រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ មេសា ល្ងាចស្អែកនេះ ប្រដាល់អន្តរជាតិរបស់ក្រុមហ៊ុនខារ៉ាបាវ មិនមានការប្រកួតដណ្ដើមខ្សែក្រវាត់នៅឡើយទេ បន្ទាប់ពីបានរកឃើញកីឡាករឡាវជាម្ចាស់ជើងឯក ដោយជំនួសការប្រកួតជាលក្ខណៈមិត្តភាពវិញ ។ កីឡាករជើងខ្លាំង ម៉នវិរៈ និងសុខ សុវណ្ណ ត្រូវបានគេផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករថៃ ដែលល្បីថាខ្លាំងមិនធម្មតាដែរនោះ ។
បើទោះជាបានបញ្ចប់ច្រើនសប្ដាហ៍មកហើយ តែព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដណ្ដើមខ្សែក្រវាត់របស់ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវវគ្គ២ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់អ្នកស្នេហាកីឡាប្រដាល់ ។ កីឡាករម្នាក់ៗទាំងកម្ពុជា និងបរទេសសុទ្ធតែបានរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលកន្ត្រាក់ការគាំទ្រក្នុងពេលកីឡាករបរទេសក៏បានរុញឱ្យការប្រកួតមានភាពទាក់ទាញខ្លាំងណាស់ដែរ ។ អ្នកគាំទ្រកីឡាករកម្ពុជានៅតែមានអារម្មណ៍ខកចិត្តក្នុងពេលការប្រកួតចុងក្រោយមិនទទួលបានផ្លែផ្កាតាមការចង់បាន ។ អ្នកគាំទ្រទាំងនោះទទូចឱ្យឆាប់រៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ជាថ្មីដើម្បីបានឃើញការប្រដាល់ដ៏គួរឱ្យជក់ចិត្តនោះ។ មន្ត្រីជាអ្នករៀបចំបានអះអាងថា ការប្រកួតវគ្គបន្ទាប់នឹងត្រូវកើតឡើងក្នុងពេលខាងមុខ ដោយក្រោយបញ្ចប់ឱកាសចូលឆ្នាំខ្មែរនេះ នឹងចាប់ផ្ដើមរៀបចំប្រកួតដណ្ដើមខ្សែក្រវាត់ជាថ្មី ។ លោកថាសមាសភាពដែលត្រូវប្រកួតសម្រាប់វគ្គថ្មី បានរៀបរួចហើយ ហើយមិនយូរនោះទេ ការប្រកួតនឹងចាប់ផ្ដើមឡើងក្រោយពីពិធីបុណ្យចូលឆ្នាំត្រូវអស់ចំហាយទាំងស្រុង ។ លោកទទូចឱ្យមានការគាំទ្រចំពោះការប្រដាល់ឱ្យបានច្រើន ដោយលោកបញ្ជាក់ថា កីឡាប្រដាល់មានការរីកចម្រើនមែនហើយប៉ុន្តែសម្រាប់អ្នកទស្សនាហាក់មានការគាំទ្រនៅមានកម្រិត ។ ក្នុងនោះអ្នកគាំទ្រមួយចំនួនបានយកការប្រដាល់ធ្វើជាអាជីវកម្ម ដោយការចាក់ភ្នាល់ ហើយលាបពណ៌ថា គណៈកម្មការផ្ដល់ពិន្ទុមិនយុត្តិធម៌ប៉ាតណាប៉ាតណីនោះទៅវិញនៅពេលកីឡាករដែលពួកគេភ្នាល់មិនឈ្នះតាមការចង់បាន ។ លោកថា អ្នកគាំទ្របែបនេះ បានធ្វើឱ្យវិស័យប្រដាល់បាក់មុខ ប៉ុន្តែទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏នឹងសម្រាំងការប្រដាល់ឱ្យមានគុណភាព១០០ភាគរយ ដោយមិនចេញលទ្ធផលតាមការគូសវាសរបស់អ្នកភ្នាល់នោះទេ ។ លោកនៅតែថា អ្នកភ្នាល់ជាអ្នកធ្វើឱ្យវិស័យប្រដាល់បាក់មុខ ប៉ុន្តែអ្នកគាំទ្រផ្កាប់មុខទាំងនោះ ក៏ជួយឱ្យវិស័យប្រដាល់មានភាពផុលផុសផងដែរ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា រាល់ការប្រកួតដណ្ដើមខ្សែ ក្រវាត់រមែងមានការលើកឡើងថាយុត្តិធម៌ និងមិនយុត្តិធម៌ ដែលសុទ្ធតែជាការលាបពណ៌នៅពេលការប្រកួតរវាងកីឡាករដែលពួកគេភ្នាល់មិនបានជោគជ័យ ។ ការប្រកួតដណ្ដើមខ្សែក្រវាត់វគ្គ៣របស់ក្រុមហ៊ុនខារ៉ាបាវ នឹងសម្រាំងឱ្យល្អនូវកីឡាករដើម្បីធ្វើឱ្យព្រឹត្តិការណ៍ខារ៉ាបាវមានភាពលេចធ្លោ ។
ងាកមកកាន់ការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍នេះវិញ លោក ញាណ សុធី បញ្ជាក់ថាកីឡាករ ម៉ន វិរៈ មកពីក្លិបការិយាល័យកងទ័ពជើងគោគ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ Chai Phat ។ លោកថា កីឡាករកម្ពុជានឹងមិនភ្លាត់ឱ្យចាញ់សម្រាប់ការប្រកួតនេះទេ ថ្វីដ្បិតថា គេប្រកួតឈ្នះនឹងឈានឡើងក្រេឌីត តែបើចាញ់នឹងរងការរិះគន់ថាប្រកួតធ្លាក់ដៃ។ លោកថា កីឡាកររូបនេះ ត្រូវការឈ្នះដើម្បីលុបលាងភាពអាម៉ាស់ដែលធ្លាប់ចាញ់កន្លងមក ខណៈដែលកីឡាករថៃក៏ប្រាថា្នចង់ឈ្នះដូចគ្នា ។ កីឡាករថៃត្រូវលោកប្រកាសថា ធ្លាប់ប្រកួត៥៧លើក ឈ្នះ៥២លើក ចាញ់៥លើក មិនដែលស្មើ ក្នុងពេលកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតរហូតដល់១៤១លើក ឈ្នះ១២២លើក ចាញ់១៨លើក និងស្មើ១លើក ។
សម្រាប់កីឡាករ សុខ សុវណ្ណ មកពីក្លិបក្រសួងការពារជាតិ លោក ញាណ សុធី បញ្ជាក់ថា គេត្រូវឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Pravit ក្នុងលក្ខណៈមិត្តភាពសម្រាប់ព្រឹត្តិការណ៍អន្តរជាតិខារ៉ាបាវនោះដែរ ។ លោកថា ឆ្លងកាត់ការប្រកួតបានច្រើនលើកលោកក៏មិនទាន់ហ៊ានទុកចិត្តកីឡាករកម្ពុជា១០០ភាគរយនោះដែរ បើទោះជាគេជាជើងខ្លាំងនៅលើសង្វៀន និងឡើងកូដ ។ នោះគឺដោយសារតែកីឡាករកម្ពុជាក៏ខ្លាំងមិនធម្មតា ។ លោកថា កីឡាករថៃធ្លាប់ប្រកួត៩២លើក ឈ្នះ៧៩លើក ចាញ់១១លើក និងស្មើ២លើក ក្នុងពេលកីឡាករកម្ពុជាធ្លាប់ប្រកួត៦៦លើក ឈ្នះ៥៣លើក ចាញ់១០លើក និងស្មើ៣លើក ទើបលោកមិនហ៊ានទុកចិត្តកីឡាករកម្ពុជា ៕
ចែករំលែកព័តមាននេះ