ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបការី​រង​អា​មេ​រិ​ក ផ្តល់​សម្ភាសន៍​ជាមួយ «​កោះសន្តិភាព​» ពី​ជំហរ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Patrick Murphy ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​ក​នៃ​រដ្ឋបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ

រាជធានី​ភ្នំពេញ ៖ លោក Patrick  Murphy ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​ក​នៃ​រដ្ឋបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ចំណាយពេល​មួយ​ថ្ងៃ​នៅ​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល​នៅ​កម្ពុជា ។ មុន​ពេល​ចាក​ចេញពី​រាជធានី​ភ្នំពេញ​និង​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នេះ លោក Patrick Murphy ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​កាសែត«​កោះសន្តិភាព​»​នៅ​គេហដ្ឋាន​របស់​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ។

លោក Patrick Murphy បាន​លើក​ឡើង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​អ្វី​ដែល​លោក​បាន​លើក​ឡើង​គឺ​តំណាង​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ។ លោក​បាន​ជួប​ជាមួយ​លោក​ទេស​រដ្ឋ​ម​ន្រី្ត​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស គណបក្ស​នយោបាយ សង្គម​ស៊ី​វិល និង​យុវជន​ជាដើម ។ លោក​បាន​បញ្ជាក់​ថា ការងារ​របស់​លោក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាស៊ី​ខាងកើត ។

លោក Patrick Murphy បាន​លើក​ឡើង​ថា លោក​បាន​មក​កម្ពុជា​លើក​ដំបូង​ក្នុង​នាម​ជា​ឧបការី​រង​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​នា​ពេល​នេះ​តំណាង​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ។ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក​បាន​អញ្ជើញលោក​ប្រាក់ សុ​ខុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​អា​មេ​រិ​ក​នៅ​ពេល​ខាង​មុខ​នេះ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ។

នៅ​ពេល​សួរ​ថា តើ​លោក​យល់​យ៉ាងណា​ដែរ​ចំពោះ​បញ្ហា​ទូទៅ​និង​ស្ថានភាព​នយោបាយ ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល ?

លោក Patrick Murphy បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​យល់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភពលោក​មិនមែន​តែ​កម្ពុជា​ទេ ។ លោក​ថា​«​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ក្មេងខ្ចី​នៅឡើយ​» ។ លោក​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​គំរូ​ផ្នែក​ប្រជាធិបតេយ្យ​នៅ​តែ​មានការ​ខុសឆ្គង​មិន​ថា​ប្រទេស​ដទៃ​ទេ តែ​អ្វី​ដែល​សំខាន់​ត្រូវ​ខិតខំ​ពង្រឹង​ទាំងអស់​គ្នា​បន្ថែម​ទៀត ។

លោក Patrick Murphy បន្ត​ថា លោក​បាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​ជា​យូរហើយ តែ​ពេល​នេះ​ជា​លើក​ដំបូង​ដែល​លោក​បាន​មក​កម្ពុជា​ក្នុង​នាម​តំណាង​ឱ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ។ លោក​មាន​ប្រសាសន៍​ថា ចំពោះ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​អាស៊ាន ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ ស​ប្តា​ហ៍​ក្រោយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ។

លោក Patrick Murphy បាន​ថ្លែង​ថា កន្លង​មក​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ក៏​ដូច​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែរ ។ ចំពោះ​បញ្ហា​ស្ថានភាព​ទូទៅ​ទាក់ទង​នឹង​នយោបាយ​នៅ​កម្ពុជា​វិញ លោក​បាន​បញ្ជាក់​ថា​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ​លោក​បាន​ពិភាក្សា​លើ​ការងារ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​អា​មេ​រិ​ក​) ។

លោក Patrick Murphy បាន​បញ្ជាក់​ទៀត​ថា ក្នុង​នាម​លោក​តំណាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​បាន​ជួប​ពិភាក្សា​រយៈពេល​វែង​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ។ ក្នុង​ជំនួប​នោះ​លោក​បាន​លើក​ឡើង​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​ក្នុង​តំបន់​ដោយ​ទ្វេភាគី​ត្រង់​ទៅ​ត្រង់​មក ។

សំណួរ​បន្ត​ទៅ​កាន់​លោក Patrick Murphy​ទៀត​ថា ចំពោះ​ករណី​រឿង​បន្លំ​ចូល​ពន្ធនាគារ​ព្រៃ​ស​ដែល​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ម្នាក់​គឺ​លោក​ជុន ច័ន្ទ​បុត្រ កាលពី​ថ្ងៃ​ទី​១៩ មេ​សា​កន្លង​ទៅ​នេះ​ត្រូវ​បាន​តុលាការ​កោះហៅ​ចូល​បំភ្លឺ តើ​លោក​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​ភាគី​ដែល​លោក​បាន​ជួប​ពិភាក្សា​ដែរ​ឬទេ ?

លោក Patrick Murphy ថ្លែង​ថា វិទ្យុ​អាស៊ី​សេរី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ តែ​លោក​មិន​អាច​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ច្បាស់​បាន​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​លោក​វី​ល្លៀម ហី​ត ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​វិញ ។ ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ។ ចំពោះ​ថា​បុរស​នោះ​យ៉ាងម៉េច​នោះ គួរ​សួរ​ទៅ​អ្នកគ្រប់គ្រង​របស់​គាត់​ទៅ​» ។

លោក Patrick Murphy ថ្លែង​ថា «​ក្នុង​នាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដោយ​ផ្នែក​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យើង​ចែករំលែក​នូវ​លទ្ធិប្រជាធិបតេយ្យ​ជា​ពិសេស​ប្រទេស​កម្ពុជា តែ​ចំពោះ​ទស្សនៈ​របស់​សហរដ្ឋអាមេរិក​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ ។ យើង​មានការ​ពិភាក្សា​ស្មើមុខ​គ្នា​ជាមួយ​គណបក្ស​នយោបាយ ។ លោក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មិន​លូកដៃ​ចូល​ក្នុង​ការងារ​កម្ពុជា​ទេ ។ ចំពោះ​សំណួរ​ដែល​ទាក់ទង​នឹង​ការ បោះ​ឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខ​វិញ​សហរដ្ឋអាមេរិក​យល់​យ៉ាងណា​ដែរ ? លោក Patrick Murphy​ថ្លែង​ថា លោក​គោរព​លើ​អាជ្ញាធរ​កម្ពុជា និង​ប្រជាជន​កម្ពុជា​មិន​ផ្តោត​លើក​ថា​តើ​អ្នក​ណា​ជាប់​ឆ្នោត​ឬ​អ្នក​ណា​ឈរឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ ។ សំខាន់​អ្វី​ដែល​យើង​លើក​ឡើង​ដដែល​ថា សហរដ្ឋអាមេរិក​បាន​ចែករំលែក​លទ្ធិប្រជាធិបតេយ្យ​ដល់​កម្ពុជា និង​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​កម្ពុជា​ទេ ។

ចំណែក​បញ្ហា​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​អា​មេ​រិ​ក​វិញ លោក Patrick Murphy បាន​លើក​ឡើង​ថា ពាណិជ្ជកម្ម​មាន​សារៈសំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​ជា​យូរយារ​ណាស់​មក​ហើយ ។ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​មាន​សារៈសំខាន់​របស់​អា​មេ​រិ​ក ។

លោក Patrick Murphy ថ្លែង​ថា ចំពោះ​ប្រទេស​កម្ពុជា​វិញ ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវ​បាន​អនុគ្រោះ​ពន្ធ​នាំ​ចូល​អា​មេ​រិ​ក និង​បង្កើន​ផលិតផល​ទៅ​កាន់​អា​មេ​រិ​ក ។ លោក​បន្ត​ថា«​យើង​រីករាយ​នឹង​ឃើញ​ទំនិញ​បន្ថែម​ទៀត​ទៅ​កាន់​អា​មេ​រិ​ក​» ។ លោក​ថា រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​ក នៅ​តែ​មាន​ទំនាក់ទំនង ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់ ។

ចំពោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​អា​មេ​រិ​ក​នោះ​តើ​រដ្ឋាភិបាល​លោក​ត្រាំ​នឹង​គិតគូរ​យ៉ាងណា​នៅ​ពេល​ដែល​កម្ពុជា​សុំ​លុប​បំណុល​ចាស់​ទាំងនោះ ? លោក Patrick Murphy ថ្លែង​ថា​ចំពោះ​បំណុល​នោះ​វា​មាន​ភាព​ស្មុគស្មាញ​ណាស់ ។ លោក​ថា បញ្ហា​ដំបូង​រវាង​កម្ពុជា​និង​អា​មេ​រិ​ក​កាលពី​ពេល​កន្លង​ទៅ​ជា​យូរ​មក​ហើយ មិន​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ទេ ។ លោក​ថា​៖ «​ខ្ញុំ​យល់​ថា បញ្ហា​នេះ​ផ្អែក​ទៅ​លើ​ការ​ពិភាក្សា​គ្នា​ជា​ចម្បង ។ សហរដ្ឋអាមេរិក​បើកចំហ​ការ​ពិភាក្សា​ជាមួយ​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​បំណុល​នេះ​» ។

លោក Patrick Murphy ថ្លែង​ទៀត​ថា គេ​មានការ​ចាប់អារម្មណ៍​បញ្ហា​បំណុល​នេះ ចំពោះ​ការ​លើក​ឡើង​បញ្ហា​នេះ ទោះបី​លោក​មិន​មានបទពិសោធន៍​ផ្នែក​ហិរញ្ញវត្ថុ​ក្តី ក៏​លោក​គិត​ថា គ្មាន​ប្រទេស​ណា​ដែល​មិន​ជាប់បំណុលគេ​នោះ​ទេ ។ ការ​ពិភាក្សា​លម្អិត​នឹង​ត្រូវធ្វើ​ឡើង​ចំពោះ​បញ្ហា​នេះ ហើយ​ជា​ទូទៅ​លោក​យល់​ថា​រដ្ឋាភិបាល​អា​មេ​រិ​ក​មិន​អាច​លុប​ចោល​បំណុល​ម្តងណា​ទេ ។

យោង​តាម​ការ​ប្រកាស​របស់​ក្រសួងការបរទេស​ក្នុង​ជំនួប​រវាង​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​លោក Patrick Murphy នា​ថ្ងៃ​ទី ២៥ មេ​សា នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហើយ​និង​មនោសញ្ចេតនា​រីករាយ​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​លើក​ដំបូង​ជាមួយ​ឧត្តមមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ។

លោក​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​លោក​ឧបការី​រង អំពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​របស់​កម្ពុជា​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ថ្មី ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​និង​បាន​ចាត់​ទុក​ទស្សនកិច្ច​របស់​លោក​ឧបការី​រង​ថា ជា​ឱកាស​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ។

ក្នុង​ការ​ពិភាក្សា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ  លោក​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ពី​ជំហ​របស់​កម្ពុជា​ចាត់​ទុក​ការ​បាញ់​មី​ស៊ី​ល និង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ថា​ជា​ការ​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ហើយ​ក្នុង​នាមជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា ស្តី​ពី​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ កម្ពុជា​មាន​ជំហរ​ចង់ឱ្យ​មានការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់ ពិសេស​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គោរព​តាម​រាល់​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ស្តី​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ហើយ​ក្នុង​ស្មារតី​នេះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូន​ព័ត៌មាន​ទៅ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ យកចិត្តទុកដាក់​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ទៅ​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

លោក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំហរ​របស់​កម្ពុជា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ ហើយ​និង​ការ​តាំងចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេចចិត្ត​ទាំងឡាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ស្តី​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ។

ក្នុង​ការ​ពិភាក្សា​នៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ជំហរ​ជា​គោលការណ៍​របស់​កម្ពុជា​ដែល​ជា​ប្រទេស​ពុំ​មានការ​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះទឹកដី ចង់ឱ្យ​មានការ​ចៀសវាង​នូវ​សកម្មភាព​ដែល​អាច​បង្ក​ភាព​តានតឹង​បន្ថែម​ទៀត​ដល់​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​អាស៊ាន​-​ចិន ហើយ​និង​ការ​ខិតខំ​កន្លង​មក​របស់​កម្ពុជា ក្នុង​ការ​សម្របសម្រួល​រវាង​អាស៊ាន​-​ចិន ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោក Patrick Murphy អំពី​កា​រវិ​វត្ត​ជា​វិជ្ជមាន​មួយ​ចំនួន​ដូច​ជា ការ​តាំងចិត្ត​របស់​អាស៊ាន និង​ចិន​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ប្រតិបត្តិ (DOC) ការ​បង្កើត​ទំនាក់ទំនង Hotline រវាង​ក្រសួងការបរទេស​អាស៊ាន​-​ចិន ការ​សន្ទនា​ប្រកបដោយ​វិជ្ជមាន រវាង​ប្រទេស​ចិន​-​ប្រទេស​អាស៊ាន ដែល​មាន​ជម្លោះទឹកដី​ផ្ទាល់ ព្រមទាំង​ការ​ប្តេជ្ញា​របស់​ប្រទេស​អាស៊ាន និង​ចិន​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ក្របខ័ណ្ឌ​នៃ​ក្រម​ប្រតិបត្តិ (COC)​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ ដែល​ជា​ឯកសារ​គោល​សម្រាប់​ឈាន​ដល់​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​(COC) ។

ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​លោក Patrick Murphy បាន​លើក​សរសើរ​ចំពោះ​សមិទ្ធផល​និង​ការ​អភិវឌ្ឍ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ជាង​២​ទស​វត្ស​កន្លង​មកនេះ ហើយ​លោក​ក៏​បាន​សម្តែង​ពី​ភាព​រីករាយ​ចំពោះ​ស្ថានភាព​ដ៏​ល្អ​នៃ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​មេគង្គ ។ លោក Patrick Murphy បាន​គូសបញ្ជាក់​ពី​បំណង​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ចង់​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ លោក​ឧបការី​រង ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​អា​មេ​រិ​ក គោរព​ដោយ​ពេញលេញ​ចំពោះ​អធិបតេយ្យភាព និង​មិន​ជ្រៀត​ជ្រែ​ត​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ ។ 

លើ​បញ្ហា​កិច្ចព្រមព្រៀង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នូវ​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កន្លង​មក​មានការ​ទិតៀន​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ព្រមទាំង​ពី​សាមីខ្លួន ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ផ្ទាល់ ដែល​បាន​លើក​ឡើង​ពី​«​ទណ្ឌកម្ម​ទ្វេ​ដង​»​ដែល​ពួក​គេ​ត្រូវ​ទទួល ទី​១​គឺ​ការ​ជាប់​ទោស​រួច​ទៅ​ហើយ​នៅ​សហរដ្ឋអាមេរិក និង​ទី​២ គឺ​ការ​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ដែល​ពួក​គេ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ និង​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សង្គម​ថ្មី​មួយ​សម្រាប់​ពួក​គេ ។ លោកទេស​រដ្ឋមន្ត្រី ក៏​បាន​លើក​យោបល់​ឱ្យ​មានការ​គិតពិចារណា​ពី​គោលការណ៍​ស្ម័គ្រ​ចិត្តការ​កំណត់​ច្បាស់លាស់​នូវ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​បុគ្គល​ដែល​នឹង​ត្រូវ​បញ្ជូន ការ​ផ្តល់​សិទ្ធិ​ឱ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​គ្រួសារ​នៅ​សហរដ្ឋអាមេរិក​ជាដើម ។ 

លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ខាងលើ ដើម្បី​ធានា​បាន​នូវ​ទិដ្ឋភាព​ពីរ​គឺ ទិដ្ឋភាព​មនុស្សធម៌ និង​មេត្តាធម៌ និង​បាន​ជម្រាប​លោក​ឧបការី​រង​ថា កម្ពុជា​កំពុង​បញ្ចប់​នូវ​ការ​តាក់តែង​សេចក្តី​ព្រាង​កម្រង​វិសោធនកម្ម​នេះ ហើយនឹង​ប្រគល់​ជូន​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ដើម្បី​ចាប់ផ្តើម​ការ​ជួប​ពិភាក្សារវាង​ភាគី​ទាំង​ពីរ​លើ​សេចក្តី​ព្រាង​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី បាន​អះអាង​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​បន្ត​ទទួលយក​និង​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដោះស្រាយ​បញ្ហា​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​នេះ ។ ថ្មី​ៗ​នេះ​ពលរដ្ឋ​ខ្មែរ​ចំនួន​៨​នាក់​បាន​មក​ដល់​កម្ពុជា​ហើយ រីឯ​ចំនួន​២៦​នាក់​ទៀត​នឹង​ត្រូវ​មក​កម្ពុជា​ជា​បន្តបន្ទាប់ ៕