ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ដាំ​ក្បាល​ចុះ​តម្លៃ​ត្រសក់​ហក់​ឡើង​វិញ​កសិករ​រីករាយ​​ដាំ​ដុះ

6 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ក្រោយ​ពី​ដាំ​ក្បាល​ចុះ​យ៉ាងគំហុក​នៃ​តម្លៃ​ត្រសក់​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​បោះបង់​ការ​ដាំ​ដុះ​និង​ធ្វើ​ចំណាកស្រុក ប៉ុន្តែ​ពេល​នេះ​តម្លៃ​ត្រសក់​ក៏​បាន​ហក់​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​រហូត​

ខេត្ដបាត់ដំបង ៖ ក្រោយ​ពី​ដាំ​ក្បាល​ចុះ​យ៉ាងគំហុក​នៃ​តម្លៃ​ត្រសក់​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​បោះបង់​ការ​ដាំ​ដុះ​និង​ធ្វើ​ចំណាកស្រុក ប៉ុន្តែ​ពេល​នេះ​តម្លៃ​ត្រសក់​ក៏​បាន​ហក់​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​រហូត​ដល់​១.៧០០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​កាលពី​ជាង​១​ខែ​មុន​តម្លៃ​ត្រសក់​នៅ​ត្រឹមតែ​១០០​រៀល​ឬ​២០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ឬ​ស្ទើរតែ​គ្មាន​ទីផ្សារ​តែ​ម្ដង ។

អ្នកស្រី អឿ​ត សា​រ័​ត្ន អាយុ​៣៥​ឆ្នាំ ជា​កសិករ​ដាំ​ដំណាំ​ត្រសក់ រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា កាលពី​ជាង​១​ខែ​មុន​ត្រសក់​គាត់​លក់​បាន​តម្លៃ​តែ​១០០​រៀល​ទៅ​២០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ឬ​ស្ទើរតែ​គ្មាន​អ្នកទិញ​ផង ។ ប៉ុន្តែ​ពេល​ប្រមូល​ផល​លើក​នេះ ត្រសក់​របស់​គាត់​លក់​បាន​តម្លៃ​១​គីឡូក្រាម​ចាប់ពី​១.០០០​រៀល ដល់​១.៧០០​រៀល ។

កសិករ​រូប​នេះ​បញ្ជាក់​ថា បន្លែ​ត្រសក់​បាន​ឡើងថ្លៃ ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​រហូត​មក​ដល់​ពេល​នេះ ។ គាត់​សប្បាយចិត្ត និង​ត្រេកអរ​បំផុត​នៅ​ពេល​ត្រសក់​មាន​ទីផ្សារ​បែប​នេះ ព្រោះ​គាត់​បាន​សង​សំ​ណុ​ល​គេ​រួច ហើយ​នៅ​សល់​លុយ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ អ្នកស្រី​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា បើ​តម្លៃ​នេះ​នៅ​ថេរ​ប៉ុណ្ណឹង គឺ​កសិករ​អាចរ​ស់បាន​ស្រួល មិន​ជំពាក់​គេ​ទេ ហើយ​ក៏​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ដែរ ។

កសិករ​មួយ​រូប​ទៀត ឈ្មោះ​ឆាន់ ចិន្តា ភេទ​ស្រី អាយុ​២៦​ឆ្នាំ បេះ​ត្រសក់​បណ្ដើរ​និយាយ​បណ្ដើរ​ថា តម្លៃ​ត្រសក់​ទើប​ហក់​ឡើង​ខ្ពស់​គួរសម ក្នុង​រយៈពេល​ជិត​២​ស​ប្ដា​ហ៍​កន្លង​មកនេះ ។  គាត់​និយាយ​ថា បច្ចុប្បន្ន​នេះ​ត្រសក់​១​គីឡូក្រាម​ថ្លៃ​១.៧០០​រៀល ហើយ​ឈ្មួញ​ចុះ​ទិញ​ដល់​ចម្ការ ថែម​ទាំង​កក់​លុយ​មុន​ទៀត​ផង ខុស​ពី​កាល​ជាង​១​ខែ​មុន​ដែល​ត្រសក់​១​គីឡូក្រាម​ថ្លៃ​ពី​១០០​រៀល​ទៅ​២០០​រៀល ហើយ​មិនសូវ​មាន​ឈ្មួញ​ទិញ​ទៀត​ផង ។ 

អ្នកស្រី ឆាន់ ចិន្តា បាន​ប្រាប់​ថា បច្ចុប្បន្ន​គាត់​ដាំ​ត្រសក់​លើ​ផ្ទៃដី​ទំហំ​១,៥​រ៉ៃ​(១​រ៉ៃ​=៤០​ម៉ែត្រ​x៤០​ម៉ែត្រ​) ។ ពេល​នេះ​គាត់​ប្រមូល​ផលបាន​ជិត​១០​តោន​ហើយ តែ​អាច​នៅ​សល់​ប្រហែល​៧​ទៅ​៨​តោន​ទៀត​កំពុង​បេះ​លក់​ជា​បន្តបន្ទាប់ ដែល​ឈ្មួញកណ្ដាល​ចុះ​ទៅ​ប្រមូល​ទិញ​ដល់​ចម្ការ​តែ​ម្ដង ។ កសិករ​រូប​នេះ​រំពឹង​ថា តម្លៃ​ត្រសក់​អាច​ឡើង​បន្ត​រហូត​ដល់​ខែមិថុនា​ខាង​មុខ ព្រោះ​បន្លែ​ត្រសក់​នេះ​ហាក់​ស្បើយ​ជាង​ប៉ុន្មាន​ខែ​មុន ដោយសារ​តែ​កសិករ​មួយ​ចំនួន​បាន​បោះបង់​ការ​ដាំ​ដុះ ដែល​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ស្រោចស្រព និង​បាក់ស្បាត​កាលដែល​តម្លៃ​ធ្លាក់​ចុះ​នា​ពេល​កន្លង​មក ។

ជាមួយនឹង​ទីផ្សារ​តម្លៃ​ត្រសក់​ហក់​ឡើង​វិញ​នេះ គេ​ឃើញ​កសិករ​មួយ​ចំនួន​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាប់ផ្ដើម​ដាំ​ដំណាំ​ត្រសក់​ឡើង​វិញ ប៉ុន្តែ​កសិករ​ភាគច្រើន​បែរជា​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត​ទឹក​ស្រោចស្រព​ទៅ​វិញ ។ ប្រជា​កសិករ​និយាយ​ថា ពេល​នេះ​ទីផ្សារ​បន្លែ​ត្រសក់​កំពុង​ល្អ​ណាស់ ហើយ​កសិករ​ជា​ច្រើន​ដែល​បាន​បោះបង់​កន្លង​មក បាន​និង​កំពុង​ចាប់ផ្ដើម​ដាំ​ឡើង​វិញ តែ​កំពុង​ប្រឈម​នូវ​បញ្ហា​សំខាន់​២ គឺ​ការ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ និង​បញ្ហា​អាកាសធាតុ​ក្ដៅ ដែល​នាំ​ឲ្យ​ប៉ះពាល់​ផលដំណាំ ។ នេះ​ជា​ការ​បារម្ភ​បំផុត ដែល​អាច​ធ្វើ​ឲ្យ​កសិករ​បរាជ័យ​ក្នុង​ការ​ដាំ​ដុះ ៕