រៀន​ចប់​ពី​បឋម​សិក្សា​រហូត​ដល់​សាកលវិទ្យាល័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ