ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្អូនស្រី​ពៅ​៩​ថ្ងៃ​បងស្រី​កាន់​រូបថត​តាម​រក​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​បាន​បាត់​ខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​កន្លង​មក​ហើយ​មិន​មាន​ដំណឹង​សោះ មិនដឹង​ថា​នាង​ទៅ​ទីកន្លែង​ណា​ឡើយ ហើយ​ក្រុម​គ្រួ​សារបាន​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​បាន​បាត់​ខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​កន្លង​មក​ហើយ​មិន​មាន​ដំណឹង​សោះ មិនដឹង​ថា​នាង​ទៅ​ទីកន្លែង​ណា​ឡើយ ហើយ​ក្រុម​គ្រួ​សារបាន​សង្ស័យ​ថា មាន​ស្ត្រី​មេម៉ាយ​កូន​មួយម្នាក់​ជា​អ្នក​អូស​ទាញ​នាង​ឲ្យ​ចាក​ចេញពី​ស្រុក​កំណើត និង​លាក់​នាង​នៅ​កន្លែង​ណាមួយ ក្នុង​បំណង​អាក្រក់​។ បន្ទាប់​ពី​មានរឿង​បែប​នេះ ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​នាង បាន​កាន់​រូបថត​ទៅ​ដើរ​រក​នាង​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧​។

ក្មេង​ស្រី​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ ភឺន ស៊ី​យ៉ា អាយុ​១៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ ជ្រុ​យ ភឺន អាយុ​៦៣​ឆ្នាំ ម្ដាយ​ឈ្មោះ តោ យ៉ា អាយុ​៥៤​ឆ្នាំ និង​បងស្រី​ដែល​កាន់​រូបថត​តាម​រក​ប្អូនស្រី​នោះ​ឈ្មោះ ភឺន នាង អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ស្ត្រី​ជា​បង​បាន​និយាយ​ថា គាត់​មាន​បងប្អូន​៣​នាក់​គឺ​ប្រុស​ម្នាក់ និង​ស្រី​២​នាក់ ហើយ​ប្អូនស្រី​គាត់​ដែល​បាត់​ខ្លួន​នោះ​គឺជា​កូនពៅ​គេ និង​ទើប​ឈប់​រៀន​រយៈពេល​ឆ្នាំ​មុន​នេះ​។

ប៉ុន្តែ​ឪពុក​ម្ដាយ​ឲ្យ​នៅ​តែ​ផ្ទះ​ដាំបាយ​ហូប​តែ​ប៉ុណ្ណោះ​មិន​ដែល​ឲ្យ​នាង​ធ្វើការ​អ្វី​នឿយហត់​ឡើយ ប៉ុន្តែ​មិនដឹង​ថា​មាន​មូលហេតុ​អ្វី​ទើប​នាង​លួច​ចាក​ចេញពីផ្ទះ​បែប​នេះ​ឡើយ​។ នាង​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៧ ខែមេសា ៩​ថ្ងៃមុន​កន្លង​មកនេះ​គឺ​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​១​ថ្ងៃ ដោយ​ទៅ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​ទៅ​ជាមួយ​ផង​ដែរ​។ ខណៈនោះ​ក្រុម​គ្រួសារ​ស្មានថា​នាង​ជិះ​ម៉ូតូ​ដើរ​លេង​នៅ​ក្នុងភូមិ ហើយ​នៅ​វេលា​យប់​ថ្ងៃ​ដដែល​នោះ បាន​ខ​ល​រក​នាង​ត្រូវ​នាង​ប្រាប់​ថា​កំពុង​រាំ​ធុងបាស់​នៅ​ក្នុងភូមិ ហើយ​ក៏​បានឮ​សំឡេង​ធុងបាស​មែន ក្រោយមក​ក៏​បាន​បាត់​ហើយ​ខ​ល​លែង​ចូល​តែ​ម្ដង​រហូត​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​បាត់​ខ្លួន​ប្អូនស្រី​គាត់​ម្នាក់​នេះ​មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​បុរស​ណា​ម្នាក់​ទេ ហើយ​ក៏​មិន​ដែល​ទៅ​ណា​ដែរ​គឺ​នៅ​តែ​ផ្ទះ​ប៉ុណ្ណោះ​។ ការ​ចាក​ចេញពីផ្ទះ​របស់​ប្អូន​គាត់​សង្ស័យ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ស្ត្រី​មេម៉ាយ​កូន​មួយម្នាក់ ឈ្មោះ ម៉ី អាយុ​ជាង​២០​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ជា​អ្នក​អូស​ទាញ​ទៅ​ជាមួយ​។ ព្រោះ​ស្ត្រី​មេម៉ាយ​ឈ្មោះ ម៉ី នោះ​រួម​នឹង​ឪពុក​ម្ដាយ​របស់​គេ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​មែន ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ​នាង​ម្នាក់​នោះ បាន​ចាក​ចេញពីផ្ទះ​មក​ធ្វើការ​នៅ​ភ្នំពេញ​ហើយ​មិន​បានដឹង​ថា​ធ្វើ​អ្វី​នោះ​ឡើយ​។ ទើបតែ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​១​ខែ​ប៉ុណ្ណោះ​ដែល​ស្រី​មេម៉ាយ​ខាងលើ​ទៅ​ផ្ទះ ហើយ​នៅ​ពេល​ដែល​ប្អូនស្រី​គាត់​បាត់​ខ្លួន នាង​ម៉ី​នោះ​ក៏​បាន​បាត់​ខ្លួន​ដែរ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយមក​ក្រុម​គ្រួសារ​បាន​តាម​រក និង​ព្យាយាម​ខ​ល​រក​នាង​ជា​បន្តបន្ទាប់ ហើយ​ពេល​ខ​ល​ចូល​នាង​បាន​ប្រាប់​ថា​នាង​កំពុងធ្វើការ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ KTV ហេង​ហេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បន្ទាប់​ក៏​បាន​បិទ​ទូរស័ព្ទ​ខ​ល​លែង​ចូល ដោយ​មិនដឹង​ថា​មាន​អ្នក​បង្គាប់​ឲ្យ​បិទ​ឬ​បែ​ណា​នោះ​ទេ ហើយ​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ហាង​មួយ​នោះ ប៉ុន្តែ​អត់​បានឃើញ​នាង​ទេ​គឺ​ឃើញ​តែ​ម្ចាស់​ហាង​២​នាក់​ម្ដាយកូន​ប៉ុណ្ណោះ​។ ដោយ​អស់ជម្រើស​ក្នុង​ការ​តាម​រក ទើប​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ សុំ​ឲ្យ​នគរបាល​ជួយ​អន្តា​គម​ន៍​តែ​ម្ដង​៕