ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​គ្មាន​ប្រសិទ្ធភាព​ទេ

6 ឆ្នាំ មុន

ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​ព្យាយាម​អស់​រយៈពេល​ច្រើន​ជាង​១០​ឆ្នាំ​មក​ហើយ ក្នុង​ការ​រារាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​ការ​ធ្វើតេស្ត​និង​បា.ញ់​គ្រាប់​មី​ស៊ី​ល​នៅ​តែ​កើត​មាន ។

ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​ព្យាយាម​អស់​រយៈពេល​ច្រើន​ជាង​១០​ឆ្នាំ​មក​ហើយ ក្នុង​ការ​រារាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​ការ​ធ្វើតេស្ត​និង​បាញ់​គ្រាប់​មី​ស៊ី​ល​នៅ​តែ​កើត​មាន ។

ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​ប្រទេស​នេះ​រួម​មាន ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​អាវុធ និង​សេវាកម្ម​ហិរញ្ញវត្ថុ និង​បិទ​មិន​ឲ្យ​នាំ​ចេញ​រូបចម្លាក់​អ្នកដឹកនាំ​បរទេស​ចេញពី​កូរ៉េ​ខាងជើង​ផង​ដែរ ។
ខាងក្រោម​នេះ គឺជា​ផ្នែក​ទាំង​៦ ដែល​អង្គការសហប្រជាជាតិ​បាន​ចេញ​សកម្មភាព​តាំងពី​ឆ្នាំ ២០០៦​មក ពេល​ដែល​កូរ៉េ​ខាងជើង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ដំបូង ៖

១-​អាវុធ ៖
ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការ​នាំ​ចេញ​-​នាំ​ចូល​រាល់​អាវុធ​តូច​ធំ ប៉ុន្តែ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​អង្គការសហប្រជាជាតិ ដែល​ចេញ​កាលពី​ខែ​មុន​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​បាន​រួច​ផុត​ពី​ការ​ហាមឃាត់​លើ​អាវុធ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាម​រយៈ​ក្រុមហ៊ុន និង​អ្នកសម្របសម្រួល​អន្តរជាតិ​ជា​ច្រើន ដែល​ទទួលយក​ទាំង​ប្រាក់សុទ្ធ ឬ​មាស ។

២-​ធ្យូងថ្ម រ៉ែ​ថ្ម និង​ប្រេងឥន្ធនៈ ៖
ធ្យូងថ្ម គឺជា​ការ​នាំ​ចេញ​សំខាន់​ជាងគេ​របស់​កូរ៉េ​ខាងជើង និង​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​រូបិយប័ណ្ណ​បរទេស​សម្រាប់​សេដ្ឋកិច្ច​ដ៏​ទន់ខ្សោយ​របស់​ពួក​គេ ។

អង្គការសហប្រជាជាតិ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រទេស​ជា​សមាជិក​ទិញ​ធ្យូងថ្ម និង​ទំនិញ​ផ្សេង​ៗ​ទៀត​ដូច​ជា រ៉ែ​ដែក មាស និង​រ៉ែ​ថ្ម​មាន​តម្លៃ​ពី​ប្រទេស​នេះ​ឡើយ ។

ធ្យូងថ្ម​ភាគច្រើន​របស់​កូរ៉េ​ខាងជើង ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ប៉ុន្តែ​កាលពី​ខែកុម្ភៈ​កន្លង​មក ចិន​បាន​ប្រកាស​ពី​ផែនការ​ផ្អាក​រាល់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ ។

៣-​ផលិតផល​ប្រណីត​ៗ ៖
ការ​ដាក់​ទណ្ឌកម្ម​នេះ ក៏​មាន​គោលដៅ​លើ​អ្នកមាន​អំណាច​ធំ​ៗ​របស់​កូរ៉េ​ខាងជើង​ផង​ដែរ ដោយ​ហាមឃាត់​ការ​លក់​ផលិតផល​ប្រណីត​ៗ​ដូច​ជា កប៉ាល់​កម្សាន្ត គ្រឿងអលង្ការ និង​កម្រាលព្រំ​ថ្លៃ​ៗ។

៤-​សេវាកម្ម​ហិរញ្ញវត្ថុ ៖
ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​ព្យាយាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​កាត់​ផ្តាច់​ការ​ផ្តល់​ថវិកា​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ។
យោង​តាម​សេចក្តីរាយការណ៍​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ចេញ​កាលពី​ខែ​មុន​នេះ​ឲ្យ​ដឹង​ថា ពួក​គេ​ប្រទះ​ឃើញ​ភស្តុ​តាង​ថា កូរ៉េ​ខាងជើង​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​ក្រុមហ៊ុន​លួចលាក់​ដើម្បី​ចូល​ទៅ​ធនាគារ​ទូ​ទាំង​ពិភពលោក ។

៥-​ការ​ហាមឃាត់​លើ​ការ​ធ្វើ​ដំណើរ ៖
អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ឬ​ធ្វើការ​ក្នុង​នាម​ជា​អ្នកចូលរួម ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​រដ្ឋ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ឡើយ ។
អ្នកការទូត និង​មន្ត្រី​រដ្ឋការ​របស់​កូរ៉េ​ខាងជើង​ត្រូវ​បញ្ជូន​ចេញ ហើយ​ប្រទេស​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ត្រូវ​តែ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដែល​បញ្ជូន​ទៅ​ធ្វើ​បេសកកម្ម​ការទូត​នៅ​កូរ៉េ​ខាងជើង ។

៦-​ការ​អនុម័ត​ទន់ខ្សោយ ៖
ការ​ដាក់​ទណ្ឌកម្ម​នេះ​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​មាន​គោលបំណង និង​សមត្ថភាព​អនុម័ត​វា ។

អង្គការសហប្រជាជាតិ​គ្មាន​មធ្យោបាយ​ឯករាជ្យ​ណាមួយ​ដើម្បី​អនុម័ត​ការ​ហាមឃាត់​ទេ ហើយ​ប្រទេស​ជា​ច្រើន​គ្មាន​ធនធាន ឬ​គោលបំណង​ធ្វើ​តាម​ឡើយ ៕