ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​នឹង​វ៉ា​ដាច់​ញូ​វ​យ៉​ក ក្លាយជា​គោលដៅ​វិនិយោគ​អចលនទ្រព្យ​កំពូល

6 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ហុងកុង​ទំនងជា​វ៉ា​ដាច់​ទីក្រុង​ញូ​វ​យ៉​ក ដោយ​ក្លាយជា​ទិស​ដៅ​កំពូល​សម្រាប់​វិនិយោគ​អចលនទ្រព្យ​ពី​ចិនដីគោក​នៅ​ឆ្នាំ​នេះ ដែល​មាន​ប្រ​តិ​ប​តិ្ត​ការ​កម្រិត​ខ្ពស់​ក្នុង​ត្រីមាស​ទី​១ ។ នេះ​បើ​តាម

ទីក្រុង​ហុងកុង ៖ ហុងកុង​ទំនងជា​វ៉ា​ដាច់​ទីក្រុង​ញូ​វ​យ៉​ក ដោយ​ក្លាយជា​ទិស​ដៅ​កំពូល​សម្រាប់​វិនិយោគ​អចលនទ្រព្យ​ពី​ចិនដីគោក​នៅ​ឆ្នាំ​នេះ ដែល​មាន​ប្រ​តិ​ប​តិ្ត​ការ​កម្រិត​ខ្ពស់​ក្នុង​ត្រីមាស​ទី​១ ។ នេះ​បើ​តាម​ក្រុមហ៊ុន Colliers International ។

ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​វិនិយោគ​សរុប​លើ​វិស័យ​អចលនទ្រព្យ​នៅ​ហុងកុង ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​២០១៧ បាន​កើនឡើង​២១៣% ស្មើនឹង​៣៦,១​ប៊ី​លាន​ដុល្លារ​ហុងកុង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

កាលពី​ឆ្នាំ​មុន ការ​វិនិយោគ​លើ​អចលនទ្រព្យ​របស់​ចិន​នៅ​ទីក្រុង​ហុងកុង មាន​ចំនួន​សរុប​ជាង​៤១,២​ប៊ី​លាន​ដុល្លារ​ហុងកុង នៅ​ពីក្រោយ​ទីក្រុង​ញូ​វ​យ៉​ក​ក្នុង​ចំនួន​៤៤,៤​ប៊ី​លាន​ដុល្លារ​ហុងកុង ។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Real Capital Analytics ដកស្រង់​ដោយ​ក្រុមហ៊ុន Colliers ។

លោក Antonio Wu នាយករង​គ្រប់គ្រង​ផ្នែក​ទីផ្សារ​មូលធន និង​សេវាកម្ម​វិនិយោគ​នៅ​ក្រុមហ៊ុន Colliers ថ្លែង​ថា ៖ « ហុងកុង​អាច​ជំនួស​តំណែង​ទីក្រុង​ញូ​វ​យ៉​ក ដោយ​ក្លាយជា​ទីក្រុង​ពេញ​និយម​បំផុត​សម្រាប់​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​របស់​ចិន​នៅ​ឆ្នាំ​២០១៧ » ។

លោក Wu បន្ថែម​ថា រដ្ឋបាល​លោក Trump នឹង​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ក្នុង​ការ​អនុម័ត​ការ​វិនិយោគ​បរទេស​ចូល​សហរដ្ឋអាមេរិក ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់ទី​ក្រុង​ហុងកុង ។

ក្រុមហ៊ុន Colliers ឲ្យ​ដឹង​ថា ទីក្រុង​ស៊ី​ដ​នី និង​ទីក្រុង​ឡុ​ង​ដ៍​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៣ និង​ទី​៤ ជា​ទិស​ដៅ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​ពី​ជនជាតិ​ចិន​នៅ​ឆ្នាំ​២០១៦ ។
ការ​វិនិយោគ​ក្នុង​ទីក្រុង​ស៊ី​ដ​នី​កើនឡើង​ដល់​២៨,៣​ប៊ី​លាន​ដុល្លារ​ហុងកុង​ពី​ប្រទេស​ចិន​នៅ​ឆ្នាំ​មុន ខណៈ​ការ​វិនិយោគ​របស់​ចិន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ធ្លាក់​ចុះ​ដល់​១៣,៧​ប៊ី​លាន​ដុល្លារ​ហុងកុង ។
លោក Wu និយាយ​ថា ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បាន​បង្វែរ​ការ​វិនិយោគ​របស់​ចិន​ចេញពី​អង់គ្លេស ហើយ​មូលធន​មួយ​ចំនួន​បាន​ហូរ​ចូល​ទៅ​កាន់​ទីក្រុង​ហុងកុង ។

លោក​និយាយ​ថា អគារ​ការិយាល័យ គឺជា​គោលដៅ​ពេញ​និយម​ក្នុង​ចំណោម​វិនិយោគិន​ចិនដីគោក ។ ពួក​គេ​ជឿ​ថា ការ​ទិញ​អគារ និង​ការ​ជួល​ការិយាល័យ​នឹង​កើនឡើង​នា​ពេល​អនាគត ។

ប៉ុន្តែ​លោក Wu មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​វិនិយោគ​ចិនដីគោក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​បំប៉ោង​តម្លៃ​អចលនទ្រព្យ​ឬ​យ៉ាងណា​។ លោក​ទទួលស្គាល់​ថា វិនិយោគិន​ចិន​ទាំងនោះ​ហាក់​ឆេវឆាវ ហើយ​ហ៊ាន​បោះបង់​ប្រាក់​ចំណេញ​ដើម្បី​ឱ្យ​មានការ​ទទួលស្គាល់​ពី​ចំណោម​គូប្រជែង​ក្នុងស្រុក ។ ប្រសិនបើ​រដ្ឋាភិបាល​អាច​បង្កើន​ការ​ផ្គត់ផ្គង់​ដីធ្លី តម្លៃនឹង​មាន​ស្ថិរភាព ។

ក្រុមហ៊ុន Colliers ព្យាករ​ថា តម្លៃ​អចលនទ្រព្យ​សម្រាប់​រស់នៅ​នឹង​កើនឡើង​៨%​នៅ​ឆ្នាំ​នេះ ហើយ​តម្លៃ​អចលនទ្រព្យ​ល្អ​ប្រណីត​នឹង​កើនឡើង​៣% ។

លោក Wu បន្ថែម​ថា ៩០%​នៃ​ការ​ផ្គត់ផ្គង់​ការិយាល័យ​ថ្មី​រវាង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៧ គឺ​ស្ថិត​ក្នុង​ទីតាំង Decentralised ៕