ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កោះ​ម្យើ​ល​» រមណីយដ្ឋានមិន​ទាន់​កែ​ច្នៃ​នៅ​មណ្ឌលគិរី

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ពេល​គេ​រំឭក​ពី​ឈ្មោះ​ខេត្តមណ្ឌលគិរី គេ​ប្រាកដជា​នឹក​ស្រមៃ​ពី​ទិដ្ឋភាព​នៃ​តំបន់​ប្រជុំភ្នំ ដែល​មាន​ចំនួន​រហូត​ដល់​រាប់​ពាន់​រាប់​ម៉ឺន​ភ្នំ និង​ព្រៃ​ព្រឹក្សា​ដ៏​ស្តុកស្តម្ភ​លាតសន្ធឹង​ពេញ​ទូ​ទាំង​ខេត្ត ។ ដោយសារ​ពាក្យ​

ខេត្តមណ្ឌលគិរី ៖ នៅ​ពេល​គេ​រំឭក​ពី​ឈ្មោះ​ខេត្តមណ្ឌលគិរី គេ​ប្រាកដជា​នឹក​ស្រមៃ​ពី​ទិដ្ឋភាព​នៃ​តំបន់​ប្រជុំភ្នំ ដែល​មាន​ចំនួន​រហូត​ដល់​រាប់​ពាន់​រាប់​ម៉ឺន​ភ្នំ និង​ព្រៃ​ព្រឹក្សា​ដ៏​ស្តុកស្តម្ភ​លាតសន្ធឹង​ពេញ​ទូ​ទាំង​ខេត្ត ។ ដោយសារ​ពាក្យ​មណ្ឌលគិរី​នេះ​ហើយ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​យល់​ថា ក្នុង​ខេត្ត​មួយ​នេះ​មិន​មាន​ទន្លេ ឬ​កោះ​ទេ តែ​ជាក់ស្តែង​ខេត្តមណ្ឌលគិរី មានស្រុក​មួយ​ឈ្មោះ​ស្រុក​កោះ​ញែក មិន​ត្រឹមតែ​មាន​ទន្លេ និង​កោះ​ទេ ថែម​ទាំង​មាន​តំបន់ឆ្នេរ​ខ្សាច់​ទន្លេ​ដ៏​ស្រស់​ស្អាត​កំពុង​ទាក់ទាញ​អ្នកទេសចរ ។

អ្នក​រស់នៅ​ស្រុក​កោះ​ញែក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា តំបន់​នេះ​ស្ថិត​នៅ​តាម​ដង​ទន្លេ ស្រែ​ពក​ក្នុងភូមិ​សាស្ដ្រ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក មាន​ចម្ងាយ​ពី​ទីរួមខេត្ត​១៣០​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពី​ទីរួមស្រុក​កោះ​ញែក​៤៧​គីឡូម៉ែត្រ ។

លក្ខណៈ​ពិសេស​នៅ​ទីនោះ​គឺ​មាន​ឆ្នេរ​ខ្សាច់​ទឹកទន្លេ​រាក់​ៗ ទឹកជោរ និង​មាន​ម្លប់​ដើម​ជ្រៃ​លើ​មាត់ច្រាំង​ទន្លេ មាន​រុក្ខជាតិ​សម្រាប់​អង្គុយ​លំហែ និង​ចត​រថយន្ត​បែប​ធម្មជាតិ ។ រមណីយដ្ឋាន​កោះ​ម្យើ​ល ទើបតែ​មាន​អ្នកទេសចរ​ទៅ​លេង​ក្នុង​អំឡុង​ឆ្នាំ​២០១៦-២០១៧​នេះ ភាគច្រើន​ទៅ​លេង​នៅ​រដូវក្ដៅ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឬ​ពិធីបុណ្យ​ជាតិ ធំ​ៗ​ប៉ុណ្ណោះ ។

អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា ស្រប​ពេល​មានការ​កសាង​ផ្លូវលំ​របស់​រាជរដ្ឋាភិបាល​កាល​ឆ្នាំ​២០១៦ នា​រដូវក្ដៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ មាន​អ្នកទេសចរ​ទៅ​លេង​កោះ​ម្យើ​ល ប្រមាណ​៨០០​នាក់ ម៉ូតូ​៤០០​គ្រឿង រថយន្ត​៣៧០​គ្រឿង​។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទេសចរ​ចំនួន​៥០០​នាក់ ម៉ូតូ​៣៥០​គ្រឿង និង​រថយន្ត​៧២​គ្រឿង ភាគច្រើន​ភ្ញៀវ​ទៅ​ពី​ទីរួមខេត្ត និង​បណ្ដា​ខេត្ត​ផ្សេង​ៗ និង​រាជធានី​ភ្នំពេញ​។

នៅ​តំបន់​នោះ​មាន​កោះ​មួយ​ឈ្មោះ​ថា «​កោះ​ម្យើ​ល​» ដែល​ជាទី​កន្លែង​គោរព​សក្ការ​របស់​អ្នក​ភូមិ​។ នៅ​ចំ​កណ្ដាល​កោះមាន​ខ្ទម​អ្នកតា​មួយ​ដែល​អ្នកស្រុក​តែងតែ​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ តាំងពី​បុរាណ​មក ដោយ​ចាស់​ៗ​តំណាល​ថា ពី​សម័យ​សង្គ្រាម​ជប៉ុន​វាយ​បារាំង ។ ពួក​បារាំងរត់​ទៅ​ពួន​នៅ​ទីនោះ ដោយ​ឲ្យ​អ្នក​ភូមិ​ជួយ​បន់អ្នកតា​ឱ្យ​ជួយ​លាក់​បំពួន​ធ្វើ​ឱ្យ​ជប៉ុន​រក​មិនឃើញ ។

កោះ​នោះ​នៅ​មាន​ចំណុច​ពិសេស​មួយទៀត​ដែល​អ្នក​ភូមិ​នៅ​មាន​ជំនឿ​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​ហាម​កាប់​ឈើ ធំ​ៗ ឬ​បំផ្លាញ​ព្រៃ​នៅ​ទីនោះ បើ​អ្នក​ណា​ហ៊ាន​កាប់ គឺ​មាន​ជំងឺ​រាតត្បាត​ដល់​អ្នក​ភូមិ​តែ​ម្ដង ។

នៅ​ទីនោះ​មិន​ទាន់​មានការ​រៀបចំ​ពី​អាជ្ញាធរ ឬ​ពី​ស្ថាប័ន​ជំនាញ​នៅឡើយ​ទេ ហើយ​ប្រជាពលរដ្ឋ​សំណូមពរ​ចង់ឱ្យ​ស្ថាប័ន​ជំនាញ​ជួយ​ដល់​សហគមន៍​រៀបចំ​ទៅ​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ស្រុក​កោះ​ញែក ។

នៅ​តាម​ដង​ទន្លេ​នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​អភិវឌ្ឍន៍ ព្រោះ​គ្មាន​ផ្លូវ​ទៅ​ដល់​។​តំបន់​ទាំងនោះ​មាន​សម្រស់​ត្រកាល​ដូច​ជា កោះ​គូ កោះ​តេន កោះ​ជា កោះ​ឡាក់ កោះ​វើ​ន​ខ្វា​យ (​អន្លង់​ក្របី​ទឹក​)​ជាដើម ។

លោក​តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ឲ្យ​ដឹង​ថា ផ្លូវ​តំបន់​នោះ បើ​មាន​ស្ពាន​អាច​ទៅ​ដល់ ព្រំដែន​ប្រទេស​វៀតណាម គឺ​ច្រក​ទ្វេភាគី​ជី​មៀត​-​ដាក់​រ៉េ ហើយ​ពិតជា​អាច​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​បាន​កាន់តែ​ប្រសើរ​ឡើង​ព្រោះ​ច្រក​ទ្វេភាគី​នេះ​បាន​ឯកភាព​ដោយ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​តាំងពី​ឆ្នាំ​២០០៧​មក ។ ដោយសារ​កត្តា​ផ្លូវ និង​ស្ពាន ទើប​មិន​អាច​អភិវឌ្ឍន៍​បាន ៕