រាជធានីភ្នំពេញ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហៅកាត់ថា ក.ស.ស បានឲ្យដឹងថា នឹងប្រកាសលក់ភាគហ៊ុនរបស់ខ្លួននៅចុងខែឧសភាខាងមុខនេះ ដែលមានតម្លៃចាប់ពីក្រោម១ដុល្លារ ឬ១ដុល្លារឡើងទៅក្នុងមួយភាគហ៊ុន។
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ និងបទបង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងដាក់លក់ជាផ្លូវការនាពេលខាងមុខនេះមានចំនួន២៥% ហើយរំពឹងថា នឹងទទួលបានជោគជ័យ ដោយសារតែស្ថានភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុល្អ ទាំងទំនិញឆ្លងកាត់ និងការនាំទំនិញចេញចូលជាដើម ។ លោកបន្តថា ៖ « គិតត្រឹមត្រីមាសទី១ដើមឆ្នាំ២០១៧នេះ កំពង់ផែទទួលកំណើន៧% បើធៀបនឹងឆ្នាំ២០១៦ លើសកម្មភាពដឹកជញ្ជូន និងលើកដាក់កុងតឺន័រ » ។
អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាលោក ស៊ូ សុជាតិ ថ្លែងថា ខណៈមានមនុស្សជាច្រើនគាំទ្រលេង និងទិញភាគហ៊ុន ប៉ុន្តែការយល់ដឹងរបស់គាត់នៅមានកម្រិត ។ ជាមួយគ្នានេះ លោកបានស្នើដល់វិនិយោគិនសាធារណៈ ដែលមានបំណងចង់ចូលរួមការទិញភាគហ៊ុនថា សូមកុំទិញនូវភាគហ៊ុនដែលយើងមិនដឹងភាគហ៊ុនថា ជាក្រុមហ៊ុនអី គួរតាមដានមើលពីស្ថានភាពសុខភាព និងប្រវត្តិក្រុមហ៊ុន ។ល។
នៅក្នុងបទបង្ហាញនាព្រឹកថ្ងៃទី២៥ មេសា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានគម្រោងប្រើប្រាស់សាច់ប្រាក់រំពឹងពីការទទួលបាន ការបោះផ្សាយសរុបចំនួន២៦,៦០លានដុល្លារអាមេរិក សម្រាប់ទិញដីធ្វើផែស្ងួត ទិញរថយន្តដឹកកុងតឺន័រនិងកន្ទុយ រថយន្តដឹកកុងតឺន័របំពាក់ឧបករណ៍លើកដាក់ QC ទិញរថយន្តដឹកកុងតឺន័រធុនធ្ងន់ ទិញ Mobile Cranes ពង្រីកផ្លូវមុខផែ សាងសង់ចំណតទីលានកុងតឺន័រថ្មីមួយ និងពង្រីកផ្លូវរត់ RTG ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាក្រុមហ៊ុនទី៥ ដែលបានបោះផ្សាយលក់មូលបត្រនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែភ្នំពេញ ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនហ្គ្រេនធ្វីន ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ៕
ចែករំលែកព័តមាននេះ