ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​លោក​នុ​ត ឈឿ​ម ជាមួយ​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ឈឿ​ម ទីប្រឹក្សា​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​អញ្ជើញ​មក​ជួប​សំណេះ​សំណាល​​ជាមួយ​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក និង​ជាទី​ប្រឹក្សា​សារព័ត៌មាន​កោះសន្តិភាព នៅ​ការិយាល័យ​និពន្ធ​កោះ​សន្តិភាព​ផ្ទាល់ ។

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ឈឿ​ម ទីប្រឹក្សា​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​អញ្ជើញ​មក​ជួប​សំណេះ​សំណាល​​ជាមួយ​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក និង​ជាទី​ប្រឹក្សា​សារព័ត៌មាន​កោះសន្តិភាព នៅ​ការិយាល័យ​និពន្ធ​កោះ​សន្តិភាព​ផ្ទាល់ ។

លោក​នុ​ត ឈឿ​ម ជា​នរណា? អញ្ជើញ​មកពីណា? មាន​អតីតភាព​ជា​អ្វី?
ខ្ញុំ​ស្គាល់​លោក​នុ​ត ឈឿ​ម ច្បាស់លាស់ ។ កាលសម័យ​សង្គមរាស្ត្រនិយម ដែល​មាន​សម្តេចព្រះ​នរោត្តម សីហ​នុ ជា​ព្រះ​ប្រមុខរដ្ឋ លោក​គឺជា​ឥស្សរជន​ជាន់ខ្ពស់ ផ្នែក​នយោបាយ​នៅ​ជាប់​សម្តេចព្រះ​ប្រមុខរដ្ឋ ។ ជា​អតីត​ស្ថាបនិក និង​ជា​ចាងហ្វាង​នយោបាយ​សារ​ព័ត៌​មានឈ្មោះ «​សុជីវធម៌​» ដែល​ជា​សារព័ត៌មាន​ល្បីល្បាញ​ជាងគេ​នៅ​ក្នុង​ប្រទេស ។

លោក​និង​ភរិយា បាន​អម​ព្រះ​រាជដំណើរ​សម្តេចព្រះ​ប្រមុខរដ្ឋ​ទៅ​ប្រទេស​បារាំង ដែល​ប៉ុន្មាន​ថ្ងៃក្រោយ​លន់ ន​ល់​-​សិរិ​មតៈ បាន​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី​១៨ មីនា ១៩៧០ ។

លោក​នុ​ត ឈឿ​ម ត្រូវ​បាន​មេដឹកនាំ​រដ្ឋប្រហារ​ហាម​ចូល​ប្រទេស​វិញ ។ មិនតែប៉ុណ្ណោះ ឧបករណ៍ និង​ទ្រព្យសម្បត្តិ​ទាំងអស់ ក្នុង​ទីស្នាក់ការ​សារព័ត៌មាន​សុជីវធម៌ ត្រូវ​បាន​រដ្ឋការ​លន់ ន​ល់ រឹបអូស សូ​ម្បី​កៅអី​មួយ​គ្មាន​សល់​ផង ។

រស់នៅ​និរទេស ក្រៅប្រទេស​មែន ប៉ុន្តែ​លោក​នុ​ត ឈឿ​ម នៅ​តែ​អមដំណើរ​ដង្ហែ​សម្តេចព្រះ​ប្រមុខរដ្ឋ​បន្ត​រៀង​រហូត ដើម្បី​ធ្វើការ​តស៊ូ​នយោបាយ រហូត​បាន​ចូល​ស្រុក​វិញ ក្នុង​សម័័យ​រាជាណាចក្រ​ទី​២ រហូត​ដល់​ប្រទេស​មាន​សន្តិភាព​ពេញលេញ​នា​បច្ចុប្បន្ន​កាល ។

ពេលវេលា​នេះ ពិតមែន​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្តី លោក​កំពុង​មាន​តួនាទី​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ មាន​ឋានៈ​ស្មើនឹង​ទេស​រដ្ឋមន្ត្រី​នៅឡើយ ។

ជួប​ជាមួយ​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង លោក​សប្បាយ​រីករាយ​ណាស់ ស្មាន​មិន​ដល់​ថា កាសែត​កោះសន្តិភាព ដែល​ជា​សហ​តរៈ​ពី​សម័យ​មុន មានជីវិត​រស់នៅ​ដឹកនាំ​កាសែត «​កោះសន្តិភាព​» បាន​ល្អ​ប្រពៃ … មានឈ្មោះ​ល្បី​រហូត​មក​បែប​នេះ​សោះ ។ លោក​និយាយ​ថា ៖
-​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​កោះសន្តិភាព​ល្អ​ណាស់ នៅ​តែ​ជា​កាសែត​ពេញ​និយម ទាំង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ កីឡា និង​សន្តិ​សុខ​សង្គម មានរឿង​រ៉ាវ​មិន​អស់ ក្នុង​កាសែត ។
លោក​និយាយ​ថា ៖

-​ខ្ញុំ​ស្តាយ​… ព្រឹក​ឡើង​រាង​យឺត​បន្តិច រក​ទិញ​កោះសន្តិភាព​តាម​ទីផ្សារ មិន​បាន​សោះ ។ ស្វែងរក​ច្រើន​កន្លែង នៅ​តែ​រក​មិន​បាន​… សូម​ជួយ​ឧបត្ថម្ភ​មួយ​ៗ​ផង​… ពេល​រក​មិន​បាន ។
លោក​និយាយ​ដោយ​ញញឹម​ថា ៖

-​ខ្ញុំ​ពេល​ណា​ក៏​អាន​កោះសន្តិភាព​ដែរ ខាន​អាន​មិន​បាន ។ ឃើញ​មាន​ក្នុង​វ៉េបសាយ ក្នុង​វី​ដេ​អូ​ដែរ ប៉ុន្តែ​មិន​អស់​សេចក្តី អាន​កាសែត​ទើប​គ្រប់​ជ្រុងជ្រោយ​… ។

លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង បាន​សម្តែង​នូវ​ការ​ស្វាគមន៍​អបអរសាទរ ចំពោះ​វត្តមាន​លោក​នុ​ត ឈឿ​ម ដែល​លោក​ឧកញ៉ា​ចាត់ទុកជា​គ្រា​ដំបូង​បាន​ជួប​គ្នា ។ លោក​ថ្លែង​ថា ៖

-​ខ្ញុំ​បាន​ជួប​បង ត្រេកអរ​ណាស់​… ខ្ញុំ​បាន​ចាត់​ទុក​បង​ជា​រៀមច្បង​… ដែល​មិន​អាច​បំភ្លេច​បាន ។ កាល​យើង នៅ​ពី​ក្មេង ក្នុង​សម័យ​សង្គមរាស្ត្រនិយម​… យើង​បាន​ចង​បាច់ មាន​សម្ព័ន្ធមេត្រី​ភាពល្អ​ណាស់ … អ្នក​អាន​ទូ​ទាំង​ប្រទេស​គាំទ្រ​យើង​ភ្លូកទឹកភ្លូកដី ។ យើង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍ លើ​វិស័យ​និពន្ធ​សារព័ត៌មាន ដឹកនាំ​ការ​ផ្សាយ​ល្បីល្បាញ ដែល​អ្នកនយោបាយ​ច្រើន​ណាស់ ជំនាន់​នោះ ធ្វើ​ដូច​យើង​មិន​បាន ។

ក្រៅពី​បាន​រៀបរាប់​នូវ​អ្វី​ដែល​មាន​ចំណងទាក់ទង​ការងារ​ពី​សង្គមចាស់​ដ៏​វែង​អន្លាយ ពី​នេះ​ពី​នោះ​ស្ទើរ​មិន​ចេះ​ចប់ និង​ការ​ទទួល​ស្គាល់​រាប់អាន​គ្នា ជា​ភាតរៈភាព​ដ៏​បរិសុទ្ធ​មក លោក​នុ​ត ឈឿ​ម បាន​សម្តែង​នូវ​ការ​ទុកចិត្ត ដោយ​ប្រគល់​សិទ្ធិ​ឱ្យ​កោះសន្តិភាព​ចេញផ្សាយ​នូវ​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​មួយ​យក​មក​ចេញផ្សាយ​ប្រចាំ​ថ្ងៃ ដើម្បី​ជូន​មហាជន​គ្រប់​មជ្ឈដ្ឋាន​បាន​ស្វែង​យល់ ឬ​ជា​ឯកសារ​ស្រាវជ្រាវ​សម្រាប់​ជំនាន់​ក្រោយ​ផង​ដែរ ។

ខ្ញុំ​សោកស្តាយ​ដែរ ដោយ​មិន​បាន​នាំ​យក​នូវ​ខ្លឹមសារ​ដ៏​ច្រើន និង​ល្អ​ៗ នៃ​កិច្ច​សំណេះសំណាល​មក​ចេញផ្សាយ ។