ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ទីម័រឡេស្តេអរគុណកម្ពុជាក្នុងការជួយគាំទ្រការចូលជាសមាជិកអាស៊ានទី១១

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក គង់ ភោគ អ្នកនាំពាក្យ​ផ្លូវការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ បាន​ថ្លែង​ថា…

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក គង់ ភោគ អ្នកនាំពាក្យ​ផ្លូវការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ បាន​ថ្លែង​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​សេចក្តីសម្រេច​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន ពិសេស​អរគុណ​កម្ពុជា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ជួយ​គាំទ្រ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១​។

លោក គង់ ភោគ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុង​នោះ គាត់​ក៏​បាន​សម្តែង​ការ​អរគុណ​ជា​ពិសេស​ដល់​កម្ពុជា​ដែរ ដែល​យើង​តែងតែ​បង្ហាញ​ពី​ការ​គាំទ្រ​ទី​ម័​រ​ឡេ​ស្តេ​ចំពោះ​សំណើរ​សុំ​ជា​សមាជិក​អាស៊ាន​ទី​១១ ដូច្នេះ​ព័ត៌មាន​ទាំង​អស់នេះ គឺជា​សប្បាយ​រីករាយ​មិនមែន តែ​សម្រាប់​ប្រជាពលរដ្ឋ​៦៥០​លាន​របស់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​សេចក្តី​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​ទី​ម័​រ​ឡេ​ស្តេ​ទាំងអស់​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា ប្រមុខ​ដឹកនាំ​អាស៊ាន កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ និង​បាន​ឯកភាព​ថា «​ជា​គោលការណ៍ ទី​ម័​រ​ឡេ​ស្តេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១»​។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ប្រទេស​ទី​ម័​រ​ឡេ​ស្តេ បាន​ទទួលលទ្ធផល​វិជ្ជមាន​មួយ​កម្រិត តែ​នៅ​មិន​ទាន់​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​នោះ​ទេ​។

យ៉ាងណាមិញ ទោះ​មិន​ទាន់​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​ក៏​ពិតមែន តែ​មេដឹកនាំ​អាស៊ាន​ក៏​បាន ឯកភាព «​ផ្តល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់ទី​ម័​រ​ឡេ​ស្ត និង​អនុញ្ញាត​ឱ្យ​ទី​ម័​រ​ឡេ​ស្ដេ​ចូលរួម ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អា ស៊ា​ន​»​។ ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន​ទី​១១ ពេញ​សិទ្ធិ ប្រទេស​ទី​ម័​រ​ឡេ​ស្ដេ​ត្រូវ​បំពេញ​លក្ខណៈ​វិនិច្ឆ័យ​ជា​ច្រើន​ក្នុង​ការ​ទទួល​បាន​សមាជិកភាព​អាស៊ាន​ពេញលេញ​។

យ៉ាងណាមិញ ភ្លាម​ៗ​ក្រោយ​ការ​សម្រេច​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ឯកភាព​ជា​គោលការណ៍ ទី​ម័​រ​ឡេ​ស្តេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១​នោះ លោក​ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ​លោក José Ramos-Horta ក៏​បាន​បង្ហោះ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា សម្តែង​នូវ​អំណរ គុណ​ដល់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២​នេះ និង​រដ្ឋ​សមាជិក​ឯទៀត​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឥត​ឈប់​ឈរ​សម្រាប់​ការ​ចូល​ជា​សមាជិក​អាស៊ាន​។

លោក José Ramos-Horta បាន​សរសេរ​ថា «​ទី​ម័​រ​ខាងកើត​ស្វាគមន៍​សេចក្តី​ថ្លែង​ការ​របស់​មេដឹកនាំ​អាស៊ាន​ស្តី​ពី​ការ​ស្នើ​សុំ​ប្រទេស​ទី​ម័​រ​ខាងកើត​សម្រាប់​សមាជិកភាព​អាស៊ាន​ដើម្បី​ទទួលស្គាល់​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី 11 របស់​អាស៊ាន ហើយ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​នឹង​ធ្វើ​ជា​ប្រធាន​នៅ​ឆ្នាំ​២០២៣​។

ប្រធានាធិបតី​រូប​នេះ​បាន​បន្ត​ថា «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សហការ និង​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន ឆ្ពោះទៅ​រក​ការ​រៀបចំ​ផែនទី​បង្ហាញផ្លូវ និង​សម្រាប់​សមាជិកភាព​ពេញលេញ​របស់​ទី​ម័​រ​ខាងកើត រួម​ទាំង​ព្រឹត្តិការណ៍​សំខាន់​ៗ​ដែល​បាន​កំណត់​នៅ​ក្នុង​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការ​ពិត​»​។ «​យើង​ស្នើ​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន​ផ្តល់​សមាជិកភាព​ពេញលេញ​ដល់ទី​ម័​រ​ខាងកើត​នៅ​ឆ្នាំ 2023 បន្ទាប់​ពី​ការ​រៀបចំ​ស្នើ​សុំ​អស់​រយៈពេល 11 ឆ្នាំ និង​ការ​អនុម័ត​ផែនទី​បង្ហាញផ្លូវ និង​រាយការណ៍​ទៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 42»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​។

លោក José Ramos-Horta បាន​បន្ថែម​ថា «​យើង​ទទួលស្គាល់ និង​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ឥត​ឈប់​ឈរ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋ​សមាជិក​អាស៊ាន ជា​ពិសេស​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការ​គាំទ្រ​ឥត​ឈប់​ឈរ និង​ការ​កោតសរសើរ​របស់​យើង​ចំពោះ​ដៃគូ​ខាងក្រៅ​សម្រាប់​ការ​ផ្តល់​ជំនួយ​កសាង​សមត្ថភាព​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ